Powered by Blogger.

គាថាផ្សេងៗ​​ ​ VERSES

នត្តិ សន្តិ បរំ សុខំ ពុំមានសេចក្តីសុខណា ស្មើសេចក្តីស្ងាប់ឡើយ!.. សូមអោយសព្វសត្វទាំងអស់ បាននូវសេចក្តីសុខ!May all beings be well and happy!..

Saturday, August 30, 2014


មង្គល ៣៨ ប្រការ
១ ការមិនសេពគប់បុគ្គលពាល
កុំគប់មិត្ត ដែលពាល សណ្តានជួ
នឹងនាំតួ ស្អុយខូច ហិនអន្តរាយ
ទោះត្រឹមគិត សោគ្រោក ចិត្តខ្វល់ខ្វាយ
នឹងនាំកាយ ដល់ទុក្ខ សោកហ្មងសៅ។
ពាក្យចាស់លោកថា លក្ខណៈរបស់បុគ្គលពាលមាន៣យ៉ាងគឺ៖
 ១ គិតជួ គឺការមានចិត្តគិតចង់បានក្នុងផ្លូវទុច្ចរិត មានសេចក្តីព្យាបាទ និងមានមិច្ឆាទិដ្ឋិ គឺឃើញខុសជាត្រូវ។
២ និយាយជួ គឺជាសំដីដែលប្រកបដោយវចីទុច្ចរិតដូចជា និយាយមិនពិត និយាយចាក់ដោត និយាយគំរោះគំរើយ និងនិយាយផ្តេស
ផ្តាស។
៣ ប្រព្រឹត្តជួ គឺធ្វើអ្វីដែលប្រកបដោយកាយទុច្ចរិតដូចជា ការសម្លាប់សត្វ លួចឆក់ ឆបោក អនាចារ ប្រព្រឹត្តខុសក្នុងកាម។
 លក្ខណៈរបស់បុគ្គលពាល មានចំណុចគួរសង្កេតគឺ៖
 ១ ចូលចិត្តណែនាំទៅក្នុងផ្លូវដែលខុស ឬដែលមិនគួរណែនាំ ដូចជា ណែនាំឲ្យទៅលេងល្បែង ឲ្យទៅលួចឆក់ ឲ្យទៅសេពគ្រឿង
ញៀនស្រវឹង បបួលអំពើអនាចារជាដើម ទាំងនេះចាត់ទុកថាជាពាល។
២ ចូលចិត្តធ្វើនូវអ្វីដែលមិនមែនជាធុរៈរបស់ខ្លួន ដូចជា មិនធ្វើការងារតាមនាទីរបស់ខ្លួនឲ្យរៀបរយ តែបែជាចូលចិត្តកកូរកកាយលូក ដៃលូកជើងទៅក្នុងមុខនាទីការងារអ្នកដទៃ ឬចាំចាប់កំហុសមិត្តរួមការងារ ក្លែងរឿង ញុះញង់ និន្ទាឈ្នានិះគ្នាជាដើម។
៣ ចូលចិត្តធ្វើខុសដោយឃើញអ្វីខុសជារបស់ល្អ ដូចជា ការសេពគ្រឿងញៀនស្រវឹងជាវីរៈបុរស ឃើញមនុស្សស្មោះត្រង់ជាមនុស្ស
ល្ងង់ខ្លៅមិនចេះស៊ីតាមទឹក ចូលចិត្តទទួលសំណូក ទុច្ចរិតក្នុងមុខនាទី ឬជួយបក្សពួកឲ្យរួចពីកំហុសជាដើម។
៤ រមែងក្រោធខឹងពេលនិយាយដាស់តឿនក្រើនរំឭក ដូចជា ការដាស់តឿនក្រើនរំឭករឿងការដើរលេង ដាស់តឿនរឿងការផឹកស្រា ការត្រឡប់ចូលផ្ទះយប់អាធ្រាត ដាស់តឿនរឿងការសេពគប់មិត្តជាដើម មនុស្សពួកនេះនឹងខឹងក្រោធពេលបានទទួលការដាស់តឿន
ក្រើនរំឭកនិងមិនយកត្រចៀកស្តាប់ឡើយ។
៥ គ្មានរបៀបគ្មានវិន័យ ដូចជា មិនចូលជូរតាមលំដាប់បន្តបន្ទាប់ តែចូលចិត្តប្រជែងគេឯងទាំងមុខក្រាស់ បោះសំរាមក្នុងស្ទឹងក្នុងទន្លេ ឬតាមផ្លូវធ្វើដំណើរ មិនគោរពច្បាប់ស្រុកទេស ឬច្បាប់តំបន់ជាដើម។

២ ការសេពគប់បណ្ឌិត
គួរសេពគប់ បណ្ឌិត ជាមិត្តចុះ
នឹងមិនខុស ផុតទុក្ខ ស្ងប់សំរាន្ត
គំនិតល្អ លើសលប់ រិតសំខាន់
គួររាប់អាន គ្រប់ពេល រាល់វេលា។ 
បណ្ឌិតមានន័យដល់អ្នកទ្រង់នូវពុទ្ធិ មានប្រាជ្ញា មានសណ្តានចិត្តប្រពៃ និងមានការដំណើរជីវិតដែលត្រឹមត្រូវស្គាល់ល្អស្គាល់អាក្រក់
(មិនមែនជាមនុស្សដែលចប់បរិញ្ញាប័ត្រដោយន័យ) មានលក្ខណៈដូចតទៅគឺ៖ 
១ ជាមនុស្សគិតល្អ គឺការមិនគិតលោភ មិនព្យាបាទកាតទានអ្នកដទៃ ចេះឲ្យអភ័យ ជឿរឿងបាបបុណ្យគុណទោស ក្តីកតញ្ញូដឹង
គុណជាដើម។
២ ជាមនុស្សនិយាយល្អ គឺវចីសុចរិត និយាយពិតធ្វើពិត មិនកុហក មិននិយាយគំរោះគំរើយ ទ្រគោះបោះបោក និន្ទាឈ្នានិះ។
៣ ជាមនុស្សធ្វើល្អ គឺប្រកបអាជីពសុចរិត មានមេត្តា ធ្វើទានជាធម្មតានិស្ស័យ អាស្រ័យក្នុងសិលធម៌ ធ្វើសមាធិភាវនា។
លក្ខណៈរបស់បណ្ឌិត មានចំណុចគួរសង្កេតគឺ៖
១ ចូលចិត្តទាញនាំទៅក្នុងផ្លូវដែលល្អដែលគួរ ដូចជា ការទាញនាំឲ្យបញ្ឈប់នូវទង្វើដែលខុស ដាស់តឿនឲ្យធ្វើតែអំពើល្អ មានជាអាទិ៍ ឲ្យឈប់លេងល្បែងស៊ីសងជាដើម។
២ ចូលចិត្តធ្វើអ្វីដែលជាធុរៈរបស់ខ្លួន ដូចជា ការបំពេញមុខនាទីរបស់ខ្លួនឲ្យសំរេចដល់គោលដៅ និងចំណាយពេលវេលាដែលមាន
ឲ្យកើតប្រយាជន៍ មិនកកូរកកាយរឿងរបស់អ្នកដទៃ លើកលែងតែមានការសំណូមពរ។
៣ ចូលចិត្តធ្វើនិងណែនាំអ្វីដែលត្រូវអ្វីដែលគួរ ដូចជាការនិយាយស្តីនិងទង្វើត្រង់ទៅត្រង់មក ណែនាំការធ្វើទានដែលត្រឹមត្រូវ ធ្វើខ្លួន
ឲ្យជាប្រយាជន៍ដល់អ្នកដទៃ។
៤ ជាអ្នកស្តាប់ដ៏ល្អ មិនក្រោធខឹង ដូចជាពេលមានអ្នកមកចោទប្រកាន់ក៏មិនប្រកាន់ទោស ឬក្រោធខឹង ឬមានអំនួត តែនឹងទទួល  ស្តាប់ហើយនាំយកទៅពិចារណាដោយយុត្តិធម៌ ហើយនាំយកមកដោះស្រាយកែសម្រួល។
៣ ការបូជាបុគ្គលដែលគួរបូជា
គួរបូជា ត្រៃរតន៍ ខត្តិយាស
ជនវិសេស ដាក់ស្មើ លើសិរសា
គ្រូអាចារ្យ ចេតិយ ទីសក្ការ៍
ដោយបុប្ផា ប្រណិបត្តិ សុវត្ថិភាព។ 
ការបូជាគឺជាការសំដែងក្តីគោរពចំពោះបុគ្គលដែលជាទីគោរព កោតក្រែងនិងសទ្ធាដែលយើងមានចំពោះបុគ្គល
នោះ ការបូជាចែកចេញជា២យ៉ាងគឺ ៖
១ អាមិសបូជា គឺការបូជាដោយវត្ថុ ដូចជា ការនាំយកលុយទៅជូនឪពុកម្តាយទុកចាយវាយ ឬប្រគល់របស់ទ្រព្យជូនឪពុកម្តាយ ឬការ
នាំយកផ្កា ធូបទៀនទៅបូជាព្រះ ក៏ចាត់ទុកជាអាមិសបូជាជាដើម។
២ ប្រតិបត្តិបូជា គឺការបូជាដោយការចំរើនសមាធិភាវនា ការលត់ដំចិត្តកុំឲ្យពុះកញ្ជ្រោល ឃើញនូវការពិតក្នុងការដំណើរទៅនៃ
លោកជាដើម។
បុគ្គលដែលគួរបូជា មានដូចតទៅ ៖
១ ព្រះពុទ្ធជាអង្គម្ចាស់ជាមនុស្ស (ប្រហែលមិនចាំបាច់អធិប្បាយ)
២ ព្រះបច្ចេកពុទ្ធ មានន័យដល់ព្រះសង្ឃក្នុងពុទ្ធសាសនា
៣ ព្រះមហាក្សត្រយ៍ ដែលស្ថិតក្នុងទសពិតរាជធម៌
៤ មាតាបិតា
៥ គ្រូបាអាចារ្យ ដែលមានចំណេះដឹង មានសមត្ថភាព និងការប្រព្រឹត្តល្អ
៦ ឧបជ្ឈាយ៍ ឬអ្នកបង្គាប់បញ្ជាដែលមានការប្រព្រឹត្តល្អ ស្ថិតនៅក្នុងធម៌

៤ ការនៅក្នុងទីដ៏សមគួរ
ជាទីក្រុង វាលស្រែ ឬព្រៃជ្រៅ
ផ្លូវមកទៅ គ្រប់គ្រាន់ ធញ្ញាហារ
មានមនុស្សល្អ ចេះដឹង ពឹងរក្សា
ផុតភ័យា ពីពាល គួរនៅហោង។

ទីដ៏សមគួរ គួរប្រកបដោយបរិយាកាស៤យ៉ាង បានដល់ ៖
១ អាវាសជាទីសប្បាយ មានន័យដល់សប្បាយរួចទៅហើយ ដូចជាទីកន្លែងស្អាត ធ្វើដំណើរទៅមកងាយស្រួល អាកាសល្អ ជាប្រភព
ប្រជុំជន គ្មានប្រភពអបាយមុខជាដើម។
២ អាហារជាទីសប្បាយ មានន័យដល់អាហារស៊ីចុកសម្បូរណ៍ហូរហៀរ ដូចជាមានប្រភពអាហារដែលអាចទិញដូរបានដោយងាយ
ជាដើម។
៣ បុគ្គលជាទីសប្បាយ មានន័យដល់ទីដែលមានមនុស្សល្អ ចិត្តសណ្តោសប្រោសប្រណី ចេះអត់ឧិនឲ្យគ្នាទៅវិញទៅមក មានសិលធម៌ គ្មានចោរ គ្មានអ្នកលេង ឬនៅក្បែរប្រភពឥទ្ធិពលជាដើម។
៤ ធម្មៈជាទីសប្បាយ មានន័យដល់ទីដែលមានទីពឹងផ្នែកព្រះធម៌ មានទីស្តាប់ធម៌ ដូចជា មានវត្តវ៉ាអារាមនៅម្តុំនោះ មានសាលារៀន ឬប្រភពសិក្សាស្វែងរកចំណេះដឹងជាដើម។
៥ ធ្លាប់ធ្វើបុណ្យពីមុន
កុសលបុណ្យ ដែលអ្នក ធ្លាប់បានធ្វើ
ជាពន្លឺ ត្រចះ ដូចដួងខែ
ទាំងទ្រព្យយស មេត្រី ផលហូរហែរ
កម្មបានល្ហែរ ព្រោះបុណ្យ ប្រសើរក្រៃ។

មានឈ្មោះថាជាបុណ្យនោះ មានគុណ្យសម្បត្តិដូចតទៅនេះ គឺ ៖
១ ធ្វើឲ្យកាយ វាចា និងចិត្ត ស្អាតបាន។
២ នាំមកនូវសេចក្តីសុខ។
៣ តាមទៅជាមួយបាន មានន័យដល់បុណ្យនឹងទៅតាមជាប់ជាមួយខ្លួនយើងរហូតដល់ជាតិមុខទៀត។
៤ ជារបស់ផ្ទាល់ខ្លួន មានន័យដល់សុំខ្ចី ឬបែងចែកឲ្យគ្នាមិនបានទេ អ្នកណាធ្វើ អ្នកនោះទទួល។
៥ ជាប្រភពដែលបានមកនូវភោគទ្រព្យទាំងឡាយ គឺថាផលរបស់បុណ្យនឹងបណ្តាលឲ្យកើតឡើងខ្លួនឯងមិនចាំបាច់សង្ឃឹមផល។
៦ ឲ្យមនុស្សសម្បត្តិ ទិព្វសម្បត្តិ និងនិពាន្តសម្បត្តិដល់យើងបាន មានន័យដល់ភាពសម្បូរណ៍ហូរហៀរតាំងតែផ្នែកលោក រហូតដល់និពាន្តតែម្តង។
៧ ជាបច្ច័យឲ្យដល់នូវនិពាន្ត ក៏គឺជាបច្ច័យក្នុងការគាំទ្រឲ្យសំរេចដល់និពាន្តបានកាន់តែឆាប់ពេលប្រតិបត្តិ។
៨ ជាក្រោះការពារភ័យក្នុងវដ្តសង្សារ មានន័យដល់វដ្តចក្រការកើត ចាស់ ឈឺ ស្លាប់ ឬដែលហៅថាវិលកើតវិលស្លាប់នោះ បុណ្យនឹងឃុំគ្រងឲ្យអ្នកនោះកើតក្នុងទីល្អ រស់នៅយ៉ាងមានសេចក្តីសុខឬស្លាប់ដោយមិនវេទនា អាស្រ័យកម្លាំងបុណ្យដែលសន្សំសាងមក។
ការធ្វើបុណ្យនោះមានច្រើនវិធី តែអាចសរុបដោយសង្ខេបខ្លីៗដូចតទៅគឺ ៖
១ ការធ្វើទាន
២ ការរក្សាសិល
៣ ការចំរើនភាវនា

៦ ការតាំងខ្លួនក្នុងផ្លូវត្រូវ
ចូរតាំងខ្លួន កាយចិត្ត ក្នុងផ្លូវត្រូវ
បណ្តុះនូវ សម្បទា សមចរិយា
ពេលអាត្ម័ន នៅមាន គេស្នេហា
គួររក្សា ក្តីល្អ គ្រប់វេលា។
មានន័យដល់ការដំណើរជីវិតយ៉ាងមានគោលដៅ ដោយភាពត្រឹមត្រូវនិងសុចរិត ស្ថិតក្នុងសម្មាអាជីព មានផែនការនឹងទៅឲ្យដល់
គោលដៅនោះដោយក្តីមិនប្រមាថ មានការត្រៀមការជាមុន និងមានក្តីអត់ធនមិនបោះបង់ចោលការកណ្តាលទី។

៧ ភាពជាពហូសូត
ការយកចិត្ត ស្វែងយល់ រកចំណេះ
ជាអ្នកចេះ ខំរៀន ញៀនសិក្សា
មានសិលល្អ សតិមាំ កើតបញ្ញា
នាំអាត្មា ផុតគ្រោះហ៍ អស់ទុក្ខភ័យ។

គឺជាអ្នកដែលស្តាប់ច្រើន រៀនសូត្រច្រើន ជាអ្នកចេះដឹង ដោយមានលក្ខណៈដូចតទៅនេះ ៖
១ ដឹងដោយអារម្មណ៍ គឺកាដឹងនូវអ្វីទាំងនោះ រឿងទាំងនោះ យ៉ាងម៉ដ្ឋចត់គ្រប់ជ្រុងគ្រប់ជ្រោយ យ៉ាងមានហេតុផល ដឹងពីមូលហេតុ
រហូតហៅថាភាពជំនាញ។
២ ដឹងជុំវិញ គឺការស្គាល់ដោយការសង្កេតនូវអ្វីៗទាំងឡាយជុំវិញខ្លួន ដូចជាហេតុការណ៍ជុំវិញជាដើម។
៣ ដឹងទូលាយ គឺការដឹងនូវអ្វីប្រហាក់ប្រហែលរឿងទាំងនោះដែលទាក់ទិនគ្នា ពាក់ព័ន្ធគ្នាជាដើម។
៤ ដឹងឆ្ងាយ គឺការសិក្សាពីភាពអាចទៅរួច ផលក្នុងអនាគតជាដើម។
បើចង់ក្លាយជាពហូសូត ក៏គួរត្រូវមានគុណសម្បត្តិដូចពោលតទៅនេះ ៖
១ ការតាំងចិត្តស្តាប់ ក៏គឺចូលចិត្តស្តាប់ ចូលចិត្តអានស្វែងរកចំណេះដឹង និងចូលចិត្តស្រាវជ្រាវជាដើម។
២ ការតាំងចិត្តចាំ គឺដឹងពីវិធីចាំ ដោយតាំងចិត្តអានឬស្តាប់នូវអ្វីទាំងនោះ និងចាប់ន័យឲ្យបាន។
៣ ការតាំងចិត្តទន្ទេញ ក៏គឺទន្ទេញឲ្យដឹងដោយស្វ័យប្រវត្តិ មិនភ្លេចនូវអ្វីដែលជាសារៈសំខាន់។
៤ ការតាំងចិត្តពិចារណា ក៏គឺការចេះពិចារណា ថ្លឹងថ្លែងនូវអ្វីទាំងនោះយ៉ាងគ្រប់ជ្រុងជ្រោយ។
៥ ការយល់នូវបញ្ហា ក៏គឺការដឹងយ៉ាងច្បាស់លាស់ពីបញ្ហាពិតប្រាកដដោយបញ្ញា។

៨ ការយល់ដឹងនូវសិល្បៈ
សិល្បៈ ទាក់ទាញ ជាអាជីព
គួរប្រញាប់ រៀនដឹង លើកសិរី
មានអ្នកខ្លះ ធ្លាប់ក្រ ក្លាយសេដ្ឋី
ឆ្លាតវៃ ដោយសិល្បៈ ចិញ្ចឹមពោះ។ 
សិល្បៈ គឺអ្វីដែលបង្ហាញចេញនូវភាពស្រស់ស្អាតនិងមានសុន្ទ្រីយ៍ភាព ដែលលក្ខណៈរបស់វាមានដូចតទៅនេះ ៖
១ មានភាពប្រណិត។
២ ធ្វើឲ្យរបស់មើលទៅមានតម្លៃខ្លាំងឡើង។
៣ ធ្វើឲ្យកើតមានគំនិតឆ្នៃប្រឌិត។
៤ មិនធ្វើឲ្យកាមកំរើក។
៥ មិនធ្វើឲ្យកើតការព្យាបាទ។
៦ មិនធ្វើឲ្យកើតការបៀតបៀន
បើលោកអ្នកចង់ក្លាយជាអ្នកមានសិល្បៈ គួរត្រូវហ្វឹកហាត់ឲ្យមានគុណសម្បត្តិទាំងនេះទុកនៅក្នុងខ្លួនគឺ ៖
១ មានសទ្ធាក្នុងភាពស្រស់ស្រាយរបស់វត្ថុទាំងឡាយ។
២ ព្យាយាមសង្កេតពិចារណា។
៣ មានភាពប្រណិត អារម្មណ៍ល្អិតល្អន់។
៤ ជាមនុស្សសុខុម មានគំនិតឆ្នៃប្រឌិត។

៩ មានវិន័យល្អ
វិន័យល្អ ករបៀប រៀបសង្គម
មនុស្សតូចធំ សោមនស្ស ពេកក្រៃណា
វិន័យសាង បញ្ជាក់ច្បាស់ កើនសទ្ធា
ព្រោះរក្សា កត្តិកា បានត្រឹមត្រង់។ 
វិន័យ ក៏គឺសេចក្តីកំណត់ សេចក្តីបង្គាប់ ច្បាប់ទម្លាប់ដើម្បីគ្រប់គ្រងឲ្យមានរបៀបរៀបរយនោះឯង មានទាំងវិន័យរបស់សង្ឃនិងឃរាវាស
ទូទៅ។ វិន័យសំរាប់សង្ឃនោះមាន៧យ៉ាងឬហៅថាអនាគារិយវិន័យ ចំណែករបស់បុគ្គលឬគ្រហស្ថទូទៅវិញក៏មាន១០យ៉ាងដែរគឺ ការ
វៀរចាកអកុសលកម្ម១០ប្រការ ។
 អនាគារិយវិន័យរបស់ព្រះសង្ឃមានដូចតទៅ ៖
 ១ បាដិមោក្ខសំវរ គឺការស្ថិតក្នុងសិលទាំងអស់ ២២៧ ខ ការខុសសិលខណាមួយ ក៏ចាត់ទុកមានទោស អាស្រ័យលើភាពធ្ងន់ស្រាល
រៀងតាមលំដាប់តាំងតែ បារាជិក សង្ឃាទិសេស បាចិត្តិយ បាដិទេសនីយ ថុល្លច្ច័យ ទុក្កដ និង ទុព្ភាសិត ជាដើម (ន័យរបស់ពាក្យនិមួយៗនោះត្រូវអធិប្បាយច្រើន មិនបាច់ពោលនៅក្នុងទីនេះទេ) ។
 ២ ឥន្ទ្រីយ៍សំវរ គឺការសង្រួមអាយត្តនៈទាំង៥ និងកាយ វាចា ចិត្ត ឲ្យស្ថិតក្នុងគន្លងដោយកុំទៅភ្លើតភ្លើនស្អិតជាប់នឹងអ្វីដែលមក
សម្ផស្សទាំងនោះ។
 ៣ អាជីវបារិសុទ្ធិសំវរ គឺការរកចិញ្ចឹមជីវិតក្នុងផ្លូវត្រូវ នោះក៏គឺការចេញបិណ្ឌបាត្រ មិនបានទាមទាររៃអង្គាស ឬត្រាចើសុំលុយពីអ្នកស្រុក ដើម្បីភាពសម្បូរណ៍សប្បាយរបស់ខ្លួនឯង។
 ៤ បច្ច័យបច្ចវេក្ខណៈ គឺការពិចារណាក្នុងអ្វីទាំងឡាយដល់គុណប្រយោជន៍ជាប្រាកដនូវអ្វីទាំងនោះ ដោយប្រើដើម្បីបរិភោគ ដើម្បី
ប្រយោជន៍ ភាពរួចរស់ និងការដំណើរទៅរបស់ជីវិតប៉ុណ្ណោះ។
 វិន័យសំរាប់ឃរាវាសឬបុគ្គលទូទៅ ហៅថា អគារិយវិន័យ មានដូចតទៅនេះ (អកុសលកម្មបថ ១០ប្រការ) ៖
 ១ មិនសម្លាប់ជីវិត មនុស្សឬសត្វ មិនថាតូចឬធំ។
២ មិនលួចទ្រព្យ បន្លំលុយ របស់របរមកធ្វើជារបស់ខ្លួន។
៣ មិនប្រព្រឹត្តខុសក្នុងកាម ខុសកូនខុសប្រពន្ធ រំលោភអនាចារ។
៤ មិននិយាយកុហក បោកប្រាសឲ្យលង់ជឿ ឬបញ្ចុះបញ្ចូល។
៥ មិននិយាយចាក់ដោត និន្ទាឈ្នានិះ ញុះញង់ឲ្យគេបែកបាក់គ្នា។
៦ មិននិយាយគំរោះគំរើយ ធ្វើឲ្យទើសត្រចៀកអ្នកដទៃ។
៧ មិននិយាយស្តីឥតប្រយោជន៍ ឬដែលហៅថានិយាយស្តីផ្តេសផ្តាសគ្មានសារៈ ហេតុផល ឬប្រយោជន៍នោះ។
៨ មិនលោភចង់បានរបស់គេ គឺមានគំនិតចង់យករបស់អ្នកដទៃមកធ្វើជារបស់ខ្លួន។
៩ មិនគិតប្រទូស្ត ចិញ្ចឹមចិត្តឈឺចាប់ ចងអាឃាដ បំណងអាក្រក់លើអ្នកដទៃ។
១០ មិនឃើញខុសជាត្រូវ ដូចជា ឃើញថាឪពុកម្តាយមិនសំខាន់ បុណ្យឬកម្មមិនមានពិតជាដើម។

១០ ពោលវាចាដែលជាសុភាសិត
ថ្លែងវចី សច្ចៈ ពាក្យបីបម
បំពេរថ្នម ពិរោះ កាលសមរម្យ
ផ្តល់ប្រយោជន៍ មេត្តា ថ្លៃនិយម
សុខអារម្មណ៍ អ្នកស្តាប់ សំនៀងមាស។

ពាក្យថាវាចាដែលជាសុភាសិតក្នុងទីនេះមិនមែនមានន័យត្រូវតែជាកំណាព្យកាព្យឃ្លោង ពាក្យស្លោកស៊ីជម្រៅប៉ុណ្ណោះទេ តែរួមដល់
ពាក្យសំដីដែលល្អ មានប្រយោជន៍ចំពោះអ្នកស្តាប់ អាចសរុបថាប្រកបដោយលក្ខណៈដូចតទៅនេះ  ៖
១ ត្រូវជាពាក្យពិត គឺទិន្នន័យត្រឹមត្រូវ មានភស្តុតាងសំអាងបាន មិនបានប្រឌិតតែងឡើងយកមកនិយាយនោះឡើយ ។
២ ត្រូវជាពាក្យសុភាព គឺនិយាយដោយភាសាដែលសុភាព មានភាពពិរោះក្នុងពាក្យពេចន៍ គ្មានពាក្យគំរោះគំរើយ ឬពាក្យជេរប្រទិច។
៣ និយាយទៅមានប្រយោជន៍ គឺមានប្រយោជន៍ចំពោះអ្នកស្តាប់ប្រសិនបើយកទៅគិត ឬប្រតិបត្តិក្នុងផ្លូវស្ថាបនា។
៤ និយាយដោយចិត្តដែលមានមេត្តា គឺនិយាយដោយចិត្តដែលមានក្តីប្រាថ្នាល្អដល់អ្នកស្តាប់ មានភក្តីចិត្តចំពោះអ្នកស្តាប់។
៥ និយាយត្រូវកាលៈទេសៈ គឺនិយាយក្នុងទីកន្លែងដែលសមរម្យ និងក្នុងពេលដែលសមរម្យ ដោយភាពសមរម្យនឹងមានច្រើនតិចដូច
ម្តេចនោះ អាស្រ័យលើរឿងដែលត្រូវនិយាយ។

១១ ការទំនុកបំរុងមាតាបីតា
អ្នកដែលរក លំបាក ខ្លាំងណាស់នោះ
ក៏ដោយព្រោះ លើលោកនេះ មានត្រឹមពីរ
គឺម៉ែឪ  អ្នកមានគុណ លើជីវី
កូនត្រូវតែ តបគុណលោក បានបុណ្យខ្លាំង។ 
ពាក្យចាស់លោកថា ឪពុកម្តាយនោះប្រៀបបានទាំងគ្រូរបស់កូន ទេវតារបស់កូន ព្រហ្មរបស់កូន និងជាអរហន្ត
របស់កូន ន័យដោយពិស្តារមានដូចតទៅនេះគឺ ៖
ដែលថាជាគ្រូរបស់កូន ព្រោះថាលោកបានចាំអប់រំប្រៀនប្រដៅកូន ជាមនុស្សដំបូងគេបង្អស់នៅក្នុងលោក។
ដែលថាជាទេវតារបស់កូន ព្រោះថាលោករង់ចាំការពារ ឃុំគ្រង ចិញ្ចឹមបីបាច់ ថ្នាក់ថ្នម មកតាំងពីតូចក្រូចឆ្មារ ថែទាំឲ្យធំធាត់យ៉ាងល្អ
មិនឲ្យកើតអន្តរាយដល់កូនក្នុងគ្រប់ជ្រុង។
ដែលថាជាព្រហ្មរបស់កូន ព្រោះថាលោកមានព្រហ្មវិហារ ៤ នោះក៏គឺ មានមេត្តា មានន័យដល់ក្តីអាណិតស្រឡាញ់ ក្តីប្រាថ្នាល្អ
ចំពោះកូននៅគ្រប់ៗជ្រុង មិនមានទីបំផុត។ មានករុណា មានន័យផ្តល់ក្តីករុណាចំពោះកូន កូនចង់បានអ្វីក៏រកមកឲ្យកូន ឲ្យការសិក្សា
រៀនសូត្រ ឧបត្ថម្ភតាមអ្វីដែលអាចឲ្យបាន ។ មានមុទិតា មានន័យដល់សេចក្តីស្រឡាញ់ដែលសុខចិត្តលះបង់សូម្បីជីវិតរបស់ខ្លួនឯង
ដើម្បីកូន សុខចិត្តលះបង់បានគ្រប់យ៉ាង និងមានឧបេក្ខា មានន័យដល់ការតាំងចិត្តជាកណ្តាល ចិត្តព្រងើយកន្តើយ មិនប្រកាន់ក្រោធ
ខឹងពេលកូនប្រមាថ រពឹស ធ្វើខុសឆ្គងដោយក្តីមិនដឹងឬព្រោះការមិនដឹងនោះ។
 ដែលថាជាអរហន្តរបស់កូន ព្រោះថាលោកមានគុណធម៌ ៤ ប្រការ បានដល់៖
 ជាអ្នកមានឧប្បការគុណចំពោះកូន គឺឧប្បការៈចិញ្ចឹមថែដោយក្តីនឿយលំបាក ទម្រាំបានធំធាត់ពេញវ័យ ។
 ជាអ្នកមានព្រះតេជព្រះគុណចំពោះកូន គឺផ្តល់ក្តីកក់ក្តៅចិញ្ចឹមបីបាច់ ការពារពីភ័យន្តរាយផ្សេងៗទាំងឡាយទាំងពួង ។
 ជាស្រែបុណ្យរបស់កូន គឺកូនជាចំណែកមួយនៃកម្មល្អដែលឪពុកម្តាយបានធ្វើទុកឲ្យ និងជាអ្នកទទួលផលបុណ្យដែលឪពុកម្តាយ
បានសាងទុករួចមកហើយ ជាផ្លូវកាត់ត្រង់មិនបាច់ដើរវាង។
 ជាអាហុនេយ្យបុគ្គល គឺបីដូចជាព្រះដែលគួរដល់ការគោរពប្រណិបត្តិនិងទទួលរបស់បូជា ដើម្បីជាទីសក្ការៈជាគំរូ។
 ការតបស្នងព្រះគុណមាតាបិតា លោកអ្នកធ្វើបានដូចតទៅនេះ ៖
 រវាងពេលលោកនៅមានជីវិត ក៏ចិញ្ចឹមបីបាច់លោកជាការតបស្នង ជួយជ្រោមជ្រែងជាធុរៈរឿងការងារឲ្យលោក បន្តតំណរវង្សត្រកូល
មិនឲ្យអាប់ឧិន រួមទាំងប្រព្រឹត្តខ្លួនឲ្យគួរដល់ការជាអ្នកបន្តវេនមរតកពីគាត់ លុះពេលលោកធ្វើមរណៈកាលទៅ ក៏ធ្វើបុណ្យឧទ្ទិស
កុសលជូនលោក ចំណែកឯការជាកូនកតញ្ញូចំពោះឪពុកម្តាយក្នុងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់ លោកពោលទុកដូចតទៅ
នេះ ៖
 ១ បើលោកនៅមិនទាន់មានសទ្ធា ធ្វើឲ្យលោកដល់ព្រមដោយសទ្ធា គឺព្យាយាមឲ្យលោកមានក្តីសទ្ធាក្នុងព្រះពុទ្ធសាសនា ជឿក្នុងរឿង
ការធ្វើល្អ។
 ២ បើលោកនៅមិនទាន់មានសិល ឲ្យលោកដល់ព្រមដោយសិល គឺព្យាយាមឲ្យលោកជាអ្នករក្សាសិល ៥ ឲ្យបាន។
 ៣ បើលោកជាមនុស្សកំណាញ់ ឲ្យលោកដល់ព្រមដោយការឲ្យទាន គឺព្យាយាមឲ្យលោកស្គាល់ការឲ្យដោយមេត្តា ដោយមិនរំពឹង
ផលតបស្នង។
 ៤ បើលោកនៅមិនធ្វើសមាធិភាវនា ឲ្យលោកដល់ព្រមដោយបញ្ញា គឺព្យាយាមឲ្យលោកហាត់អង្គុយធ្វើសមាធិភាវនាឲ្យបាន។

១២ ការសង្រ្គោះបុត្រ
ជាមាតា បិតា មានមុខងារ
ឲ្យកូនភ្ងារ បានពំនាក់ ស្នាក់គត់មត់
ផ្ចុងផ្តើមបុត្រ ធីតាខ្លួន កុំឲ្យក្សត់
រស់ដោយភ័ព្វ បានស្ងប់ចិត្ត តពូជពង្ស។
 ពាក្យថាបុត្រនោះ មាន៣ប្រភេទ បានដល់ ៖
១ អភិជាតិបុត្រ គឺបុត្រដែលមានអំពើល្អ គុណធម៌ និងសមត្ថភាពលើសមាតាបិតា។
២ អនុជាតបុត្រ គឺបុត្រដែលមានអំពើល្អ គុណធម៌ និងសមត្ថភាពស្មើមាតាបិតា។
៣ អវជាតបុត្រ គឺបុត្រដែលមានអំពើល្អ គុណធម៌ និងសមត្ថភាពទាបជាងមាតាបិតា។
ការដែលយើងជាឪពុក ជាម្តាយរបស់បុត្រនោះ មាននាទីដែលត្រូវឲ្យទៅកូនរបស់យើងគឺ ៖
១ ហាមមិនឲ្យធ្វើអំពើអា្រក់។
២ បណ្តុះផ្សាំ គាំទ្រឲ្យធ្វើអំពើល្អ។
៣ ផ្តល់ការសិក្សាស្វែងរកចំណេះដឹង។
៤ ឲ្យបានគូរគ្រងដែលល្អ (ប្រើបទពិសោធន៍របស់យើងឲ្យការពិភាក្សាដល់កូន ជួយមើលឲ្យ)។
៥ ប្រគល់ទ្រព្យឲ្យក្នុងឧិកាសដ៏គួរ (ការធ្វើមរតកសាសន៍ ក៏ចាត់ទុកថាជាទង្វើត្រឹមត្រូវដែរ)។

១៣ ការសង្រ្គោះភរិយា
មានគូគ្រង មិនត្រូវធ្វើ ឲ្យគ្រាំចិត្ត
ការក្បត់ផិត នាំមួរហ្មង ទ្រូងធ្លុះធ្លាយ
ត្រូវសង្គ្រោះ ចិត្តផងគ្នា ទើបសប្បាយ
ស្នេហ៍វែងឆ្ងាយ ជាគូគាប់ លុះថ្ងៃស្លាប់។

នៅពេលនិយាយដល់រឿងអ្នកដែលមកជាគូគ្រងរបស់បុរស ឬដែលហៅថានឹងមកជាភរិយានោះ ក្នុងលោកនេះ
លោកបែងលក្ខណៈរបស់ភរិយាចេញជា ៧ ប្រភេទ បានដល់ ៖
១ វធភរិយា មានន័យដល់ភរិយាស្មើដោយពេជ្រឃាត ជាពួកដែលមានចិត្តគិតមិនល្អ ចូលចិត្តប្រព្រឹត្តរឿងអាក្រក់ ចូលចិត្តជេរប្រទិចផ្តាសារ គិតសម្លាប់ស្វាមី ឬមានសហាយជាមួយប្រុសផ្សេង។
២ ចោរីភរិយា មានន័យដល់ភរិយាស្មើដោយចោរ ជាមនុស្សបំផ្លិចបំផ្លាញ សាងតែបំណុល រកបានមកប៉ុន្មានក៏ពុំគ្រប់ ឬយករឿងក្នុងផ្ទះទៅបកអាក្រាតឲ្យអ្នកក្រៅដឹងឮ ធ្វើឲ្យអាប់ឧិនកេរ្តី៍ឈ្មោះ។
៣ អយ្យាភរិយា មានន័យដល់ភរិយាស្មើដោយនាយ ជាមនុស្សចូលចិត្តគំរាមស្វាមីឲ្យស្ថិតក្នុងអំណាច មិនផ្តល់កិត្តិយសស្វាមី ពេលនៅមុខអ្នកដទៃ ចូលចិត្តបញ្ជាការ ឬស្រេចតែចិត្តខ្លួនឯង ឃើញស្វាមីជាមនុស្សអសមត្ថភាព តែខ្លួនឯងជាអ្នកនាំ។
៤ មាតាភរិយា មានន័យដល់ភរិយាស្មើដោយម្តាយ គឺអ្នកដែលមានសេចក្តីស្រឡាញ់ដល់ស្វាមីយ៉ាងលើសលប់ មិនដែលបោះបង់ចោល សូម្បីតែពេលមានទុក្ខលំបាក ឈឺថ្កាត់ មិនធ្វើឲ្យមានរឿងរំជួលចិត្ត។
៥ ភគិនីភរិយា មានន័យដល់ភរិយាស្មើដោយប្អូនស្រី គឺអ្នកដែលមានក្តីគោរពចំពោះស្វាមីក្នុងឋានៈជាម្ចាស់ផ្ទះ តែទាស់ចិត្តគ្នាខ្លះតាមនិស្ស័យអ្នកជិតស្និតគ្នារួចហើយក៏ឲ្យអភ័យដល់គ្នា ដោយមិនគិតព្យាបាទ ដើរតាមគន្លងរបស់ស្វាមី ត្រូវពឹងពាក់ស្វាមី។
៦ សខីភរិយា មានន័យដល់ភរិយាស្មើដោយមិត្ត ទាំងអស់គ្នាក៏មានអ្វីដែលដូចគ្នា សមត្ថភាពប្រហាក់ប្រហែលគ្នា មិនចាំបាច់ត្រូវពឹងពាក់គ្នា មិនសូវចុះញ៉មគ្នា ជាម្ចាស់ការលើខ្លួនឯងតែក៏ស្រឡាញ់គ្នានិងជួយជ្រោមជ្រែងគ្នាដោយម្ខាងៗបំពេញមុខនាទីរបស់ខ្លួនឯងរៀងៗខ្លួន។
៧ ទាសីភរិយា មានន័យដល់ភរិយាស្មើដោយខ្ញុំបំរើ គឺភរិយាដែលស្ថិតក្រោមការបង្គាប់បញ្ជារបស់ស្វាមីដោយគ្មានការប្រកែកប្រណាំង ស្វាមីជាអ្នកចិញ្ចឹមបីបាច់ បញ្ជាអ្វីធ្វើនោះ សូម្បីមិនយល់ស្របក៏មិនបញ្ចេញយោបល់ អត់ធន់ធ្វើការងារតាមនាទីតាមតែស្វាមីបញ្ជា ទោះបីត្រូវស្តីបន្ទោស វាយដំច្រំធាក់ក៏នៅស៊ូទ្រាំបានដោយមិនរវល់តបត។  
លោកថាមនុស្សដែលនឹងមកជាស្វាមី ភរិយា បានល្អ ឬគូព្រេងគូព្រឹទ្ធនោះ គួរត្រូវមានគុណសម្បត្តិដូចតទៅនេះ ៖
១ សមសទ្ធា គឺមានសទ្ធាស្មើគ្នា
២ សមសិលា គឺមានសិលស្មើគ្នា
៣ សមចាគៈ គឺមានការលះបង់ដូចគ្នា
៤ សមបញ្ញា គឺមានបញ្ញាស្មើគ្នា
ពេលបានរៀបការហើយ ភាគីនិមួយៗមាននាទីដែលត្រូវធ្វើដូចតទៅនេះ ៖
ស្វាមីមាននាទីចំពោះភរិយាដូចតទៅ ៖
១ លើកសរសើរគោរពថាជាភរិយា គឺការណែនាំជាចំហរថាជាភរិយា មិនលាក់បាំងជាមួយអ្នកដទៃ និងឲ្យកិត្តិយសភរិយាក្នុងការ    សំរេចចិត្តរឿងផ្សេងៗផង។
២ មិនមើលងាយមើលថោក គឺមិនមើលស្រាលភរិយាពេលធ្វើអ្វីមិនកើត ធ្វើអ្វីមិនត្រូវ ឬពូជពង្សវង្សត្រកូល ការសិក្សាទាបតូចជាងខ្លួន តែត្រូវផ្តល់ការបង្ហាត់បង្ហាញឲ្យ។
៣ មិនប្រព្រឹត្តក្បត់ចិត្តភរិយា គឺការមិនទៅមានប្រពន្ធចុងនៅក្រៅផ្ទះ ឬដើរលេងប៉ោឡែរកសេចក្តីសប្បាយជាមួយស្រីផ្កាមាស។
៤ ប្រគល់ភាពជាធំឲ្យនៅក្នុងផ្ទះ គឺការប្រគល់ធុរៈខាងផ្ទះសម្បែងឲ្យភរិយាចាត់ការ ទទួលស្តាប់និងធ្វើតាមគំនិតរបស់ភរិយាទាក់ទិន
រឿងក្នុងផ្ទះ។
៥ ផ្តល់គ្រឿងតែងខ្លួន គឺផ្តល់សេចក្តីសុខដល់ភរិយារឿងការតែងខ្លួនឲ្យសមល្មម ព្រោះស្រ្តីជាអ្នកស្រឡាញ់ស្រឡាញ់សម្រស់ស្រឡាញ់ស្អាតដោយធម្មជាតិ ។
ភាគីភរិយាក៏មាននាទីដែលត្រូវតបស្នងទៅស្វាមីវិញដែរគឺ ៖
១ ចាត់ចែងការងារល្អ គឺការងារផ្ទះសម្បែងមិនត្រូវឲ្យមានខ្វះចន្លោះ មើលថែផ្នែកស្អាតបាត ទំនុកបំរុងរក្សាផ្នែកភោជនាការ ឲ្យរៀបរយល្អ។
២ សង្រ្គោះញាតិស្វាមីល្អ គឺឲ្យផ្តល់ការឧបត្ថម្ភជ្រោមជ្រែងញាតិភាគីស្វាមី តាមកម្លាំងដែលខ្លួនអាចធ្វើបាន មិនមែនមានន័យដល់រឿងទ្រព្យសម្បត្តិមាសប្រាក់តែម៉្យាងនោះទេ ។
៣ មិនប្រព្រឹត្តក្បត់ចិត្តស្វាមី គឺមិនមានសាហាយ ឬបែងចិត្តឲ្យទៅប្រុសផ្សេង ស្មោះត្រង់ចំពោះស្វាមីតែម្នាក់។
៤ រក្សាទ្រព្យឲ្យបានល្អ គឺចេះថែរក្សាទ្រព្យសម្បត្តិទុកមិនឲ្យអស់ទៅដោយក្តីខ្ជះខ្ជាយ តែក៏មិនដល់ថ្នាក់កំណាញ់ម៉ៅស្វិត។
៥ ឧស្សាហ៍ធ្វើការងារ គឺមិនខ្ជិលច្រអូសគិតតែចេញទៅបុណ្យទាន ដេក ស៊ី ឬដើរលេងតែម៉្យាងនោះទេ ត្រូវធ្វើការផ្ទះផង។

១៤ ការមិនបោះបង់ចោលការងារកណ្តាលទី
ចូរធ្វើការ ណាមួយ ដោយតាំងចិត្ត
កុំបើគិត ទុកចោល កណ្តាលការ
ត្រូវរូតរះ ខ្នះខ្នែង ដោយពុះពារ
ធ្វើយ៉ាងណា ឲ្យហើយ សំរេចផល។
 ដើមហេតុដែលធ្វើឲ្យការងារមិនសំរេចបានដល់ទីដៅនោះ សរុបមូលហេតុបានព្រោះថា ៖
១ ធ្វើការមិនត្រូវកាល
២ ធ្វើការមិនត្រូវវិធី
៣ មិនព្រមធ្វើការ
គោលការធ្វើការងារឲ្យសំរេចផលមានដូចតទៅនេះ ៖
១ ឆន្ទៈ គឺមានក្តីពេញចិត្តក្នុងការងារដែលធ្វើ។
២ វិរិយៈ គឺមានក្តីតាំងចិត្ត ព្យាយាមក្នុងការងារដែលធ្វើ។
៣ ចិត្ត គឺមានការយកចិត្តទុកដាក់ក្នុងការងារដែលធ្វើ។
៤ វិមំសា គឺការមានការពិចារណាល្អិតល្អន់នូវការងារនោះៗ។ 

១៥ ការឲ្យទាន
គួរបំពេញ នូវទាន គឺការឲ្យ
លោកពោលហើយ ស្រស់ល្អ បីសណ្ឋាន
មួយរបស់ ពីរធម៌ ឈ្នះមារសាមាន្យ
អភ័យទាន ទីបី ប្រពៃណាស់។
ការឲ្យទាន គឺការឲ្យដែលមិនសង្ឃឹមផលតបស្នងមកវិញ មានន័យឲ្យដល់អ្នកទទួលបានរួចផុតពីទុក្ខ បែងចេញ
ជា៣យ៉ាង បានដល់ ៖
១ អាមិសទាន គឺការឲ្យវត្ថុ របស់របរ ឬលុយកាក់ជាទាន។
២ ធម្មទាន គឺការបង្ហាត់បង្ហាញឲ្យធម៌ជាចំណេះដឹង ជាទាន។
៣ អភ័យទាន គឺការឲ្យអភ័យក្នុងអ្វីដែលអ្នកដទៃធ្វើមិនល្អមកលើយើង មិនចងពៀរ ឬព្យាបាទគ្នា។
ការឲ្យទានដែលចាតទុកជាអំពើល្អនិងបានបុណ្យច្រើននោះ ប្រកបដោយបច្ច័យ៣ប្រការ បានដល់៖
១ វត្ថុបរិសុទ្ធ គឺជារបស់បានមកដោយសុច្ចរិត មិនបានមកដោយការកេងប្រវ័ញ្ច លួចបន្លំ ឬបានមកដោយវិធីបំភាន់ភ្នែក។
២ ចេតនាបរិសុទ្ធ គឺមានចិត្តស្វាគមន៍ ជ្រះថ្លារីករាយ គ្មានអារម្មណ៍ស្តាយស្រណោះនូវអ្វីដែលឲ្យ តាំងពីមុនឲ្យ ក្នុងពេលឲ្យ និងក្រោយពេលឲ្យ។
៣ បុគ្គលបរិសុទ្ធ គឺឲ្យទៅអ្នកទទួលដែលមានសិលធម៌ ខ្លួនអ្នកឲ្យផ្ទាល់ក៏ត្រូវមានសិលដែលបរិសុទ្ធ។
ការឲ្យទានដែលចាត់ទុកថាមិល្អ ហើយនៅអាចជាបាបកម្មដល់យើងជាប្រយោលទៀតផងនោះ បានដល់៖
១ ឲ្យសុរា គ្រឿងញៀនស្រវឹង ជាដើម (បើគេស្រវឹងរួចបើកឡានទៅបុកស្លាប់ យើងក៏មានចំណែកបាបដែរ)។
២ ឲ្យអាវុធ (បើអាវុធនោះត្រូវនាំយកទៅបាញកាប់ចាក់ប្រហារ បាបក៏មកដល់យើងដែរ)។
៣ ឲ្យមហោស្រព គឺការកំសាន្តសប្បាយគ្រប់រូបបែប។
៤ ឲ្យសត្វផ្ទុយភេទដើម្បីបង្កាត់ពូជ ក្នុងនេះមានន័យរួមដល់ការចាត់រកស្រីៗឲ្យទៅបំរើអ្នកធំ អ្នកមានអំណាច ឬអ្នកតូចតាចផងដែរ។
៥ ឲ្យរូបភាពលាមក ឬវត្ថុបោះពុម្ភលាមក ព្រោះធ្វើឲ្យកើតនូវក្តីស្រើបស្រាល កាមតណ្ហា (ពេលមើលហើយទៅចាប់ជំរត់ រំលោភគេ បាបក៏នឹងធ្លាក់មកដល់យើងដែរ)។

១៦ ការប្រព្រឹត្តធម៌
ការប្រព្រឹត្ត តាមធម៌ ព្រះប្រដៅ
មិនខ្វល់ក្តៅ ថយទុក្ខ ពេលអាសន្ន
ស្រឡាញ់ធម៌ ធម៌រក្សា ផលចំរើន
អង្គុយដើរ ឈរសុខ ទុក្ខមិនមាន។ 
ការប្រព្រឹត្តធម៌ គឺការប្រតិបត្តិធម៌ឲ្យដំណើរទៅ  បែងចេញបានជា២ប្រភេទ បានដល់ ៖
កាយសុច្ចរិត គឺ៖
១ ការមិនសម្លាប់សត្វ មានន័យរួមទាំងអស់តាំងពីសត្វតូចធំ និងមនុស្ស។
២ ការមិនលួចទ្រព្យ មានន័យរួមទាំងអំពើពុករលួយ ទៅបោកប្រាស ឆក់ប្លន់អ្នកស្រុកផងដែរ។
៣ ការមិនប្រព្រឹត្តខុសក្នុងកាម មានន័យរួមដល់ការលបលួចមានសាហាយ ក្បត់ចិត្តភរិយាស្វាមី និងការរំលោភផ្លូវភេទផងដែរ។
វចីសុច្ចរិត គឺ៖
១ ការមិននិយាយកុហក គឺការនិយាយតែការពិត មិនបោកប្រាស។
២ ការមិននិយាយគំរោះគំរើយ គឺការស្តាប់ទៅមិនពិរោះត្រចៀក រួមទាំងអស់នូវអ្វីដែលធ្វើឲ្យកើតអារម្មណ៍មិនសប្បាយចិត្ត។
៣ ការមិននិយាយពាក្យចាក់ដោត ការនិន្ទាឈ្នានិះ។
៤ ការមិននិយាយស្តីរវើរវាយផ្តេសផ្តាស គឺការនិយាយស្តីឥតសារៈ  រកប្រយោជន៍អ្វីមួយគ្មាន។
មនោសុច្ចរិត គឺ៖
១ ការមិនលោភចង់បានរបស់អ្នកដទៃ គឺការនឹកចង់បានរបស់គេមកធ្វើជារបស់ខ្លួន។
២ ការមិនគិតព្យាបាទឈ្នានិះអ្នកដទៃ គឺការនឹកចង់ឲ្យអ្នកដទៃជួបទទួលនូវគ្រោះកម្ម គិតនឹងធ្វើបាបអ្នកដទៃ។
៣ ការយល់ត្រូវ គឺមានជំនឿ យល់ក្នុងការពិត ភាពត្រឹមត្រូវ តាមពាក្យប្រៀនប្រដៅខាងផ្នែកព្រះពុទ្ធសាសនា។

១៧ ការសង្រ្គោះញាតិ
ពេលមានញាតិ អត្តខាត់ កើតខ្វះខាត
គួរសង្វាត សង្រ្គោះ កុំរត់គេច
គេសោមន្ស ដឹងគុណ យើងមិនភ្លេច
មានគ្រោះកាច យើងធ្លាក់ក្រ ញាតិខ្វល់ខ្វាយ។

លក្ខណៈរបស់ញាតិដែលគួរផ្តល់ការសង្រ្គោះ ពេលស្ថិតក្នុងស្ថានភាពដូចតទៅនេះ ៖
១ ពេលទាល់ក្ររកទីពឹងមិនបាន។
២ ពេលខ្វះទុនទ្រព្យក្នុងរបរជួញដូរ។
៣ ពេលខ្វះយានពាហណៈ។
៤ ពេលខ្វះឧបករណ៍ប្រកបរបររកស៊ី។
៥ ពេលមានជម្ងឺតម្កាត់។
៦ ពេលមានធុរៈបុណ្យទាន
៧ ពេលត្រូវចោទប្រកាន់ ឬមានក្តីក្តាំ។
ការសង្រ្គោះញាតិ ធ្វើបានទាំងផ្លូវធម៌និងផ្លូវលោក បានដល់
ក្នុងផ្លូវធម៌ ក៏ជួយណែនាំឲ្យធ្វើបុណ្យកុសល ឲ្យរក្សាសិល និងធ្វើសមាធិភាវនា
ក្នុងផ្លូវវលោក ក៏បានដល់ ៖
១ ឲ្យទាន គឺការសង្រ្គោះជាទ្រព្យរបស់ ឬលុយកាក់មាសប្រាក់ ដើម្បីឲ្យគេរួចផុតទុក្ខ ឬក្តីលំបាកតាមតែកម្លាំង។
២ ប្រើបិយវាចា គឺការនិយាយស្តីដោយពាក្យពេចន៍ដែលទន់ភ្លន់ សុភាព និងប្រកបដោយសេចក្តីប្រាថ្នាល្អ។
៣ មានអត្ថចរិយា គឺការប្រព្រឹត្តខ្លួនឲ្យជាប្រយោជន៍ដល់គេ អាចជួយជ្រោជ្រែងដោយកម្លាំងកាយ កម្លាំងចិត្ត ឬដោយសមត្ថភាពដែលមាន។
៤ ស្គាល់សមាន័ត្តតា គឺការដាក់ខ្លួនឲ្យសមរម្យ យ៉ាងស្មើដើមស្មើចុង រួមសុខរួមទុក្ខ មិនប្រកាន់ខ្លួន។

១៨ ធ្វើការងារដែលមិនមានទោស
ការងារឈ្នួល លាងចាន ក៏ដោយចុះ
បើមិនកើត ទណ្ឌទោស នោះស្រស់ថ្លា
មានឧិកាស ធ្វើទៅ ដោយឧស្សាហ៍
មិនវេទនា បានកំរៃ មានការធ្វើ។

ការងារដែលមិនមានទោស ប្រកបដោយលក្ខណៈដូចតទៅនេះ ៖
១ មិនខុសច្បាប់ គឺធ្វើឲ្យត្រឹមត្រូវតាមច្បាប់ស្រុកទេស។
២ មិនខុសប្រពៃណី គឺបែបផែនដែលនាំគ្នាប្រតិបត្តិតាំងពីដើមរៀងមក គួរដំណើរតាម។
៣ មិនខុសសិល គឺខហាមដែលបញ្ញ័ត្តិទុកក្នុងសិល ៥ ។
៤ មិនខុសធម៌ គឺគោលធម៌ទាំងឡាយមានជាអាទិដូចជា ការភ្នាល់ ការបោកប្រាស។
ចំណែកអាជីពត្រូវហាមសំរាប់ពុទ្ធសាសនិកជន បានដល់ ៖
១ ការជួញដូរសាស្រ្តាវុធ
២ ការជួញដូរមនុស្ស
៣ ការជួញដូរថ្នាំពុល
៤ ការជួញដូរគ្រឿងញៀនស្រវឹង
៥ ការជួញដូរសត្វដើម្បីនាំយកទៅសម្លាប់

១៩ វៀរចាកអំពើបាប
កម្មអាក្រក់ លាមក ត្រូវចៀសវាង
ផ្សងសំណាង ជាមួយ វាបំផ្លាញ
វៀរចាកបាប ឲ្យចេញឆ្ងាយ ពីសណ្តាន
ក្នុងវិមាន គ្មានក្តៅ នៅក្សេមសុខ។

បាបគឺអ្វីដែលមិនល្អ ខូច អំពើអាក្រក់ជាប់ខ្លួនដែលមិនគួរធ្វើ លោកថាអ្វីដែលធ្វើហើយចាត់ទុកថាជាបាប បាន
ដល់អកុសលកម្មបថ គឺ ៖
១ សម្លាប់សត្វ
២ លួចទ្រព្យ
៣ ប្រព្រឹត្តខុសក្នុងកាម
៤ និយាយមិនពិត
៥ និយាយចាក់ដោត
៦ និយាយគំរោះគំរើយ
៧ និយាយផ្តេសផ្តាស
៨ លោភចង់បានរបស់គេ
៩ គិតព្យាបាទប្រទូស្តរាយអ្នកដទៃ
១០ ឃើញខុសថាជាត្រូវ
២០ សង្រួមពីការផឹកទឹកស្រវឹង
គ្រឿងស្រវឹង គ្រប់យ៉ាង ពុលដូចស្រា
អ្នកស្នេហា សេពវា អន់ប្រាជ្ញអាប់
រោគចង្រៃ ផ្តិលផ្តាច់ ខ្សោយសុខភាព
អាចនឹងស្លាប់ មុនអាយួស ដ៏សមគួរ។

និយាយដល់រឿងទឹកស្រវឹងនោះ អាចធ្វើមកពីម្សៅ បាយ ការឆ្នៃដោយផ្សំមេ ឬអ្វីក៏ដោយដែលផឹកទៅធ្វើឲ្យពុល
ស្រវឹង ដូចជា Beer, Wine មិនមែនត្រឹមស្រាប៉ុណ្ណោះទេ សុទ្ធតែមានទោស បានដល់ ៖
១ ធ្វើឲ្យបង់ទ្រព្យ ព្រោះត្រូវយកលុយទៅរកទិញ ទាំងដែលលុយចំនួនដូចគ្នានេះ  អាចនាំយកទៅប្រើប្រាស់ក្នុងអ្វីដែលជាប្រយោជន៍ផ្សេងបានច្រើនជាង។
២ ធ្វើឲ្យកើតការឈ្លោះប្រកែក ដែលនាំទៅរកក្តីអំពល់ ឈឺខ្លួន ឬដល់អាយុជីវិតនិងមានក្តីក្តាំ ព្រោះទឹកស្រវឹងធ្វើឲ្យខ្វះការពិចារណាថ្លឹងថ្លែង។
៣ ធ្វើឲ្យមានជម្ងឺ ជម្ងឺដែលកើតឡើងបណ្តាលមកពីការផឹកស្រាសុទ្ធតែធ្វើឲ្យថមថយសុខភាពកាយរហូតដល់ស្លាប់បាន ដូចជា ជម្ងឺក្រឹនថ្លើម ជម្ងឺបេះដូង ជម្ងឺលើសឈាម ជាដើម។
៤ ធ្វើឲ្យខូចកេរ្តិឈ្មោះ ពេលមនុស្សស្រវឹងទៅធ្វើរឿងមិនល្អ ដូចជាបំពារបំពានលើស្រ្តី បណ្តោយខ្លួនបណ្តោយចិត្ត ក៏ធ្វើឲ្យវង្សត្រកូល និងមុខតំណែងការងារខូចបង់។
៥ ធ្វើឲ្យភ្លេចខ្លួនមិនចេះខ្មាស់ មនុស្សស្រវឹងធ្វើអ្វីដែលមិនគួរធ្វើ ធ្វើអ្វីដែលមនុស្សមានសតិគេមិនធ្វើ ដូចជាស្រាតខោអាវដើរ ឬដេកក្នុងទីសាធារណៈជាដើម។
៦ ខ្សោយកម្លាំងប្រាជ្ញា សេពទៅធ្វើឲ្យកោសិការខួរក្បាលទន់ខ្សោយ ក៏ធ្វើឲ្យសុខភាពនិងបញ្ញាអន់ថយ សមត្ថភាពដោយរួមក៏ថយចុះ។

២១ មិនប្រមាថក្នុងធម៌ទាំងឡាយ
មិនប្រមាថ គឺមាន សតិជានិច្ច
ចាំរិះគិត គុណធម៌ មិនហួសជ្រុល
ធម៌អាក្រក់ ចៀសឆ្ងាយ មិនរវល់
ប្រកាន់ដល់ ធម៌ល្អ មិនឃ្លៀងឃ្លាត។

ធម៌ក្នុងទីនេះក៏គឺ គោលប្រតិបត្តិដែលធ្វើហើយមានផលក្នុងផ្លូវល្អនិងពិត ដែលព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ទ្រង់ប្រោសបង្ហាញផ្លូវទុក ៖
មនុស្សប្រមាថក្នុងធម៌នោះមានលក្ខណៈដែលអាចសរុបបានដូចតទៅនេះគឺ ៖
១ មិនធ្វើហេតុល្អ តែនឹងយកផលល្អ
២ ធ្វើខ្លួនអាក្រក់ តែនឹងយកផលល្អ
៣ ធ្វើខ្ជីខ្ជា តែនឹងយកផលច្រើន
អ្វីដែលមិនគួរប្រមាថបានដល់ ៖
១ ការប្រមាថក្នុងពេលវេលា គឺការបណ្តោយឲ្យពេលវេលាកន្លងហួសទៅដោយមិនធ្វើអ្វីឲ្យកើតជាប្រយោជន៍ ឬចាំថ្ងៃនេះចាំថ្ងៃនោះជាដើម។
២ ការប្រមាថក្នុងវ័យ គឺគិតថាអាយុនៅតិច មិនបាច់ធ្វើក្តីឧស្សាហ៍ក៏បានដែរ ព្រោះនៅមានជីវិតយូរតទៅទៀតជាដើម។
៣ ការប្រមាថក្នុងភាពមិនមានរោគ គឺគិតថាខ្លួនឯងរឹងប៉ឹងមិនស្លាប់ងាយៗ ក៏បណ្តែតបណ្តោយឲ្យជ្រុលហួសជាដើម។
៤ ការប្រមាថក្នុងជីវិត គឺការមិនកំណត់ផែនការអនាគត គិតតែថានៅមានជីវិតយូរតទៅទៀតជាដើម។
៥ ការប្រមាថក្នុងការងារ គឺមិនព្យាយាមតាំងចិត្តធ្វើឲ្យសំរេច បណ្តោយតាមរឿងតាមរ៉ាវ ឬបណ្តោយឲ្យដីដុះរុំកន្ទុយជ្រូកជាដើម។
៦ ការប្រមាថក្នុងការសិក្សា គឺការមិនគិតសិក្សារៀនសូត្រក្នុងវ័យដែលគួររៀន ឬខ្វះការយកចិត្តទុកដាក់ដែលគ្រប់គ្រាន់។
៧ ការប្រមាថក្នុងការប្រតិបត្តិធម៌ គឺការមិនប្រតិបត្តិសមាធិភាវនា ឬសិក្សាគោលធម៌ឲ្យខ្ជាប់ខ្ជួន ព្រោះគិតថាជារឿងនៅឆ្ងាយខ្លួនជាដើម។

២២ មានក្តីគោរព
ក្តីគោរព កោតក្រែង គឺជាស្នេហ៍
មិនឡោះឡែ ដូចស្វា ហក់ចុះឡើង
ទោះនៅមុខ ក្រោយខ្នង ត្រូវកុំឆ្មើង
សមបំព្រង ឥតខ្ចោះ ខ្ពស់តម្លៃ។
លោកបានពោលថា អ្វីដែលគួរគោរពមានដូចតទៅនេះ ៖
១ ព្រះពុទ្ធជាម្ចាស់
២ ព្រះធម៌
៣ ព្រះសង្ឃ
៤ ការសិក្សា
៥ ក្តីមិនប្រមាថ គឺការដំណើរតាមគោលធម៌ពាក្យប្រៀនប្រដៅទាំងឡាយរបស់ព្រះពុទ្ធសាសនា ដោយក្តគោរព។
៦ ការប្រាស្រ័យសន្ទនា គឺការស្វាគមន៍អាគន្តុកៈ អ្នកមកលេងដោយក្តីគោរព។

២៣ មិនតំកើងខ្លួន
មិនចំកោង ពើងទ្រូង អួតខ្ពស់ណាស់
មារយាទល្អះ ទន់ភ្លន់ អស់ផ្នែករឹង
ដូចពស់ពិស ដកចង្កូម បាត់ទីពឹង
ពេលថ្លែងថ្លឹង ទន់ភ្លន់ ព្រមកាយចិត្ត។
ការដាក់ខ្លួនឧិនលំទោន គឺការមិនសំដែងចេញពីសមត្ថភាពដែលខ្លួនឯងមានឲ្យអ្នកដទៃដឹងដើម្បីគំរាមគេ ឬដើម្បីអួតអាង ការគ្មានអំនួត ក្រអឺតក្រទម ច្រឡោងខាម តែបង្ហាញខ្លួនយ៉ាងស្ងប់ស្ងៀម។
លោកពោលទុកថា ទោសនៃការអួតអាងនោះ មានដូចតទៅនេះគឺ៖
១ ធ្វើឲ្យខូចមនុស្សខូចម្នា គឺមិនអាចត្រឡប់មកនៅក្នុងគន្លងដូចដើមវិញ ខូចអនាគត។
២ ធ្វើឲ្យបាត់បង់មិត្ត គឺគ្មានអ្នកណាគេរាប់រកធ្វើជាមិត្តទេ ទោះបីមានក៏មិនមែនជាមិត្តពិតដែរ។
៣ ធ្វើឲ្យខូចក្រុមខូចគណៈ គឺបើម្នាក់ៗអួតខ្លួនពូកែ ក៏ធ្វើឲ្យមិនអាចព្រមព្រៀងគ្នាបាន នៅទីបំផុតក៏មិនទៅដល់គោលដៅ ឬធ្វើឲ្យជាទីធុញទ្រាន់ដល់អ្នកដទៃ។
ការធ្វើខ្លួនជាមនុស្សដាក់ខ្លួនឧិនលំទោននោះ មានគោលដូចនេះគឺ ៖
១ ត្រូវសេពគប់កល្យាណមិត្ត គឺមិត្តដែលល្អមានសិលមានធម៌ ចាំដាស់តឿនក្រើនរំឮកឬដឹកនាំទៅក្នុងផ្លូវដែលល្អផ្លូវដែលគួរ។
២ ត្រូវចេះគិតថ្លឹងថ្លែង គឺការចេះស្វែងរកហេតុផលជានិច្ចពីភាពអាចទៅរួចក្នុងធម្មជាតិរបស់មនុស្ស មនុស្សម្នាក់ៗរមែងមានចិត្តមិនដូចគ្នា និងរួមទាំងគោលធម៌ដទៃទៀតផង។
៣ ត្រូវមានសាមគ្គីភាព គឺការមានសាមគ្គីភាពក្នុងក្រុមក្នុងគណៈ បន្ធូរបន្ថយក្នុងគោលការ ដាស់តឿន ទទួលស្តាប់និងគោរពការយល់ឃើញរបស់អ្នកដទៃយ៉ាងមានហេតុផល។
លោកថាលក្ខណៈរបស់អ្នកដាក់ខ្លួនឧិនលំទោន មានដូចតទៅនេះ៖
១ មានកិរិយាដែលឧិនលំទោន។
២ មានវាចាដែលផ្អែមល្ហែម។
៣ មានចិត្តដែលទន់ភ្លន់ ជារួមក៏គឺ សម្បូរណ៍ព្រមដោយកាយ វាចា និងចិត្តនោះឯង។

២៤ មានក្តីសន្តោស
ក្តីសន្តោស ល្មមចិត្ត អ្វីដែលមាន
កុំតាមឃ្លាន នាំហោច ខួចអន្តរាយ
ពេលមានតិច ចាយតិច នឹងសប្បាយ
ក្រចេញឆ្ងាយ ចុងចប់ ត្រឡប់មាន។
ពាក្យថាសន្តោសពុំមែនមានន័យត្រឹមការរស់នៅតែម្នាក់ឯងនោះទេ តែមានន័យដល់ការពេញចិត្តក្នុងអ្វីដែលខ្លួនមាន ក្នុងអ្វីដែលជារបស់ខ្លួន ដែលលោកបានឲ្យនិយមន័យដល់លក្ខណៈរបស់ក្តីសន្តោសដូចតទៅនេះគឺ ៖
១ យថាលាភសន្តោស មានន័យដល់ក្តីពេញចិត្តតាមមានតាមបាន គឺមានប៉ុណ្ណាពេញចិត្តប៉ុណ្ណោះ ការរស់នៅដូចម្តេចក៏គួរពេញចិត្តយ៉ាងនោះ មិនតូចចិត្តតូចថ្លើមក្នុងអ្វីដែលខ្លួនឯងមាន។
២ យថាពលសន្តោស មានន័យដល់ការពេញចិត្តតាមកម្លាំង យើងមានកម្លាំងប៉ុណ្ណាក៏ពេញចិត្តប៉ុណ្ណោះ តាំងតែកម្លាំងកាយ កម្លាំងទ្រព្យ កម្លាំងបារមី ឬកម្លាំងសមត្ថភាពជាដើម។
៣ យថាសារូបសន្តោស មានន័យដល់ការពេញចិត្តតាមគួរ ដែលមានន័យទៅដល់ការពេញចិត្តភាពសមរម្យនៅក្នុងរឿងទាំងឡាយ ដូចជារូបលក្ខណ៍របស់ខ្លួនឯង និងរួមទាំងឋានៈដែលយើងមានផងដែរ។
២៥ មានក្តីកតញ្ញូ
កតញ្ញូ ស្គាល់បុណ្យ គុណឪពុកម្តាយ
ចាស់ទាំងឡាយ គ្រូអាចារ្យ អ្នកទ្រង់សិល
ប្រឹងខ្មីឃ្មាត រកវិធី កុំបីខ្ជិល
ត្រូវបង្វិល តបគុណវិញ ឲ្យសមគ្នា។
គឺការដឹងគុណនិងការតបគុណលោកទាំងនោះ បុណ្យគុណដែលថានេះ មិនមែនតបស្នងហើយរួចគ្នានោះទេ តែមានន័យដល់ការរឮកដល់ព្រះគុណដែលធ្លាប់ឲ្យក្តីឧបការៈដល់យើងដោយក្តីគោរពយ៉ាងជ្រាលជ្រៅ លោកថាវត្ថុទាំងឡាយឬអ្នកដែលគួរកតញ្ញូនោះមានដូចតទៅនេះ ៖ 
១ កតញ្ញូចំពោះបុគ្គល បុគ្គលដែលគួរកតញ្ញូក៏គឺ អ្នកណាក៏ដោយដែលមានបុណ្យគុណគួររឮកដល់និងតបស្នងព្រះគុណ មានដូចជា មាតាបិតា គ្រូបាអាចារ្យ ជាដើម។
២ កតញ្ញូចំពោះសត្វ បានដល់សត្វដែលមានគុណចំពោះយើង ជួយធ្វើការងារឲ្យយើង យើងក៏គួរចិញ្ចឹមថែរក្សាបីបាច់ឲ្យបានល្អ មានដូចជា គោ ក្របី ដំរី សេះ ឬសុនខដែលជួយចាំផ្ទះឲ្យយើងជាដើម។
៣ កតញ្ញូចំពោះវត្ថុទាំងឡាយ បានដល់របស់គ្រប់យ៉ាងដែលមានគុណចំពោះយើង មានដូចជា សៀវភៅដែលឲ្យចំណេះដឹងដល់យើង ឧបករណ៍សំភារៈប្រកបរបររកស៊ីចិញ្ចឹមជីវិតទាំងឡាយ យើងមិនគួរបោះបង់ឬបំផ្លាញចោលដោយមិនឃើញនូវគុណតម្លៃនោះទេ។

២៦ ការស្តាប់ធម៌តាមកាល
ការស្តាប់ធម៌ តាមកាល ដែលពោលនេះ
គួរត្រិះរិះ អង្គុយ ស្តាប់ឲ្យប្រឹង
នោះនឹងកើត បញ្ញា បានពាក់ពឹង
ចិត្តនឹងធឹង ត្រងត្រាប់ ចាប់ខ្លឹមសារ។
ពេលមានវេលាមានឧិកាស ឬតាមថ្ងៃសំខាន់ផ្សេងៗក៏គួរត្រូវទៅស្តាប់ធម៌ខ្លះ ដើម្បីត្រងត្រាប់យកអ្វីដែលជាសារៈប្រយោជន៍ក្នុងគោលធម៌ទាំងនោះ ហើយនាំយកមកប្រើប្រាស់ជាមួយជីវិតរបស់យើង ដើម្បីកែសម្រួលឲ្យប្រសើរឡើង លោកថាពេលវេលាដែលគួរទៅស្តាប់ធម៌នោះ មានដូចតទៅនេះ ៖
 ១ ថ្ងៃសាវនៈធម៌ គឺថ្ងៃសិល ឬថ្ងៃដែលសំខាន់ខាងសាសនា។
 ២ ពេលមានអ្នកមកសំដែងធម៌ ក៏ដូចជា ការស្តាប់ធម៌តាមវិទ្យុ ការដែលមានព្រះសង្ឃមកសំដែងធម៌តាមទីកន្លែងនានា ឬការអានពីសៀវភៅទាំងឡាយ។
 ៣ ពេលមានឧិកាសដ៏សមគួរ មានជាអាទិ៍ ក្នុងថ្ងៃអាទិត្យកាលបើមានពេលទំនេរ ឬក្នុងបុណ្យទានមង្គល បុណ្យបំបួស បុណ្យកឋិន បុណ្យវត្តជាដើម ។
 គុណសម្បត្តិអ្នកស្តាប់ធម៌ដែលល្អ គួរត្រូវមានដូចតទៅនេះ ៖
 ១ មិនមើលស្រាលក្នុងប្រធានបទធម៌ ថាងាយស្រួលពេក។
២ មិនមើលស្រាលក្នុងចំណេះដឹង សមត្ថភាពរបស់អ្នកសំដែងធម៌។
៣ មិនមើលស្រាលខ្លួនឯងថាល្ងង់ គ្មានសមត្ថភាពនឹងយល់បាន។
៤ មានការតាំងចិត្តក្នុងការស្តាប់ធម៌ ហើយនាំយកទៅពិចារណា។
៥ នាំយកធម៌ទាំងនោះ ទៅប្រតិបត្តិឲ្យកើតផល។ 

២៧ មានក្តីអត់ធន់
ក្តីអត់ធន់ ទ្រាំទ្រ ពេលលំបាក
ឈឺតោកយ៉ាក ស៊ូបាន មិនថ្ងួចថ្ងូរ
ត្រូវគេស្តី ជេរថា មុខមិនជូរ
ញញឹមប្តូរ ដោយខន្តី ប្រពៃណាស់។ 
លោកថាលក្ខណៈនៃក្តីអត់ធន់នោះ អាចចែកចេញបានដូចតទៅនេះ ៖
 ១ ក្តីអត់ធន់ចំពោះភាពលំបាក គឺភាពលំបាកដែលត្រូវទទួលតាមធម្មជាតិ ដែលអាចបណ្តាលមកពីបរិស្ថានជាដើម។
២ ក្តីអត់ធន់ចំពោះទុក្ខវេទនា គឺទុក្ខដែលកើតពីសង្ខាររបស់យើងផ្ទាល់ ដូចជាមិនសប្បាយកាយជាដើម។
៣ ក្តីអត់ធន់ចំពោះការឈឺចិត្ត គឺការដែលអ្នកដទៃធ្វើឲ្យយើងត្រូវអស់សង្ឃឹម ឬនិយាយស្តីឲ្យឈឺចិត្ត មិនជាទីសង្ឃឹមជាដើម។
៤ ក្តីអត់ធន់ចំពោះអំណាចកិលេស គឺរបស់ទាក់ទាញទាំងឡាយចាត់ទុកជាកិលេស ទាំងផ្លូវចិត្តនិងផ្លូវកាយ ដូចជា ក្តីនឹកលោភចង់បានរបស់គេ ឬការបរាជ័យចំពោះអំណាចប្រាក់ជាដើម។
 វិធីធ្វើឲ្យមានក្តីអត់ធន់ គឺ មាន ហិរិ ឧិត្តប្បៈ
 ១ ហិរិ បានដល់ការមានសេចក្តីខ្មាស់ចំពោះបាប ការដែលដឹងថាជាបាបហើយនៅតែធ្វើទៀត ក៏ចាត់ទុកថាគ្មានសេចក្តីខ្មាស់ឡើយ។
២ ឧិត្តប្បៈ បានដល់ការមានសេចក្តីខ្លាចក្រែងក្នុងផលនៃបាបទាំងនោះ។

២៨ ជាអ្នកលុះក្នុងដំបូន្មាន
គួរជាមនុស្ស លុះក្នុង ដំបូន្មាន
កុំរំខាន ល្ងាចព្រឹក នឹកខ្មាស់បាប
មិនបូលពុត ហុចទោស ឲ្យគេស្លាប់
ញាតិផងប្រាប់ ប្រញ៉ាប់ ត្រងត្រាប់យក។
 លោកថា អ្នកដែលលុះក្នុងដំបូន្មាន មានលក្ខណៈដែលសង្កេតបានដូចតទៅនេះ ៖
១ មិននិយាយដោះសារ ពេលទទួលបានការស្តីថាដាស់តឿន គឺព្រមទទួលស្តាប់ដោយយកចិត្តទុកដាក់ មិនមែនប្រកែកយករួចខ្លួនហើយបិតទ្វារគំនិតមិនខ្ចីស្តាប់។
២ មិនព្រងើយកន្តើយពេលទទួលបានការដាស់តឿន គឺនាំយកការដាស់តឿននោះមកពិចារណានិងដោះស្រាយចំណុចខ្វះខាតទាំងនោះ។
៣ មិនចាប់កំហុសអ្នកណែនាំស្តីថាប្រដៅ គឺការដែលអ្នកណែនាំស្តីថាប្រដៅអាចនឹងមានកំហុសឆ្គង អាស្រ័យដោយសេចក្តីប្រមាថ យើងគួរឲ្យអភ័យដល់អ្នកនោះ ព្រោះការចាប់កំហុសធ្វើឲ្យអ្នកណែនាំស្តីថាប្រដៅត្រូវខ្មាស់អៀនលក់មុខបាន ជាអ្វីដែលមិនប្រពៃ  ឡើយ។
៤ គោរពពាក្យប្រៀនប្រដៅនិងអ្នកប្រៀនប្រដៅ គឺការចេះសម្មាគារវៈចំពោះអ្នកដែលនាំយកពាក្យប្រៀនប្រដៅមកប្រដៅ និងគោរពនូវអ្វីដែលអ្នកប្រៀនប្រដៅបាននាំយកមកប្រដៅ។
៥ មានការដាក់ខ្លួនដាក់កាយ គឺមិនបង្ហាញភាពក្រអឺតក្រទម ចាត់ទុកខ្លួនឯងគ្រាន់បើជាងអ្នកដទៃ ដោយសារតែអ្វីដែលខ្លួនមានខ្លួនបាន។
៦ មានសេចក្តីរីករាយចំពោះពាក្យណែនាំទាំងនោះ គឺព្រមទទួលយកក្នុងពាក្យណែនាំទាំងនោះ ដោយបិតិសោមនស្ស ដូចជាការមិនបង្ហាញនូវការធុញទ្រាន់ព្រោះធ្លាប់ស្តាប់រួចមកហើយជាដើម។
៧ មិនចចេសរឹងរូស គឺការមិនអួតអាង គិតថារបស់ខ្លួននោះខុសហើយតែក៏នៅចចេសរឹងទទឹងបន្តធ្វើដោយព្រោះតែការខ្លាចខូចមុខខូចមាត់។
៨ មិនប្រកែកប្រណាំង ព្រោះថាការដាស់តឿនក្រើនរំឮកឬស្តីប្រដៅនោះក៏គឺ អ្វីដែលផ្ទុយពីអ្វីដែលយើងកំពុងធ្វើក៏ដោយ យើងគួរបើកចិត្តឲ្យទូលាយ មិនប្រកែកប្រណាំងចំពោះពាក្យប្រៀនប្រដៅ ឬក៏ពាក្យរិះគន់ទាំងនោះ។
៩ រីករាយឲ្យដាស់តឿនគ្រប់វេលា គឺស្វាគមន៍ឲ្យមានការបង្ហាញនូវគំនិតគិតឃើញ  ដាស់តឿនបានដោយមិនលើកលែងរឿងពេលវេលា។
១០ មានសេចក្តីអត់ធន់ចំពោះការក្លាយជាអ្នកដែលត្រូវគេប្រដៅ គឺការមិនយកការតវ៉ាប្រកែកប្រណាំងក្នុងការយល់ឃើញជាអារម្មណ៍ តែឲ្យយល់នូវចេតនាដែលពិតប្រាកដរបស់អ្នកប្រៀនប្រដៅនោះ។
ការធ្វើខ្លួនឲ្យក្លាយជាអ្នកលុះក្នុងដំបូន្មាននោះ ធ្វើបានដូចតទៅនេះ ៖
១ បន្ថយមានះរបស់ខ្លួន គឺការមិនអួតអាង មិនប្រកាន់ខ្លួន ភាពមិនសំខាន់ថាខ្លួនត្រូវតែយ៉ាងនេះយ៉ាងនោះ ជាអាទិ៍ចាត់ទុកខ្លួនថាមានការចេះដឹងខ្ពស់ជាដើម។
២ លះបង់ឧប្បដ្ឋាន គឺការមិនប្រកាន់ក្នុងអ្វីដែលយើងកំពុងមាន ឬប្រកាន់មាំក្នុងអំណាចកិលេសទាំងឡាយ។
៣ មានសម្មាទិដ្ឋិ គឺមានបញ្ញាយល់ត្រូវ ការឃើញត្រូវឃើញគួរតាមគោលអរិយសច្ច ៤ ជឿលើរឿងមិនទៀង ជឿក្នុងរឿងបុណ្យរឿងបាបជាដើម។
២៩ ការបានឃើញសមណៈ

ការបានឃើញ សមណៈ អ្នកកាន់ស្ងប់
ត្រូវគោរព សួរនាំ ត្រៃសិក្ខា
ព្យាយាមហាត់ រាល់ថ្ងៃ ដោយបញ្ញា
                   នាំចិន្តា ត្រឹមត្រង់ មង្គលមាន។                    
ពាក្យថាសមណៈប្រែឲ្យចំន័យបានដល់ អ្នកស្ងប់ (មានន័យដល់អ្នកស្ថិតក្នុងសមណៈភេទ)លោកថាគុណសម្បត្តិរបស់សមណៈប្រកបដោយ ៣ យ៉ាងគឺ ៖
១ ត្រូវស្ងប់កាយ គឺមានការសង្រួមក្នុងទង្វើគ្រប់យ៉ាង រួមដល់កិរិយា មាយាទ តាមគោលសិលធម៌។
២ ត្រូវស្ងប់វាចា គឺការនិយាយស្តីស្ថិតក្នុងព្រំដែននៃភាពសមល្មម សុភាពរាបសារក្នុងសំដីសំដៅនិងភាសាដែលប្រើ ស្របតាមការប្រតិបត្តិប្រពៃណី។
៣ ត្រូវស្ងប់ចិត្ត គឺការធ្វើចិត្តឲ្យស្ងប់ប្រាសចាកកិលេសគ្របសង្កត់ មិនថាជា លោភ ក្រោធ វង្វេង ឬសេចក្តីព្យាបាទឡើយ តាំងមាំក្នុងសមាធិភាវនា។
ការបានឃើញសមណៈ មានដូចតទៅនេះគឺ ៖
១ ឃើញដោយភ្នែក មានន័យចំពាក្យតែម្តង គឺការឃើញពីការសម្ផស្សដោយខ្សែភ្នែករបស់ខ្លួនឯង ហើយមានសេចក្តីពេញចិត្តក្នុងការសង្រួមកាយ។
២ ឃើញដោយចិត្ត អាស្រ័យដោយការសង្រួមកាយ វាចា ចិត្តរបស់សមណៈនឹងជួយទាក់ទាញចិត្តរបស់យើងឲ្យទោរទន់តាម និងទទួលស្តាប់គោលណែនាំដោយចិត្តរីករាយ ដែលនោះមានន័យដល់ការបើកចិត្តយើងឲ្យសមណៈបានចង្អុលបង្ហាញនោះឯង។
៣ ឃើញដោយបញ្ញា មានន័យដល់ការដឹងដោយការប្រើបញ្ញាថ្លឹងថ្លែង ពិចារណាក្នុងការសម្ផស្ស ហើយចូលជ្រៅដល់និងទទួលដឹងនូវពាក្យប្រៀនប្រដៅរបស់សមណៈនោះ ហើយដឹងថាលោកជាអ្នកតាំងមាំក្នុងសិលធម៌យ៉ាងពិតប្រាកដ។
ពេលឃើញហើយ ក៏ត្រូវធ្វើយ៉ាងនេះគឺ ៖
១ ត្រូវចូលទៅរក គឺចូលទៅសុំពាក្យណែនាំចង្អុលបង្ហាញពីលោក ឬផ្តល់ក្តីគោរពលោក។
២ ត្រូវចូលទៅជួយទំនុកបំរុងជ្រោមជ្រែង គឺការជួយជ្រោមជ្រែងលោកក្នុងឧិកាសដ៏គួរ ដើម្បីសម្រាលភារៈរបស់លោក។
៣ ត្រូវចូលទៅស្តាប់ គឺការទទួលស្តាប់គុណធម៌ ពាក្យប្រៀនប្រដៅរបស់លោក យកមកទុកជាបន្ទាត់ក្នុងការដោះស្រាយបញ្ហាជីវិត។
៤ ព្យាយាមរឭកដល់លោក គឺការរឮកដល់អំពើល្អដែលលោកមាន ហើយនាំមកជាគំរូចំពោះខ្លួនឯង។
៥ ទទួលស្តាប់ទទួលប្រតិបត្តិ គឺការទទួលយកពាក្យណែនាំរបស់លោកមកប្រតិបត្តិធ្វើតាមដើម្បីឲ្យកើតផល នៅពេលរាំងស្ទះក៏ខ្នះខ្នែងដោះស្រាយ ដើម្បីឲ្យដឹងពិត ឃើញពិតតាមនោះ។
៣០ ការសន្ទនាធម៌តាមកាល
ពេលសង្វេគ មិនស្ងប់ តប់ប្រម៉ល់
កើតអំពល់ ត្រូវសួរ រកដើមទង
ឲ្យស្រាកស្រាល ថយធូរ ដឹងទំនង
សន្ទនាផង នូវធម៌ តាមកាលគួរ។
ការបានសន្ទនាគ្នារឿងធម៌ ធ្វើឲ្យរីកចំរើនការស្វែងយល់ ដោះដូរចំណេះដឹង និងបានដឹងនូវអ្វីថ្មីៗ ដែលយើងអាចនឹកស្មានមិនដល់ ឬជាការផ្សព្វផ្សាយចំណេះដឹង ដែលយើងមានឲ្យដល់អ្នកដទៃបានដឹងដែរ
មុននឹងយើងសន្ទនាធម៌ គួរពិចារណានិងរិះគិតនូវអ្វីដូចតទៅនេះ គឺ៖
១ ត្រូវដឹងរឿងដែលត្រូវនិយាយឲ្យច្បាស់។
២ ត្រូវនិយាយរឿងពិត មានប្រយោជន៍។
៣ ត្រូវជាពាក្យនិយាយដែលពិរោះ។
៤ ត្រូវនិយាយដោយក្តីមេត្តា។
៥ មិនត្រូវនិយាយពាក្យអួតអាង លើកតម្កើងខ្លួនបង្អាប់អ្នកដទៃ។
ប្រការត្រូវប្រតិបត្តិពេលមានការសន្ទនាធម៌
១ មានសិលធម៌ គឺការជាអ្នករក្សាសិល ៥ ឬសិល ៨ ជានិច្ចសិលរួចទៅហើយ ការជាអ្នកប្រតិបត្តិចាត់ទុកជានាទីដំបូងក្នុងការជាពុទ្ធសាសនិកជនដែលល្អ។
២ មានសមាធិល្អ គឺមានចិត្តមុតមាំតែទៅលើរឿងដែលសន្ទនា មិនងាកចេញពីប្រធានបទ ព្រមទាំងជាអ្នកដែលសង្វាតចំរើនសមាធិភាវនាផង។
៣ តែងកាយសុភាព គឺការតែងខ្លួនឲ្យសមទៅនឹងយុគសម័យ ស្ថិតក្នុងក្របប្រពៃណីរបស់សង្គមជុំវិញនោះ ត្រូវកាលៈទេសៈ។
៤ មានកិរិយាសុភាព គឺសុភាពរាបសារក្នុងកិរិយាមិនថាដើរ អង្គុយ ឈរ ឬទង្វើរណាមួយឡើយ ការមានកិរិយាស្រស់ស្អាត សុភាពរមែងទាក់ទាញចិត្តអ្នកដែលបានជួបឲ្យកើតការពេញចិត្តពេញថ្លើមភ្លាមៗ។
៥ ប្រើវាចាសុភាព គឺការប្រើពាក្យពេចន៍ដែលសុភាពក្នុងការសន្ទនា មិនប្រើពាក្យពេចន៍គំរោះគំរើយ ឬដុតរោល។
៦ មិនពោលជំទាស់នឹងព្រះពុទ្ធវចនៈ គឺការមិនយកពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់មកជាចំណុចសង្ស័យ ឬពោលជំទាស់ ព្រោះអ្វីដែលពោលទុកក្នុងព្រះពុទ្ធវចនៈ រមែងជាការពិតជានិច្ច។
៧ មិនបែកចេញពីប្រធានបទដែលគ្រោងទុក គឺការនិយាយឲ្យស្ថិតក្នុងប្រធានបទដែលគ្រោងទុក មិននិយាយបែបទឹកលិចវាលរកទិសតំបន់មិនឃើញ។
៨ មិននិយាយយូររហូតគួរឲ្យធុញទ្រាន់ គឺការជ្រើសពេលវាលាដែលសមរម្យតាមស្ថានការណ៍ អាស្រ័យដោយរឿងខ្លះអាចមិនចាំបាច់ពង្រីកសេចក្តីច្រើនជ្រុលពេក។

៣១ ការបំពេញតបះ
ត្រូវបំពេញ តបះ លះកិលេស
ជាពិសេស ហាត់ហាម កាមៈឆ័ន្ទ៍
ដុតបំផ្លាញ ផ្ទេរបាប ឲ្យបង់ចេញ
ចូលដល់ឈាន សុខោ លោកន្តរៈ។
តបះ ដោយន័យប្រែថា ធ្វើឲ្យក្តៅ មិនថាដោយវិធីណាទេ ការបំពេញតបះមានន័យដល់ការធ្វើឲ្យកិលេស ក្តីក្តៅរោលទាំងឡាយអស់ទៅ ឬធូរស្រាល លក្ខណៈការបំពេញតបះមានដូចតទៅនេះ ៖
១ ការមានចិត្តសង្រួមក្នុងឥន្រ្ទីយ៍ទាំង ៦ (អាយតនៈខាងក្នុង ៦យ៉ាង) បានដល់ ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្ត មិនឲ្យ    វង្វេងស្អិតជាប់នឹងសម្ផស្សខាងក្រៅច្រើនជ្រុលពេក មិនឲ្យកិលេសគ្របសង្កត់ចិត្តពេលដែលទទួលអារម្មណ៍ឆ្លងកាត់ឥន្រ្ទីយ៍ទាំង ៦ (ឥន្រ្តីយ៍សំវរ)។
២ ការប្រព្រឹត្តរក្សាព្រហ្មចារិយ វៀរចាកការរួមប្រវេណី ឬកាមកិច្ចទាំងពួង។
៣ ការប្រតិបត្តិធម៌ គឺការដឹងនិងយល់ក្នុងគោលធម៌ដូចជាអរិយសច្ចជាដើម ប្រតិបត្តិខ្លួនឲ្យស្ថិតក្នុងសិល និងដល់ព្រមដោយសមាធិ និងបញ្ញា ដោយមានគោលដៅខ្ពស់បំផុតគឺព្រះនិពាន្ត កំចាត់កិលេស លះបង់គ្រប់យ៉ាងបានអស់ដោយបញ្ញា។

៣២ ការប្រព្រឹត្តព្រហ្មចារិយ
ខំប្រព្រឹត្ត ព្រហ្មចារិយ ដ៏ប្រសើរ
នាំដំណើរ សេចក្តីសុខ ឥតមួរហ្មង
ទាំងឲ្យទាន មានសិក្ខា អស់អ្នកផង
ល្អបំព្រង ព្រហ្មចារិយ ក្តីមាំស្ថិរ ។
ពាក្យថាព្រហ្មចារិយមានន័យដល់ ការបួសដែលលះបង់មេថុន ការគ្រងជីវិតដែលប្រាសចាកមេថុន ការប្រព្រឹត្តធម៌ដ៏ប្រសើរ លោកថាលក្ខណៈរបស់ធម៌ដែលចាត់ទុកថា ជាការប្រព្រឹត្តព្រហ្មចារិយនោះ(មិនមែនថាត្រូវតែបួសជាសង្ឃទេ) មានដូចតទៅនេះ ៖
១ ឲ្យទាន បរិចាកទានមិនថាជាទ្រព្យ របស់របរ មាសប្រាក់ ឬបញ្ញា។
២ ជួយទំនុកបំរុងអ្នកដទៃក្នុងកិច្ចការងារដែលត្រូវ ដែលគួរ (វេយ្យាវ័ច្ចម័យ)
៣ រក្សាសិល ៥ គឺមិនសម្លាប់សត្វ មិនលួចឆក់ មិនធ្វើខុសក្នុងកាម មិននិយាយកុហក មិនសេពទឹកស្រវឹង (បញ្ចសិល)
៤ មានមេត្តា ករុណា មុទិតា ឧបេក្ខា ចំពោះអ្នកដែលយើងត្រូវជួបជាមួយគ្រប់គ្នា (អប្បមញ្ញា)
៥ វៀរចាកការសេពកាម (មេថុនវិរ័តិ)
៦ រីករាយក្នុងគូរបស់ខ្លួន គឺការមានស្វាមីឬភរិយាមួយ (សទានសន្តោស)
៧ សង្វាតព្យាយាមលះបង់អំពើអាក្រក់ មិនរាថយក្នុងក្តីពុះពារ (វិរិយៈ)
៨ រក្សានូវសិល ៨ គឺ មិនសម្លាប់សត្វ មិនលួចឆក់ មិនរួមប្រវេណី មិននិយាយកុហក មិនសេពទឹកស្រវឹង មិនបរិភោគអាហារតាំងតែថ្ងៃត្រង់ទៅ មិនរាំ ច្រៀង ប្រគុំភ្លេង មើលល្បែងរបាំ ប្រើគ្រឿងក្រអូបឬគ្រឿងប្រដាប់ មិនទទួលទានដំណេកក្នុងទីធំទ្រនំខ្ពស់ (ឧបោសថ)
៩ ប្រើបញ្ញាឃើញជាក់ច្បាស់ក្នុង ទុក្ខ សមុទ័យ និរោធ មគ្គ (អរិយធម៌)
១០ សិក្សាប្រតិបត្តិក្នុងសិល សមាធិ បញ្ញា ឲ្យដឹងពិតឃើញពិត (សិក្ខា)
                ការអធិប្បាយបន្ថែមថាខទី៥ ដែលនិយាយថាឲ្យវៀរចាកការសេពកាម តែខទី៦ ឲ្យរីករាយក្នុងគូរបស់ខ្លួននោះ ព្រោះថាការប្រព្រឹត្តព្រហ្មចារិយក្នុងទីនេះមានន័យដល់ បុគ្គលទូទៅដែលអាចមានគ្រួសារហើយ ក៏ប្រព្រឹត្តព្រហ្មចារិយបានដោយការវៀរចាកការរួមប្រវេណី ដូចជាក្នុងថ្ងៃសំខាន់ៗជាដើម។

៣៣ ការឃើញអរិយសច្ច
ឃើញដឹងស្គាល់ ការពិត អ្វីទៀងទាត់
មិនប្រែព្រាត់ បួនយ៉ាង ខុសវង្វេង
កាត់តណ្ហា មូលរាគៈ ទុក្ខចំបែង
ផុតសង្រេង ឆ្លងដល់ត្រើយ មហាសាគរ។
អរិយសច្ច មានន័យដល់ការពិតដ៏ប្រសើរ គោលនៃអរិយសច្ចមាន ៤ប្រការ តាមដែលលោកបានទូន្មានប្រៀនប្រដៅមានដូចតទៅនេះ ៖
១ ទុក្ខ គឺក្តីមិនសប្បាយកាយមិនសប្បាយចិត្ត សេចក្តីពិតរបស់សត្វលោកគ្រប់គ្នាត្រូវមានទុក្ខ ៣ ប្រការគឺ ការកើត ការចាស់ ការស្លាប់ ក្រៅពីនេះក៏មានសេចក្តីទុក្ខដែលជាអាការៈ ឬកើតចេញពីសភាពជុំវិញសរុបបានដូចតទៅនេះ ៖
-       សេចក្តីសោកសៅ (សោកៈ)
-       សេចក្តីត្អូញត្អែរដោយការខូចចិត្ត (បរិទេវៈ)
-       សេចក្តីឈឺថ្កាត់ (ទុក្ខៈ)
-       សេចក្តីខូចចិត្ត (ទោមនស្សៈ)
-       សេចក្តីអល់អែក អស់សង្ឃឹម ចង្អៀតចិត្ត (ឧបាយាសៈ)
-       ការគ្រាំចិត្ត អស់សង្ឃឹមពីអ្វីដែលមិនស្រឡាញ់ (អប្បិយេហិ សម្បយោគៈ)
-       ការព្រាត់ប្រាសពីអ្វីដែលស្រឡាញ់ (បិយេហិ វិប្បយោគៈ)
-       សេចក្តីមួរហ្មងពេលប្រាថ្នាហើយមិនបាននូវអ្វីនោះ (យំម្បិច្ឆំ នលភតិ)
២ សមុទ័យ គឺហេតុដែលធ្វើឲ្យកើតទុក្ខ ក្រៅពីហេតុនៃទុក្ខដូចបានពោលមកហើយនោះ ដើមទីរបស់ទុក្ខក៏នៅក្នុងចិត្តរបស់យើងផងនោះ ក៏គឺចំណង់ លោកថាជាតណ្ហា ៣ យ៉ាង បែងចេញបានដូចតទៅនេះ ៖
-       សេចក្តីចង់បាន មានន័យរួមដល់ចង់បានគ្រប់យ៉ាងដែលនាំមកស្នងសម្ផស្សទាំង ៥ និងកាមារម្មណ៍ (កាមតណ្ហា)
-       សេចក្តីចង់កើត គឺការចង់កើតជានោះជានេះ (ភវតណ្ហា)
-       សេចក្តីមិនចង់កើត គឺការមិនពេញចិត្តក្នុងអ្វីដែលខ្លួនឯងមាន (វិភវតណ្ហា)
៣ និរោធ គឺសេចក្តីរលត់ទុក្ខ សភាវៈដែលតណ្ហារលត់អស់ ភាពរួចចាកផុត ឬមានន័យដល់សភាវៈរបស់ព្រះនិពា្វននោះឯង។
៤ មគ្គ គឺចំណុចប្រតិបត្តិ ឬផ្លូវដែលនាំទៅរកការរំលត់ទុក្ខ ការធ្វើដំណើរផ្លូវកណ្តាលដើម្បីទៅឲ្យដល់ការរំលត់ទុក្ខ គឺ មគ្គ មាន ៨ប្រការគឺ ៖
-       ការឃើញត្រូវ ដូចជាសេចក្តីសទ្ធាជាដំបូងចំពោះគោលធម៌ ពាក្យប្រៀនប្រដៅ ដូចជាការជឿកម្មល្អ កម្មអាក្រក់មានពិតជាដើម (សម្មាទិដ្ឋិ)។
-       ការត្រិះរិះត្រូវ ឬការគិតត្រូវ មានការគិតត្រូវតាមគោលធម៌ ដូចជាការប្រើបញ្ញាពិចារណា ភាពមិនទៀងនៃសង្ខារ ឬការមិនគិតចង់បានរបស់គេ មកជារបស់ខ្លួនជាដើម (សម្មាសង្កប្បៈ)
-       ចចារត្រូវ គឺការប្រតិបត្តិតាមគោលធម៌ មិននិយាយកុហក មិននិយាយចាក់ដោត មិននិយាយគំរោះគំរើយ មិននិយាយផ្តេសផ្តាសជាដើម (សម្មាវាចា)
-       ធ្វើការត្រូវ ឬការមានទង្វើដែលមិនខុសគោលសិលធម៌ ដូចជាមិនសម្លាប់សត្វ មិនលួចឆក់ទ្រព្យជាដើម (សម្មាកម្មន្តៈ)
-       ចិញ្ចឹមជីវិតត្រូវ គឺការប្រកបរបររកស៊ីក្នុងផ្លូវដែលត្រូវ មិនបៀតបៀនឬធ្វើឲ្យក្តៅក្រហាយដល់សត្វឬអ្នកដទៃ ស្ថិតក្នុងគោលធម៌ដែលកំណត់ ដូចជា គ្មានអាជីពជួញដូរមនុស្ស ឬអាជីពជួញដូរអាវុធជាដើម (សម្មាអាជីវៈ)
-       សេចក្តីសង្វាតត្រូវ គឺការខ្នះខ្នែងទំនុកបំរុងក្នុងអ្វីដែលត្រឹមត្រូវ មានជាអាទិ៍ដូចជា ការព្យាយាមលះបង់កិលេសចេញពីចិត្ត ឬការព្យាយាមសង្រួម កាយ វាចា ចិត្តឲ្យដំណើរតាមគោលធម៌របស់លោកជាដើម (សម្មាវាយាមៈ)
-       សេចក្តីរឮកត្រូវ គឺមានសតិតាំងមាំក្នុងអ្វីដែលត្រឹមត្រូវតាមគោលធម៌ ដូចជាការរឮកដល់សេចក្តីស្លាប់ដែលត្រូវកើតចំពោះទាំងអស់គ្នាជាដើម (សម្មាសតិ)
-       ចិត្តតាំងមាំត្រូវ គឺមានចិត្តដែលមានសមាធិ មិនឆ្វេចឆ្វាចឬគិតច្របូកច្របល់ និងការធ្វើសមាធិភាវនាតាមគោលការដែលលោកបានបញ្ញត្តិណែនាំទុកឲ្យ (សម្មាសមាធិ)
ការធ្វើឲ្យដឹងពិតក្នុងព្រះនិពា្វន
និពា្វន គឺសភាវៈរបស់ចិត្តដែលរលត់កិលេសបានអស់ហើយ រួចចាកផុតពីអំណាចកម្ម និងមិនវិលវល់ក្នុងសង្សារវដ្តតទៅទៀត ដែលគឺរួចផុតពីទុក្ខនោះឯង។
លោកថាលក្ខណៈរបស់និពា្វនមាន ២ លំដាប់ ដូចតទៅនេះ ៖
១ ការរលត់កិលេសខណៈដែលនៅមានបញ្ចខ័ន្ធនៅឡើយ ឬការចូលដល់និពា្វនខណៈដែលនៅមានជីវិតរស់នៅ (សឧបាទិសេសនិពា្វន)
២ ការរលត់កិលេសដែលមិនមានបញ្ចខ័ន្ធនៅសេសសល់ គឺការដែលរាងកាយរបស់យើងបែកធ្លាយទៅហើយ ទៅសោយសុខជា  អមតៈក្នុងព្រះនិពា្វន (អនុបាទិសេសនិពា្វន)
ការដែលនឹងចូលដល់និពា្វនបាន ក៏ត្រូវប្រតិបត្តិធម៌និងចំរើនសមាធិភាវនារហូតដល់ថ្នាក់ខ្ពស់បំផុត។

៣៤ ការធ្វើឲ្យដឹងពិតនូវព្រះនិព្វាន
ធ្វើឲ្យច្បាស់ និពា្វន ផ្លាញសំយោជន៍
ទោសតិចហោច ធាតុខ័ន្ធ កាត់បន្ថយ
យកអរហន្ត មគ្គឈាន អស់ក្តៅរោល
បានចូលដល់ និពា្វន សំរាន្តណាស់។
ការធ្វើឲ្យដឹងពិតក្នុងព្រះនិពា្វន
និពា្វន គឺសភាវៈរបស់ចិត្តដែលរលត់កិលេសបានអស់ហើយ រួចចាកផុតពីអំណាចកម្ម និងមិនវិលវល់ក្នុងសង្សារវដ្តតទៅទៀត ដែលគឺរួចផុតពីទុក្ខនោះឯង។
លោកថាលក្ខណៈរបស់និពា្វនមាន ២ លំដាប់ ដូចតទៅនេះ ៖
១ ការរលត់កិលេសខណៈដែលនៅមានបញ្ចខ័ន្ធនៅឡើយ ឬការចូលដល់និពា្វនខណៈដែលនៅមានជីវិតរស់នៅ (សឧបាទិសេសនិពា្វន)
២ ការរលត់កិលេសដែលមិនមានបញ្ចខ័ន្ធនៅសេសសល់ គឺការដែលរាងកាយរបស់យើងបែកធ្លាយទៅហើយ ទៅសោយសុខជា  អមតៈក្នុងព្រះនិពា្វន (អនុបាទិសេសនិពា្វន)
ការដែលនឹងចូលដល់និពា្វនបាន ក៏ត្រូវប្រតិបត្តិធម៌និងចំរើនសមាធិភាវនារហូតដល់ថ្នាក់ខ្ពស់បំផុត។
ព្រះពុទ្ធឃោសាចារ្យ អ្នករចនាគម្ពីរ៍វិសុទ្ធមគ្គ លោកជាព្រះអរហន្តថ្នាក់បដិសមភិទាញាណលោកបានអធិប្បាយដល់ការរឮកដល់គុណព្រះនិពា្វន ដោយលោកលើកយកបាលី ៨ ខ ទុកជាបន្ទាត់ដើម្បីរឮក ដូចដែលនាំមកពោលជាគ្រឿងឧបករណ៍ក្នុងការរឮកដូចតទៅនេះ ៖
បាលីប្រារព្វព្រះនិពា្វន ៨
១ មទនិម្មទនោ ប្រែថា ព្រះនិពា្វនញាំញីបង់នូវក្តីស្រវឹង មានក្តីស្រវឹងក្នុងភាពជាកម្លោះ និងស្រវឹងក្នុងជីវិត ដោយគិតថាខ្លួនមិនស្លាប់ជាដើម ឲ្យចេញអស់ពីអារម្មណ៍ គឺគិតជាធម្មតាជានិច្ចថា ជីវិតនេះគ្មានអ្វីទៀងទេ លោកនេះទាំងមូលមានក្តីវិនាសនៅទីបំផុត។
២ បិបាសវិនយោ ប្រែថា ព្រះនិពា្វន បន្ថយនូវតម្រេក គឺចំណង់សម្រើប រីករាយក្នុងកាមគុណ ៥ បានដល់ រូប សម្លេង ក្លិន រស និងការប៉ះពាល់សម្ផស្ស។
៣ អាល្យសមុគឃាតោ ប្រែថា ព្រះនិពា្វន ដកបង់ចេញនូវអាល័យក្នុងកាមគុណ ៥ មានន័យថា លោកឲ្យចូលដល់ព្រះនិពា្វន គឺអស់មានកិលេសហើយ រមែងមិនជំពាក់ជំពិនក្នុងកាមគុណ ៥ ឃើញកាមគុណ ៥ បីដូចជាឃើញសាកសព។
៤ វ័ដ្តប័ច្ឆេទោ ប្រែថា ព្រះនិពា្វន កាត់បង់ចេញនូវអន្លង់ទាំង ៣ គឺ កិលេសវដ្ត បានដល់កាត់កិលេសបានអស់រលីង គ្មានក្តីមួរហ្មងក្នុងកិលេសសល់នៅសូម្បីបន្តិចឡើយ កម្មវដ្ត កាត់កម្មដែលជាបាបអកុសល វិបាកវដ្ត គឺកាត់ផលកម្មដែលជាអកុសលបានអស់រលីង។
៥ តណ្ហៈខយោ វិរាគោ និរោធោ ប្រែថា និពា្វនធម៌នោះ ដល់នូវភាពអស់ទៅនៃតណ្ហា តណ្ហាលែងកម្រើកទៀត មានក្តីណាយក្នុងតណ្ហា គ្មានក្តីពេញចិត្តក្នុងតណ្ហាទៀត រលត់តណ្ហាបានអស់ឈឹង គ្មានតណ្ហាសូម្បីបន្តិចកម្រើកឡើងឡើយ។
៦ និពា្វនំ ប្រែថា រលត់អស់នូវកិលេស តណ្ហា ឧបាទាន កម្មអំណាចទាំង ៤ នេះ មិនមានឧិកាសនឹងឲ្យផលដល់លោកដែលមានចិត្តចូលដល់ព្រះនិពា្វនហើយនោះបានទេ ខដែលប្រាកដនេះមានត្រឹម ៦ខ ការពិតខទី ៥ លោករួមបញ្ចូល៣ជាមួយគ្នា គឺ តណ្ហៈខយោ១ វិរាគោ១ និរោធោ១ ខនេះរួមគ្នាចាត់ទុកជា៣ទៀត ទើបគំរប់ជា ៨ខនោះឯង ។
លោកប្រដៅឲ្យតាំងចិត្តកំណត់អំពើល្អរបស់ព្រះនិពា្វន តាមក្នុងបាលីទាំង ៨ខ ទោះបីខណាមួយក៏ដោយតាមការពេញចិត្ត តែលោកបានណែនាំទុកទៀតថា បរិកម្មភាវនាថា នីពា្វនំ នោះឯងល្អខ្លាំងណាស់ភាវនាទៅ រហូតដល់ចិត្តចូលក្នុងឧបចារឈាន ដោយចិត្តរម្ងាប់និវរណ៍ ៥ បានរលត់ហើយ ចូលដល់ឧបចារឈាននៅទីបំផុត កម្មដ្ឋាននេះ ដែលលោកពោលថាបានដល់ទីបំផុត ត្រឹមឧបចារឈានក៏ព្រោះ ជាកម្មដ្ឋានលម្អិតសុខុម និងប្រើអារម្មណ៍សញ្ជឹងថ្លឹងថ្លែងជាធម្មតា កម្មដ្ឋាននេះទើបមានកម្លាំងមិនដល់ឈាន។
អានិសង្ស
អានិសង្សដែលប្រើអារម្មណ៍សញ្ជឹងថ្លឹងថ្លែងដល់ព្រះនិពា្វននេះមានផលណាស់ ជាបច្ច័យឲ្យលះបង់អារម្មណ៍ដែលឡូកឡំដោយអំណាចកិលេស និងតណ្ហា ឃើញទោសក្នុងវដ្តៈ ជាបច្ច័យឲ្យស្វែងរកផ្លូវប្រតិបត្តិដើម្បីភាពរួចទុក្ខ ដែលជាបដិបទាទៅរកព្រះនិពា្វន ជាកម្មដ្ឋានដែលអ្នកប្រតិបត្តិបានផលជាកម្រៃ ព្រោះជាបច្ច័យឲ្យចូលដល់ភាពជាព្រះអរិយៈបានយ៉ាងងាយ សូមលោកអ្នកអ្នកប្រតិបត្តិចូរយកចិត្តទុកដាក់កម្មដ្ឋានកងនេះឲ្យបានច្រើននិងស្វែងរកផ្លូវប្រតិបត្តិ ឲ្យចូលត្រង់ទៅរកព្រះនិពា្វនមកប្រតិបត្តិ លោកអ្នកមានឧិកាសនឹងចូលទៅរកព្រះនិពា្វនបានយ៉ាងមិនលំបាកទេ ព្រោះរឮកនឹកដល់ព្រះនិពា្វនជាអារម្មណ៍នេះ ជាអង្គមួយក្នុងអង្គបីរបស់ព្រះសូដាប័ន ឈ្មោះថាលោកឈានចូលទៅជាព្រះសូដាប័នមួយអង្គក្នុងចំណោមបីនៃអង្គព្រះសូដាប័នហើយ សល់ពីរទៀតគួរត្រូវស្វែងរកឲ្យបានគ្រប់។
ព្រះនិពា្វនមិនសូន្យ
លោកអ្នកប្រតិបត្តិ បានកំណត់កម្មដ្ឋានក្នុងឧបសម្មានុស្សតិនេះហើយ លោកអ្នកអាចនឹងជួបបញ្ហាស្មុគស្មាញក្នុងគំនិត ក្នុងរឿងព្រះនិពា្វននេះជាមិនខាន ព្រោះបណ្តាអ្នកគិតអ្នកសរសេរទាំងឡាយ បាននាំគ្នាឃោសនាមកជាច្រើនរយឆ្នាំហើយថា ព្រះនិពា្វនមានសភាពសូន្យ តែពេលមកអានគម្ពីរបស់ព្រះអរហន្តលោកសរសេរ គឺគុម្ពីវិសុទ្ធមគ្គ លោកបែរជាអះអាងថា ព្រះនិពា្វនមិនសូន្យ ដូចលោកអ្នកបានឮតាមបាលីទាំង ៨ ដែលលោកលើកយកមកជាអង្គភាវនានោះគឺ មទនិម្មទនោ ព្រះនិពា្វនញាំញីបង់នូវក្តីស្រវឹងក្នុងជីវិត បិបាសវិនយោ ព្រះនិពា្វនបន្ថយនូវតម្រេកក្នុងកាមគុណ ៥ អាល្យសមុគឃាតោ ព្រះនិពា្វនដកបង់ចេញនូវអាល័យក្នុងកាមគុណ វ័ដ្តប័ច្ឆេទោ ព្រះនិពា្វនកាត់បង់ចេញនូវអន្លង់ទាំង៣ឲ្យដាច់ តណ្ហៈខយោ ព្រះនិពា្វនមានតណ្ហាអស់ហើយ ឬអស់តណ្ហាហើយចូលទៅរកនិពា្វន វិរាគោ មានក្តីធុញទ្រាន់ក្នុងតណ្ហា និរោធោ រម្ងាប់តណ្ហាបានរលត់សូន្យឈឹងហើយ ដោយតណ្ហាលែងកំរើកទៀត និពា្វនំ  មានភាពរលត់ឈឹងហើយពីកិលេស តណ្ហា ឧបាទានកម្ម ដែលជាហេតុឲ្យកើតទៀតនៅក្នុងវដ្តសង្សារ។

៣៥ មានចិត្តមិនញាប់ញ័រក្នុងលោកធម៌
អ្នកទាំងឡាយ ចិត្តគង់ នៅត្រង់ជាក់
ពេលមានធ្នាក់ លោកធម៌ មកសង្កត់
គឺលាភយស សុខសៅ ទាញពង្រត់
មិនបែរបត់ ធ្លាក់ចូល រំជួលចិត្ត។
ពាក្យថាលោកធម៌ មានន័យដល់រឿងរ៉ាវដែលកើតឡើងជាប្រចាំនៅលើលោកនេះ ដែលយើងមិនគួរមានចិត្តញាប់ញ័រចំពោះអ្វីទាំងឡាយនោះឡើយ លោកថាលក្ខណៈរបស់លោកធម៌មាន ៤ប្រការគឺ ៖
១ ការបានលាភ ពេលមានលាភផលក៏រមែងមានភាពថមថយទៅវិញជាធម្មតា មានហើយក៏រមែងអស់ទៅវិញបាន ត្រឹមជាសេចក្តីសុខបណ្តោះអាសន្នប៉ុណ្ណោះ។
២ ការបានយស យសថាបណ្តាស័ក្តិសុទ្ធតែជាអ្វីដែលសន្មត់ឡើងមកទាំងអស់ ជាអ្វីដែលមនុស្សព្រមទទួលយកយ៉ាងនេះយកយ៉ាងនោះ ពេលអស់យសក៏អស់បារមី។
៣ ការបានទទួលការសរសើរ ទីណាមានអ្នកនិយមចូលចិត្ត ទីនោះក៏រមែងត្រូវមានអ្នកស្អប់ជារឿងធម្មតា ការត្រូវនិន្ទាទើបមិនមែនជារឿងខុសធម្មតា។
៤ ការបានទទួលសេចក្តីសុខ ទីណាមានសុខ ទីនោះក៏មានទុក្ខដែរ មានសេចក្តីសុខហើយកុំឈ្លក់វង្វេងរហូតភ្លេចនឹកឃើញក្តីទុក្ខដែលបង្កប់ខ្លួនមកជាមួយ។
ការធ្វើឲ្យចិត្តមិនញាប់ញ័រក្នុងលោកធម៌ មានវិធីដូចតទៅនេះគឺ ៖
១ ប្រើបញ្ញាពិចារណា ដោយតាំងនៅក្នុងគោលធម៌របស់ព្រះពុទ្ធសាសនា ពិចារណាហើយពិចារណាទៀតនូវគោលធម៌ទាំងឡាយ។
២ ចំរើនសមាធិភាវនា ប្រើកម្មដ្ឋានពិចារណាដល់ភាពអាចទៅរួចក្នុងភាពមិនទៀងទាត់ក្នុងសព្វសត្វទាំងឡាយ នៅលើលោកនិង   សង្ខារ។

៣៦ មានចិត្តមិនសោកសៅ
គ្រាប្រាសចាក ព្រាត់ញាតិ បាត់ជីវ៉ា
គិតសោកា សៅហ្មង មួរទុក្ខធំ
មានសតិ គ្រងចិត្ត ឃុំអារម្មណ៍
មិនក្រៀមក្រំ ដល់កាយ ក្លាយជាឈឺ ។
លោកថាមានហេតុ ២ ប្រការ ដែលធ្វ់ឲ្យចិត្តរបស់យើងត្រូវសោកសៅ គឺ ៖
១ ក្តីសោកសៅដែលកើតឡើងដោយសារការស្រឡាញ់ រួមដល់ស្រឡាញ់របស់របរ ទ្រព្យសម្បត្តិមាសប្រាក់ជាដើម។
២ ក្តីសោកសៅដែលកើតចេញពីតម្រេក
ការធ្វើឲ្យចិត្តមិនសោកសៅនោះ មានចំណុចណែនាំដូចតទៅនេះ ៖
១ ប្រើបញ្ញាពិចារណាជារឿយៗ ពីភាពមិនទៀងទាត់ក្នុងអ្វីៗទាំងឡាយនិងរាងកាយរបស់យើង។
២ មិនស្អិតជាប់ក្នុងរូបរាង ឬភាពស្ថិតថេរចិរកាល ក្នុងមនុស្សឬរបស់របរថាជារបស់យើង។
៣ គ្រប់យ៉ាងក្នុងលោកសុទ្ធតែប្រែប្រួលរាល់ខណៈ សូម្បីរាងកាយយើងក៏ត្រឹមជាទីស្នាក់អាស្រ័យបណ្តោះអាសន្នប៉ុណ្ណោះ។
៤ គិតថាសព្វសត្វទាំងឡាយទាំងពួងសុទ្ធតែមិនទៀងទាត់ទាំងអស់។

៣៧ មានចិត្តប្រាសចាកកិលេស
អស់រាគៈ មោហៈ ទោសៈហើយ
ចិត្តធូរស្បើយ ប្រសើរ ជាប្រត្យ័ក្ស
រមែងថ្លៃ ខ្ពស់ពិត លើសមាសប្រាក់
ដូចសុរិយៈ ជះពន្លឺ ចែងត្រចង់។
កិលេស គឺអ្វីដែលធ្វើឲ្យកើតក្តីសៅហ្មង ដែលបានដល់ សេចក្តីលោភ សេចក្តីក្រោធ សេចក្តីវង្វេង លោកបានបែងចែកប្រភេទរបស់កិលេសដូចតទៅនេះ គឺ ៖
១ រាគៈ អាចបែងចែកចេញបន្តទៀតបានដល់
-       សេចក្តីលោភយ៉ាងខ្លាំងក្លារហូតសំដែងចេញមក ដូចជាការលួចឆក់ ប្លន់ជំរិត  រំលោភអានាចារជាដើម (អភិជឈាវិសមលោភៈ)
-        សេចក្តីផ្តោតនឹងយករបស់អ្នកដទៃមកធ្វើជារបស់ខ្លួន មានចិត្តចង់បានរបស់អ្នកដទៃ តែនៅមិនទាន់សំដែងចេញ        (អភិជឈា)
-       សេចក្តីចង់បានក្នុងផ្លួវមិនត្រូវ ដូចជាការព្រមទទួលសំណូក ការទុច្ចរិតដើម្បីដោះដូរជាមួយការមានទ្រព្យជាដើម (បាបិច្ឆា)
-       សេចក្តីលោភគិតតែបាន ដោយការយកមកធ្វើជារបស់ខ្លួនលើសពីល្មមសមគួរ យកប្រយោជន៍ដាក់ខ្លួនដោយមិនគិតពីអ្នកដទៃ (មហិច្ឆា)
-        សេចក្តីរីករាយក្នុងកាម ក៏គឺនៅមិនអាចលះបង់សកម្មភាពផ្លូវភេទបាន នៅមានអារម្មណ៍ មានឈ្នួនដុតរោល មានក្តីពេញចិត្តក្នុងរឿងភេទ (កាមរាគៈ)
-       សេចក្តីរីករាយក្នុងរូបធម៌ដ៏ប្រណិត ក៏គឺស្អិតជាប់ក្នុងអារម្មណ៍នូវរូបឈាន ប្រាថ្នាក្នុងរូបនៃភពពេលធ្វើសមាធិថ្នាក់ខ្ពស់ឡើង (រូបរាគៈ)
-       សេចក្តីរីករាយក្នុងរូបឈាន ក៏គឺស្អិតជាប់ក្នុងអារម្មណ៍នៃអរូបឈានពេលធ្វើសមាធិដល់ភពនៃអរូបព្រហ្ម (អរូបរាគៈ)
២ ទោសៈ អាចបែងចេញបានដល់
-       ព្យាបាទ គឺការចងចិត្តអាឃាដ មានចិត្តដែលមិនមែនជាបំណងល្អ ការចងពៀរ
-       ទោសៈ គឺការគិតប្រទូស្តរាយ អាស្រ័យដោយមានចិត្តព្យាបាទហើយ ក៏មានចិត្តគិតប៉ងធ្វើឲ្យអន្តរាយ
-       កោធៈ គឺសេចក្តីក្រោធ ក្តីក្តៅក្រហាយចិត្ត ដែលបីដូចភ្លើងដុតរោលខ្លួនឯង
-       បដិឃៈ គឺក្តីទាស់ចិត្ត ការមិនពេញចិត្តដែលធ្វើឲ្យអារម្មណ៍មួរម៉ៅ
៣ មោហៈ អាចបែងចេញបានដល់
-       សេចក្តីឃើញខុសជាត្រូវ ដូចជាការមិនជឿក្នុងរឿងបាបបុណ្យគុណទោសជាដើម (មិច្ឆាទិដ្ឋិ)
-       សេចក្តីវង្វេងខុស មិនដឹងតាមការពិត (មោហៈ)
-       ការឃើញថាមានរូបរាង ដូចជាការជឿក្នុងអ្វីដែលសម្លឹងឃើញដោយភ្នែកទទេប៉ុណ្ណោះ (សំកាយទិដ្ឋិ)
-       ក្តីសង្ស័យ គឺសង្ស័យក្នុងព្រះធម៌ ពាក្យប្រៀនប្រដៅក្នុងរឿងការប្រតិបត្តិដើម្បីការរួចផុតទុក្ខ (វិចិកិច្ឆា)
-       ការប្រកាន់យ៉ាងងប់ងល់ ដូចជាការទៅក្រាបសំពះអារុក្ខអារ័ក្សអ្នកតាដែលនៅតាមដើមឈើ សុំលាភជាដើម (សិល័ព្ពតប្រាមាស)
-       សេចក្តីប្រកាន់ខ្លួន គឺការសំខាន់ខ្លួនឯងខុសថាជាយ៉ាងនេះយ៉ាងនោះ (មានៈ)
-       សេចក្តីជ្រួលជ្រើម គឺការដែលចិត្តឆ្វេចឆ្វាច គិតរឿងឥតសារៈ មិននៅក្នុងគន្លងក្នុងជួរ គ្មានសមាធិ ឬការធ្វើសមាធិមិនស្ងៀម (ឧទធ័ច្ចៈ)
-       សេចក្តីមិនដឹងពិត គឺការដឹងត្រឹមច្បោលៗ ឬការគិតស្មានតែខ្លួនឯង មិនប្រតិបត្តិតាមគោលព្រះធម៌ នៅមិនកើតបញ្ញា (អវិជ្ជា)
ទោសនៃការមានកិលេសដូចពោលរួចមកហើយ អាចសរុបបានខ្លីៗដូចតទៅនេះ ៖
១ រាគៈ មានទោសតិច តែរសាយយឺត
២ ទោសៈ មានទោសច្រើន តែរសាយឆាប់
៣ មោហៈ មានទោសច្រើន តែរសាយយឺត

៣៨ មានចិត្តក្សេម
ចិត្តក្សេមក្សាន្ត ប្រាណសុខ មុខល្អល្អះ
ចាកឧិឃៈ អន្លង់ ក្នុងលោកីយ៍
ស្រាយចំណង ចងភ្ជាប់ តាមនិស្ស័យ
ចូលដល់ក្តី សុខសាន្ត ជានិរន្តរ៍។
ក្សេមមានន័យដល់សេចក្តីសុខសប្បាយ ឬសភាពដែលមានចិត្តជាសុខ មានចិត្តក្សេម ក៏គឺថា មានចិត្តដែលជាសុខក្នុងទីនេះ មានន័យដល់ការលះរួចហើយនូវកិលេស ដែលលោកចែងទុកថាជាចំណង ៤ ប្រការគឺ ៖
១ ការលះកាមយោគៈ គឺការលះសេចក្តីរីករាយក្នុងវត្ថុ របស់មានជីវិតទាំងឡាយហៅថាកាមគុណដែលប្រកបដោយ រូប រស ក្លិន សម្លេង និងសម្ផស្ស។
២ ការលះភាវយោគៈ គឺការលះសេចក្តីរីករាយក្នុងភព ដោយឲ្យឃើញថាអ្វីទាំងឡាយក្នុងលោកសុទ្ធតែមិនទៀងទាត់ ឬមិនអាចគង់នៅជារហូតបានឡើយ។
៣ ការលះទិដ្ឋិយោគៈ គឺការលះសេចក្តីរីករាយក្នុងការឃើញខុសជាត្រូវ ដោយឲ្យដំណើរតាមគោលប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់ដែលពោលមកហើយ។
៤ ការលះអវិជ្ជាយោគៈ គឺការលះសេចក្តីរីករាយក្នុងអវិជ្ជាទាំងឡាយ ការមិនដឹងទាំងឡាយ ដោយឲ្យផ្តោតប្រតិបត្តិដើម្បីបញ្ញាដែលដឹងច្បាស់ដឹងពិត៕
ចប់ដោយបរិបូណ៌

0 comments:

Post a Comment

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់
សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
កូរ៉េខាងត្បូង
ជម៉ុន
និងប្រទេសជាច្រើនទៀត

Cheap Women's Clothes 6000+ Style low to $93000+ unlocked Cell Phone. Low Price $29 up+ Free Shipping6000+ Gadgets at Bargain Price @everbuying.com

Buddhist Books

Popular Posts

Cambodian Temple

Total Pageviews