Powered by Blogger.

គាថាផ្សេងៗ​​ ​ VERSES

នត្តិ សន្តិ បរំ សុខំ ពុំមានសេចក្តីសុខណា ស្មើសេចក្តីស្ងាប់ឡើយ!.. សូមអោយសព្វសត្វទាំងអស់ បាននូវសេចក្តីសុខ!May all beings be well and happy!..

Friday, September 5, 2014
 
នំ​ខ្មែរ​ធ្វើ​ពី​អង្ករ
នំ (ន.) ចំណី​ដែល​គេ​ធ្វើ​ដោយ​អង្ករ​ឬ​ដោយ​ម្សៅ​ជាដើម​ ចម្អិន​ឲ្យ​នៅ​ស្រស់​មាន​ទឹក​ឬ​គោក​ក៏​មាន ឲ្យ​ក្រៀម​ក៏​មាន មាន​ប្រភេទ​និង​ឈ្មោះ​​ផ្សេងៗ [(បា. ហៅ ខាទនីយខាទនីយាហារ) រាប់​ចូល​ក្នុង​ពួក​ចំណី​ឬ​បង្អែម​​គ្រប់​មុខ] ។
ខាងក្រោម​នេះ​ជា​ឈ្មោះ​នំ​ដែល​ធ្វើ​ពី​អង្ករ និង​ការ​ពិពណ៌នា​សង្ខេប​អំពី​ប្រភេទ​នំ​ទាំងនោះ​ក្នុង​ការ​ប្រើប្រាស់​ក្នុង ​ពិធី​ផ្សេងៗ​ដែល​គេ​តែង​ប្រទះ​ឃើញ​នៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ ប្រជាជន​ខ្មែរ ។

នំអន្សម

នំអន្សម (រូប ក) ធ្វើ​ដោយ​វេច​ក្នុង​ស្លឹក​ចេក គេ​អាច​យក​វា​ទៅ​ចម្អិន​ដោយ ស្ងោរ ចំហុយ ​ឬ​អាំង ។ គ្រឿងផ្សំ​របស់​វា​មាន​ច្រើន​ប្រភេទ​ដែល​នាំ​ឱ្យ​មាន​ឈ្មោះ​ផ្សេងៗ​ដូច​ ខាងក្រោម ៖
  1. អន្សមជ្រូក: យក​សាច់​ជ្រូក​លាយ​ជាមួយ​សណ្តែកបាយ​ធ្វើ​ជា​ស្នូល ។ បន្ទាប់​មក​គេ​យក​វា​ទៅ​ស្ងោរ​ឱ្យ​ឆ្អិន ហៅ​ថា នំអន្សមជ្រូក ។
  2. អន្សមចេក: អន្សម​ប្រភេទ​នេះ គឺ​គេ​យក​ចេកទុំ​ទៅ​ធ្វើ​ជា​ស្នូល រួច​យក​ទៅ​ស្ងោរ​ឱ្យ​ឆ្អិន ហៅ​ថា នំអន្សមចេក ។
  3. អន្សមដូង: គេ​យក​សាច់ដូង​ទៅ​លាយ​ជាមួយ​អង្ករ​ដំណើប រួច​យក​ទៅ​ចំហុយ​ឱ្យ​ឆ្អិន ហៅ​ថា នំអន្សមដូង ។
  4. អន្សមខ្នុរ: គឺ​គេ​យក​សាច់ដូង និង​សាច់​ខ្នុរ​លាយ​ជាមួយ​អង្ករ​ដំណើប រួច​យក​ទៅ​ចំហុយ​ឱ្យ​ឆ្អិន ដែល​គេ​ឱ្យ​ឈ្មោះ​ថា នំអន្សមខ្នុរ ។
  5. អន្សមអាំង: គឺ​ធ្វើ​ដូច​នំ​អន្សមចេក ប៉ុន្តែ​គេ​មិន​យក​វា​ទៅ​ស្ងោរ​នោះ​ទេ គឺ​គេ​យក​វា​ទៅ​អាំង ហៅ​ថា នំ​អន្សម​អាំង ។
ពិធីបុណ្យ: នំអន្សមជ្រូក និង​នំអន្សមចេក ត្រូវ​បាន​គេ​ធ្វើ/វេច ជា​ពិសេស សម្រាប់​ពិធីបុណ្យ​សាសនា​នានា​ដូច​ជា ពិធីបុណ្យ​ភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ​ខ្មែរ ពិធី​មង្គលការ ជាដើម​៘​
បរិភោគ/ប្រើប្រាស់: ប្រចាំ​ថ្ងៃ​ដូច​នំ​ដទៃ​ទៀត​ដែរ នំ​ទាំង​ពីរ​មុខ​ខាងលើ ក៏​ត្រូវ​បាន​គេ​ជួប​ប្រទះ​/បរិភោគ ពេញ​មួយ​ឆ្នាំ​ផង​ដែរ ។

នំគម

នំគម (រូប ខ) ត្រូវ​បាន​គេ​វេច​ក្នុង​ស្លឹកចេក ដែល​មាន​ស្នូល​ខាងក្នុង​ធ្វើ​ពី ល្ង ស្ករ សាច់ដូង ឬ សណ្តែកបាយ លាយ​ជាមួយ​ស្ករ ដែល​សម្បក​ខាងក្រៅ​ធ្វើ​ពី​ម្សៅ​អង្ករ​ដំណើប ។
ពិធីបុណ្យ: ជា​និច្ចកាល​តែងតែ​យក​មក​ប្រើ​រួម​គ្នា​ជាមួយ​នំអន្សមជ្រូក និង​នំអន្សមចេក នៅ​ក្នុង​ពិធី​ផ្សេងៗ ។
បរិភោគ/ប្រើប្រាស់: គេ​ក៏​តែង​ប្រទះ​ឃើញ​មាន​នំ​ប្រភេទ​នេះ​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ ។

នំបត់

នំបត់ (រូប គ) ស្រដៀង​ទៅ​នឹង​នំគម ប៉ុន្តែ​គេ​មិន​ប្រើ​ស្ករ​ជា​គ្រឿងផ្សំ​សម្រាប់​ធ្វើ​ស្នូល​ទេ​ គឺ​គេ​យក​អំបិល​លាយ​ជាមួយ​សណ្តែកបាយ សាច់​ជ្រូក ម្រេច និង​ខ្ទឹម ធ្វើ​ជា​ស្នូល ។
ពិធីបុណ្យ: ការ​រៀបចំ​វេច​នំ​ប្រភេទ​នេះ ជា​ទូទៅ​គេ​វេច​ក្នុង​ពេល​ដំណាលគ្នា​ជាមួយ​នំគម សម្រាប់​ប្រើប្រាស់​ក្នុង​ពិធី​ផ្សេងៗ ។
បរិភោគ/ប្រើប្រាស់: គេ​ក៏​តែង​ប្រទះ​ឃើញ​មាន​នំ​ប្រភេទ​នេះ​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ ។

នំជាល

នំជាល​ធ្វើ​ពី​ម្សៅ​អង្ករដំណើប​ថ្មីៗ​លាយ​ជាមួយ​ស្ករ រួច​យក​ទៅ​ចម្អិន និង​ចាក់​ចូល​ក្នុង​កន្ទោង​ស្លឹកចេក ។
ពិធីបុណ្យ: ការ​រៀបចំ​វេច​នំ​ប្រភេទ​នេះ ជា​ទូទៅ​គេ​វេច​ក្នុង​ពេល​ដំណាលគ្នា​ជាមួយ​នំគម ។
បរិភោគ/ប្រើប្រាស់: គេ​ក៏​តែង​ប្រទះ​ឃើញ​មាន​នំ​ប្រភេទ​នេះ​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ ។

នំចាំង

នំចាំង​មាន​ពីរ​ប្រភេទ​គឺ​នំចាំង​ប្រៃ និង​នំចាំង​ផ្អេម ។
  1. នំចាំង​ប្រៃ: ធ្វើ​ដោយ​យក​ម្សៅ​អង្ករដំណើប​ខ្ចប់​ក្នុង​ស្លឹក​ឫស្សី
  2. នំចាំង​ផ្អែម: ធ្វើ​ដោយ​ប្រើ​ម្សៅ​អង្ករដំណើប​ខ្ចប់​ក្នុង​ស្លឹកចេក
ពិធីបុណ្យ: នំ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ធ្វើ​យ៉ាង​ពិសេស​សម្រាប់​ពិធីបុណ្យ​សែន​នំចាំង ដែល​ជា​ទូទៅ​គេ​ប្រារឰ​ឡើង​ក្នុង​ខែឧសភា-មិថុនា ។
បរិភោគ/ប្រើប្រាស់: គេ​ក៏​តែង​ប្រទះ​ឃើញ​មាន​នំ​ប្រភេទ​នេះ​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ ។

នំ​លោកខែ (នំ​វេចកោរ)

នំ​លោកខែ​មាន ​ពណ៌​ស និង​រាង​មូល​ដូច​ព្រះខែ ធ្វើ​ពី​ម្សៅ​ដែល​បាន​មក​ពី​អង្ករដំណើប ដោយ​មាន​ស្នូល​ខាងក្នុង (ស្នូល​សណ្តែកបាយ ឬ ល្ង​ផ្អែម ជាដើម ៘) ។ នំ​ប្រភេទ​នេះ គេ​ធ្វើ​ដោយ​ប្រើ​ម្សៅ​អង្ករ​ដំណើប​ដុត ។
ពិធីបុណ្យ: នំ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ធ្វើ​យ៉ាង​ពិសេស​សម្រាប់​ពិធីបុណ្យ​សែន​លោកខែ ឬ វេច​កោរ (ជា​ពិធីបុណ្យ​ចិន-ខ្មែរ) ។
បរិភោគ/ប្រើប្រាស់: គេ​ក៏​តែង​ប្រទះ​ឃើញ​មាន​នំ​ប្រភេទ​នេះ​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ ។

នំ​ក្រឡាន

ក្រឡាន (រូប ង) ​ធ្វើ​ដោយ​យក​អង្ករ​ដំណើប​លាយ​ជាមួយ​សណ្តែកអង្គុយ និង​សាច់ដូង​ច្រកចូល​ទៅ​ក្នុង​បំពង់​ឫស្សី​ខ្ចី បន្ទាប់​មក​យក​វា​ទៅ​ដុត​ចម្អិន ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ

នំ​កន្តំ

នំកន្តំ​ធ្វើ​ដោយ​យក​អង្ករដំណើប​លាយ​ជាមួយ​សណ្តែកអង្គុយ រួច​ខ្ចប់​ទៅ​ក្នុង​ស្មុគ ដែល​ធ្វើ​ពី​ស្លឹក​ត្នោត រួច​យក​ទៅ​ស្ងោរ​ចម្អិន ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ

បាយដំណើប

បាយដំណើប​បាន​មក​ពី​ការ​ដាំបាយ ឬ​ចំហុយ​អង្ករដំណើប និង​យក​ទៅ​បរិភោគ​ជាមួយ​សាច់ដូង ល្ង និង​ពេល​ខ្លះ​អាច​បរិភោគ​ជាមួយ​ស្ករ ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ

បាយដំណើប​សង់ខ្យា

បាយដំណើប​សង់ខ្យា​បាន​មក​ពី​ការ​ដាំបាយ ឬ ចំហុយ​អង្ករដំណើប និង​យក​ទៅ​បរិភោគ​ជាមួយ​សង់ខ្យា ដែល​មាន​គ្រឿងផ្សំ​ពី​ពងមាន់ ខ្ទិះដូង និង​ស្ករ ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ

ទ្រៀបបាយ

ទ្រៀបបាយ​ បាន​មក​ពី​ការ​ដាំបាយ ឬ​ចំហុយ​អង្ករដំណើប រួច​លាយ​ច្របល់​ជាមួយ​ស្ករ ហើយ​ចាក់​ជា​ផែន​លើ​ថាស​ធំៗ បន្ទាប់​មក​គេ​កាត់​ជា​ដុំ​តូចៗ ដោយ​បរិភោគ​ជាមួយ​សាច់ដូង ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ

នំផ្លែអាយ

ផ្លែអាយ​ ជា​នំ​ធ្វើ​ពី​ម្សៅ​អង្ករដំណើប​លញ់​ជា​ដុំ​មូល​តូចៗ ដូច​ផ្លែ​ឈៀរ៍ ដែល​មាន​ដុំ​ស្ករត្នោត​រឹង​ជា​ស្នូល​ខាងក្នុង បន្ទាប់​មក​យក​ទៅ​ស្ងោរ​ចម្អិន ។ វា​មានទឹក​ស្ករ​ផ្អែម​ស្រាប់​សម្រាប់​បរិភោគ ។​
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ

នំ​ពពាយ

ពពាយ​ ជា​នំ​ធ្វើ​ពី​ម្សៅ​អង្ករដំណើប សូន​ជា​ដុំ​មូល​តូចៗ ដូច​ផ្លែ​ឈៀរ៍ ដែល​មាន​ស្នូល​សណ្តែកបាយ​ស្ងោរ​ឆ្អិន​ពី​ក្នុង បន្ទាប់​មក​យក​ទៅ​ស្ងោរ​ចម្អិន ។ នំ​នេះ​បរិភោគ​ជាមួយ​ទឹក​ស្ករ សាច់ដូង និង​ល្ង ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ

នំក្រូច

នំក្រូច​ ធ្វើ​ពី​ម្សៅ​អង្ករដំណើប រាង​ដូច​ផ្លែក្រូច ដែល​មាន​ស្នូល​សណ្តែកបាយ​ស្ងោរ​ខាងក្នុង ហើយ​ត្រូវ​បាន​ចម្អិន​ដោយ​យក​ទៅ​បំពង​ខ្លាញ់ ឬ​ប្រេង ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ

នំពងអន្សង

នំពងអន្សង​ ធ្វើ​ពី​ម្សៅ​អង្ករដំណើប មាន​ទំហំ និង​រាងដូចជា​ស៊ុត ដែល​មាន​ស្នូល​សណ្តែកបាយ​ស្ងោរ​ខាងក្នុង ហើយ​ត្រូវ​បាន​ចម្អិន ដោយ​យក​ទៅ​បំពង​ខ្លាញ់ ឬ​ប្រេង ។ នៅ​ពេល​វា​ឆ្អិន គេ​យក​វា​ទៅ​ប្រឡាក់​ស្ករ​ពី​ក្រៅ ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ

នំ​ខ្សែជីវ (នំ​វេញ នំខ្ញី)

នំខ្សែជីវនំ​វេញ ឬ ​នំខ្ញី ធ្វើ ​ឡើង​ដោយ​យក​ម្សៅ​អង្ករដំណើប​ធ្វើ​ឱ្យ​ទៅ​ជា​រាង​ខ្សែពួរ​អង្កាញ់ៗ​ពីរ និង​យក​ទៅ​បំពង​ប្រេង ។ នៅ​ពេល​វា​ឆ្អិន គេ​យក​វា​ទៅ​ប្រឡាក់​ស្ករ​ពី​ក្រៅ ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ

នំកង

នំកង​ ធ្វើ​ឡើង​ដោយ​ម្សៅ​អង្ករដំណើប​ធ្វើ​ឱ្យ​ទៅ​ជា​រាង​កងដៃ និង​យក​ទៅ​បំពង ។ នៅ​ពេល​វា​ឆ្អិន គេ​យក​វា​ទៅ​ប្រឡាក់​ស្ករ​តាំងម៉ែ​ពី​ក្រៅ ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ

នំ​លម្អងចេក

នំលម្អងចេក​ធ្វើ​ពី​ម្សៅ​អង្ករដំណើប​ស្ងួត រោយ​លើ​ខ្ទះ​ក្តៅ ហើយ​បន្ទាប់​មក​ចាក់​សាច់ដូង​ផ្អែម​ច្របល់​ចូល​ជាមួយ ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ

នំក្រៀប

នំក្រៀប​ធ្វើ​ពី​ម្សៅ​អង្ករដំណើប​ស្ងួត ដោយ​យក​ទៅ​អាំង​ក្នុង​ខ្ទះ​ធំៗ ប៉ុន្តែ​មាន​រាងស្តើងៗ និង​មូល​ដូច​ឆត្រ ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ

នំចាក់ចុល

នំចាក់ចុល​ធ្វើ​ពី​ម្សៅ​អង្ករដំណើប​ស្ងួត​ផ្អែម ដោយ​គេ​យក​ទៅ​បំពង ឬ​បង់​ក្នុង​ខ្លាញ់​ក្តៅ ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ

នំ​បាញ់នឿក

នំ​បាញ់នឿក​ ធ្វើ​ពី​ម្សៅ​អង្ករដំណើប សូន​ជា​គ្រាប់​មូលៗ ដូច​ផ្លែក្រូច ដែល​មាន​ស្នូល​ប្រៃ​ខាងក្នុង​ផ្សំ​ពី​សណ្តែកបាយ​ស្ងោរ ត្រូវ​បាន​គេ​ធ្វើ និង​យក​ទៅ​ស្ងោរ​ចម្អិន​ក្នុង​ទឹក​ពុះ ។ នំ​ប្រភេទ​នេះ គេ​បរិភោគ​ដោយ​លាយ​ជាមួយ​ទឹក​ស្ករ ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ

នំអ៊ី

នំអ៊ី​ស្រដៀង​គ្នា​ទៅ​នឹង​នំ​បាញ់នឿក​ដែរ ប៉ុន្តែ​វា​មាន​ទំហំ​តូច​ជាង (ដូច​ផ្លែ​ឈៀរ៍) និង​គ្មាន​ស្នូក​ខាងក្នុង ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ ហើយ​ជា​ទូទៅ​ធ្វើ​នំ​ប្រភេទ​នេះ ត្រូវ​បាន​គេ​ធ្វើ​សម្រាប់​បរិភោគ​ជាមួយ​នំ​បាញ់នឿក ។

តាប៉ែ

តាប៉ែ​ធ្វើ​ពី​អង្ករដំណើប​ស្ងោរ ឬ​ចំហុយ ដោយ​យក​ទៅ​ច្របល់​ជាមួយ​មេ​ដំបែ​ ហើយ​បន្ទាប់​មក គេ​យក​ទៅ​សូន​ជា​ដុំ​មូល​តូចៗ ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ
ដកស្រង់​ពី​សៀវភៅ​ដំណាំ​ស្រូវ​នៅ​កម្ពុជា (២០០៧) by ឈូកខ្មែរ

0 comments:

Post a Comment

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់
សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
កូរ៉េខាងត្បូង
ជម៉ុន
និងប្រទេសជាច្រើនទៀត

Cheap Women's Clothes 6000+ Style low to $93000+ unlocked Cell Phone. Low Price $29 up+ Free Shipping6000+ Gadgets at Bargain Price @everbuying.com

Buddhist Books

Popular Posts

Cambodian Temple

Total Pageviews