Powered by Blogger.

គាថាផ្សេងៗ​​ ​ VERSES

នត្តិ សន្តិ បរំ សុខំ ពុំមានសេចក្តីសុខណា ស្មើសេចក្តីស្ងាប់ឡើយ!.. សូមអោយសព្វសត្វទាំងអស់ បាននូវសេចក្តីសុខ!May all beings be well and happy!..

Monday, August 25, 2014
កម្រង​ឯកសារ​ស្តីពី​បុណ្យដារលាន​ ចងក្រង​ដោយ​ក្រសួង​កសិកម្ម​
​ក​-​ សេចក្តី​ផ្តើម​
​       
        សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ភាគច្រើន​ជា​កសិករ ពួកគាត់តែងតែ​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួនផងដែរ​នូវពិធីការ​ព្រះពុទ្ធសាសនា ដោយ​ជា​រៀងរាល់​ឆ្នាំ​បាន​នាំគ្នា​ប្រារឰ​ពិធីបុណ្យ​ផ្សេងៗ ផ្អែក​ទៅតាម​រដូវ​កាល ជំនឿ និង​ធនធាន​ដែល​ពួកគាត់មាន ។​
       ជា​រៀងរាល់ឆ្នាំ ប្រជាកសិករ​ខ្មែរ​គ្រប់​ភូមិ-ស្រុក​​ទូទាំង​ប្រទេស ក្រោយពី​បញ្ចប់​ការ​ច្រូតស្រូវ​ បោក​បែន​រួចរាល់​ជា​ស្ថាពរ​ហើយ​នោះ ចាស់ទុំ​ក្នុងភូមិ​តែង​តែង​ជជែក​ពិគ្រោះ​យោបល់​គ្នា ដើម្បី​លៃលក​ពេលវេលា​សមស្រប​ណាមួយ​ដើម្បីអាច​ធ្វើ​បុណ្យដារលាន​បាន ។  ជារួម​ប្រពៃណី​បុណ្យដារលាន ត្រូវបាន​ពុទ្ធបរិស័ទ​ទូទាំងប្រទេស ក៏ដូចជា​មន្ត្រីរាជការ​គ្រប់​ក្រសួង ស្ថាប័ន ជា​ពិសេស​ក្រសួង​កសិកម្ម​ រុក្ខា ប្រមាញ់​និង​នេសាទ តែងតែ​ប្រារឰ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​រក្សា​នូវ​អត្តសញ្ញាណ​ព្រលឹង​ជាតិខ្មែរ ឱ្យបាន​គង់វង្ស ក៏ដូចជា​ការបង្ក​ឱកាស​ដល់​កសិករ​ឱ្យមាន​ការជួបជុំ​ញាតិមិត្ត​ជិត​ឆ្ងាយ ដើម្បី​ចូលរួម​ផ្លាស់​ប្តូរ​យោបល់​គ្នា​ លើ​ការងារ​បង្កបង្កើនផល​ឆ្នាំកន្លងមក និង​ជា​ពិសេស​ដើម្បី​ចូលរួម​កម្សាន្ត​សប្បាយ បន្ទាប់​ពី​ការចំណាយ​អស់​នូវ​កម្លាំងកាយ កម្លាំងចិត្ត​គ្រប់បែបយ៉ាង ក្រោម​កម្តៅ​ព្រះអាទិត្យ និង​ភ្លៀង​ផ្គរ​ យ៉ាង​ប្តូរផ្តាច់អស់​រយៈពេល​មួយ​រដូវ​នៃ​ការងារ​បង្កបង្កើនផល​របស់​ខ្លួន​ កន្លងមក ។​

​ខ​-​ អត្ថន័យ​និង​គោលបំណង​
        ​បុណ្យដារលាន ជា​ពិធីបុណ្យ​ដែល​ទាក់ទង​ទៅ​នឹង​ជំនឿ​សាសនា ជា​ប្រពៃណី​មួយ​ដែល​ខ្មែរ​យើង​ជឿថា “​ធម៌​រមែង​រក្សា​ចំពោះ​បុគ្គល​ណា ដែល​ប្រព្រឹត្ត​នូវ​ធម៌ ធម៌​ដែល​បុគ្គល​សន្សំ​បានល្អ​ហើយ រមែង​នាំមក​នូវសេចក្តីសុខ បុគ្គល​អ្នក​សន្សំ​នូវ​ធម៌ រមែង​បាន​នូវ​អានិសង្ឃ​មិន​ខាន ហើយ​បុគ្គល​ជា​អ្នក​សន្សំ​នូវ​ធម៌ នឹង​មិន​ទៅកាន់​នូវ​ទុគតិ​ឡើយ​” ។
​        ដារ​លាន មានន័យ​ថា ការឆ្លង​ទី​ដី​វាល​រលីង ។  បុណ្យដារលាន​អ្នកស្រុក​ហៅ​ខុសៗ​គ្នា អាស្រ័យ​ទៅ តាម​តំបន់​នី​មួយៗ​ ដូចជាខ្លះហៅ​បុណ្យ​បោស​លាន បុណ្យ​សាមគ្គី បុណ្យ​កណ្តាល​ភូមិ និង​បុណ្យ​ដារ​បាត​លាន​ជាដើម ។ ថ្វី​បើ​បុណ្យ​នេះ​មានឈ្មោះ​ខុស​គ្នា​ច្រើន​អន្លើ​ក៏ពិតមែន តែ​គោលបំណង​សំខាន់​នៃ​ពិធីបុណ្យ មាន​ទិសដៅ​តែ​ម្យ៉ាង​គត់ គឺ​ដើម្បី​រំឭក​ដឹងគុណ​ម្ចាស់​ទឹក ម្ចាស់​ដី ដែល​បាន​បន្សល់ទុក​នូវ​មត៌ក​ដ៏​ត្រកាល​នេះ ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​ប្រកប​របរ​ចិញ្ចឹមជីវិត ។ តាមពិត​ទៅ​ខ្មែរ​យើង​គោរព​ធម្មជាតិ​ពីរ គឺ​ទឹក និង​ដី ព្រោះទឹក​និង​ដី​មាន​សារប្រយោជន៍​ដល់​ការប្រកប​របរ​កសិកម្ម ជាពិសេស​គឺ​ការផ្តល់​នូវ​ភោគផល​​ស្រូវ​អង្ករ ដែល​បានចិញ្ចឹម​ពួក​គេ​ឱ្យ​មាន​ជីវិត​រស់នៅ​ និង​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​ជាតិ​សាសន៍​ខ្មែរ ។ ទន្ទឹមនេះ គឺ​ដើម្បី​សុំ​ខមាទោសនូវ​អំពើ​ឆ្គាំឆ្គង​ទាំងឡាយ​ដែល​គេ​បាន​ប្រព្រឹត្ត​ ប៉ះពាល់​ក្នុង​រដូវ​បង្កបង្កើន​ផល ដូច​ជា​ការ​បន្ទោរបង់​ទឹក​មូត្រ ឬដើរ​ជាន់​នៅ​លើ​ទី​វាលស្រែ​ជាដើម ព្រោះ​ព្រះធរណី​ជា​ប្រភព​ធ្វើ​ឱ្យ​ស្រូវ​ដុះ​លូតលាស់ ។​
         ព្រឹទ្ធាចារ្យ​ជំនាន់​ដើម​ចាត់ទុកថា ស្រូវ​អង្ករ​ជា​អ្នកមានគុណ​ប្រៀប​ដូច​ម្តាយ ហេតុ ដូច្នេះ​ហើយ​បានជា មាន​ពាក្យ​ថា “​ព្រះ​មេ​”​ រៀង​រហូត​មក ។ ភាពជាក់ស្តែង​នា​សម័យ​ដើម គឺ​នៅ​ពេល​មិនទាន់​មាន​ម្សៅ ឬ​ទឹកដោះ​គោ​បំបៅ​ទារក ម្តាយ​មិន​អាច​ឃ្លាត​ចាក​ទៅ​ឆ្ងាយ​ពី​កូន​នៅ​ជា​ទារក​បានយូរ​ឡើយ ។ ប្រសិនបើ​ម្តាយ​បានទទួលអនិច្ចកម្ម​ដោយ​ប្រការ​ណាមួយ​នោះ ទារក​ច្បាស់​ជា​មិន​អាច​ទ្រាំទ្រ​ជីវិត​ឱ្យបាន​រស់​នៅ​តទៅទៀតបានទេ ។ ក្នុងស្ថានភាព​លំបាក​បែ​ប​នេះ អ្នក​ដែល​មើលថែ​ទារក​តែងតែ​ដោះស្រាយ ដោយ​យក​អង្ករ​ទៅ​បបរ រម្ងាស់​បញ្ចុក​ទារក​ឱ្យ​អាច​មាន​ជីវិត​រស់​នៅ​បាន​រហូត​ដល់​ពេញ​រូបរាង ​។  ចំណែក​ប្រជារាស្ត្រ​ខ្មែរទាំងអស់ ក៏​តែង​ទទួលទាន​បាយ​ដើម្បី​ទ្រទ្រង់​ជីវិត​ឱ្យ​បាន​រស់នៅ​ស្ថិតស្ថេ​រដែរ ។  ហេតុដូច្នេះ​ហើយ​បាន​ជា​មុននឹង​ពិសារ “​បាយ​” ព្រឹទ្ធាចារ្យ​ខ្មែរ​ទាំងអស់ តែងតែ​លើក​ដៃ​សំពះ​សូម​អរគុណ​ចំពោះ​ព្រះ​មេ​ជានិច្ច ។ លោកតែងតែ​ពន្យល់​កូនចៅ​ឱ្យមាន​ការប្រុងប្រយត្ន​ក្នុងការ​ទទួលទាន​បាយ គឺ​កុំ​ឱ្យ​ជ្រុះ​ធ្លាក់​រាត់រាយ​ឥតប្រយោជន៍ ដោយ​ពន្យល់​ទៀតថា ការ​ជ្រុះ​ឥតប្រយោជន៍​នេះ នឹង​ទទួល​បាប​មិន​ខាន ។  នៅពេល​លាង​អង្ករ ក៏​លោកពន្យល់​កុំឱ្យ​ខ្ជះខ្ជាយ​ដែរ គឺ​ស​ម្រិត​ទឹក​ដោយ​ប្រុងប្រយត្ន ។  ប្រសិនបើ​អង្ករ​ដោយ​តាម​ទឹក​ខ្លះ​នោះ ត្រូវនិយាយ​សុំទោស ហើយ​ជះ​ទឹក​ដែល​លាង​មាន​អង្ករ​ខ្លះ​នោះ​ទៅឱ្យ​សត្វ​មាន់ ចាប​ស៊ី ដើម្បី​បាន​ជា​ប្រយោជន៍​ក្នុងការ​សាង​កុសល​ផង ។​
         ដោយឡែក​ពិធីបុណ្យ​នេះ មាន​អត្ថន័យ​ដ៏​វិសេសវិសាល​មួយទៀត គឺ​ដើម្បី​រំឭក​គុណ​ចំពោះ​បុព្វការី ជន​ទាំងឡាយ​ដែល​បាន​ខិតខំ​កាប់​គាស់​ព្រះធរណី ដើម្បីឱ្យ​គេ​មាន​ដីស្រែ​ធ្វើ និង​រំឭក​គុណ​ដល់​ព្រះ​ភិរុណ ដែលបាន​បង្អុរ​មក​គ្រប់គ្រាន់ ធ្វើឱ្យ​ដំណាំ​របស់គេ​បាន​ដុះ​លូតលាស់ និង​ចេញ​ផ្លែផ្កា​បានល្អ ។  ម្យ៉ាងទៀត​ក្នុង​ពិធីបុណ្យ​នេះ ក៏​បាន​រៀបចំ​បួងសួង​សែនព្រេន​ផងដែរ​ដល់​ព្រះ​ភូមិ ដែល​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី និង​ដល់​វត្ថុ​សក្តិសិទ្ធនានា សូមមេត្តា​ជួយ​ឱ្យ​គេ​បាន​សេចក្តីសុខ ជួយ​ឱ្យ​បាន​ភោគផល​ស្រូវ​ទៅ​ថ្ងៃមុខ​ច្រើន​បរិបូណ៌ ។​
         ម្យ៉ាងទៀត ពិធី​នេះ​ក៏បាន​ផ្តល់​លទ្ធភាព​ឱ្យ​ប្រជាកសិករ​ជួបជុំ​មូល​មិត្ត​ជិត​ឆ្ងាយ បាន​ពិភាក្សា​គ្នា​ទៅវិញ​ទៅ​មក​អំពី​ផល​ស្រូវ និង​រឹតចំណង​សាមគ្គីភាព មនោ​សញ្ចោ​ត​នា រវាង​ញាតិមិត្ត​ជិត​ឆ្ងាយ​ទាំងអស់​ផងដែរ​ ។​
​គ​- ​ប្រវត្តិ​
​  
          ​បុណ្យដារលាន បាន​កើត​មាន​មុន​សង្គម​ខ្មែរ​ដែល​ប្រកាន់យក​ជំនឿ​ព្រហ្មញ្ញសាសនា​មក​ម្ល៉េះ ដោយកាលនោះ​ជនជាតិ​ខ្មែរ​តែង​គោរព​ជំនឿ​ទស្សនៈ​ជីវចល​និយម ។​  ប្រវត្តិ​សាវតារ​នៃ​ពិធី​បុណ្យ​ដារ​បាត​លាន កើតមាន​យូរយារ​ណាស់​មកហើយ ដោយ​គេ​មិន​ដឹង​អំពី​កាលបរិច្ឆេទ​ច្បាស់លាស់​ឡើយ ប៉ុន្តែ​ពិធី​បុណ្យដារលាន មាន​ការរីកចម្រើន​នៅក្នុង​រជ្ជកាល​ព្រះបាទ​ជយ​វរ្ម័នទី​៧ ដែល​អតីត​ព្រះមហាក្សត្រ​អង្គ​នេះ មាន​ព្រះទ័យ​យកចិត្ត​ទុកដាក់​លើ​វប្បធម៌​អារ្យធម៌​របស់​ខ្មែរ​យើង ។
        នៅពេល​ប្រជាកសិករ​ចាប់ផ្តើម​ធ្វើ​ស្រែ​ចម្ការ ពួកគាត់តែងតែ​មាន​ជំនឿ​ថា កសិផល​ដែល​កើត​ពី​កសិកម្ម មានអាទិទេព​ជួយ​ថែរក្សា ជួយ​ឱ្យ​កើត និង​ធ្វើឱ្យ​វិនាស​ផងដែរ ។  ដោយសារតែ​មាន​ជំនឿ​បែបនេះហើយ ទើបបាន​ជា​មនុស្ស​ជំនាន់​មុននៅ​តែ​រក្សា​គោល​គំនិត​ថា ផលដំណាំ​មាន​អាទិទេព​ជួយ​ថែរក្សា មាន​អ្នកតា​គ្រប់គ្រង ។  ដូច្នេះហើយ នៅពេល​ប្រកប​របរ​ធ្វើស្រែ​ចម្ការ ខ្មែរ​យើង​រមែង​រៀបរយ​សែនព្រេន ដើម្បី​ឱ្យ​អ្នកតាជួយ​រក្សា​ទឹកដី​ឱ្យ​ផលដំណាំ​មាន​ភាព​ចម្រុងចម្រើន ។ ចំណែក​អ្នក​ថែរទាំ​ទឹកដី​មិន​មាន​ឈ្មោះ​ប្រាកដ​នោះទេ ដោយ​សំអាង​ទៅលើ​ទម្លាប់​ហៅ​ទៅ​តាម​តំបន់​នីមួយៗ ។ គួរ​កត់សម្គាល់​ផង​ដែរ​ចំពោះ​ស្រែ​ណា ដែលមានអ្នកតា​គង់នៅ គឺ​អ្នកស្រុក​តែង​និយម​រៀបចំ​សែនព្រេន​យ៉ាង​អ៊ឹកធឹក ដោយ​មាន​រៀបចំ​ជា​បាយ​ស្ពក សម្លរ​ស្ពក ស្រា ហើយ​ពេល​សែនព្រេន​ចប់ អ្នកស្រុក​នាំគ្នា​ផឹកស៊ី​យ៉ាង​សប្បាយ​ជា​កិច្ច​ផ្តល់​កិត្តិយស​ដល់​អ្នកតា ។ លុះក្រោយ​រៀងមក ខ្មែរ​យើង​បាន​កំណត់​យក​ពិធីសែនព្រេន​អ្នកតា​ក្នុង​ជំនឿ​ទស្សនៈ​ជីវចល​និយម​ មក​ប្រារឰ​ជាពិធី​បុណ្យដារលាន​រហូត​មកដល់​បច្ចុប្បន្ន ។​
ឃ​-​ មូលហេតុ​
         សេចក្តី​ដូច​បាន​រៀបរាប់​ខាងលើ​បង្ហាញឱ្យឃើញថា ពិធី​បុណ្យដារលាន​កើត​តាំងពី​យូរយារ​ណាស់​មកហើយ ដែល​ពុំ​មាន​ឯកសារ​ណាមួយ ឬ​នរណា​ម្នាក់​អាច​បញ្ជាក់ ឬ​ចាំ​ច្បាស់​អំពី​កាលបរិច្ឆេទ​នោះទេ ។ ប៉ុន្តែ មូលហេតុ​គួរឱ្យ​ជឿ​បាន ដែល​ធ្វើឱ្យ​មាន​ពិធីបុណ្យ​នេះ គឺ​យើង​ទទួលបាន​​ឯកសារ​ពី​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ និង​ព្រះគ្រូ សោម សាម៉ន អនុគណ​ស្រុក​អង្គរ​ជុំ និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ចារ​ឈូក​រង្សី ដែល មាន​ខ្លឹមសារ​ និង​និទានកថា​ដូចតទៅ​៖
រឿង​កសិករ​ឈ្មោះ​ចុ​ល្ល​កាឡ (​អានិសង្ឃ​នៃ​ការ​ធ្វើ​បុណ្យទាន​ក្នុង​រដូវ​ធ្វើស្រែ​)
ឯកសារ​ពី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​
​          កាល​ពី​ព្រេងនាយ រាប់​អំពី​ភទ្ទកប្ប​យើង​ទៅ​អតីតកាល​ចំនួន​៩១​ក​ប្ប មាន​ព្រះពុទ្ធ​មួយអង្គ​ព្រះនាម វិបស្សី ទ្រង់​ឧប្បត្តិ​កឡើង​ក្នុង​លោក ។ គ្រា​នោះ​មាន​កុដុម្ពិកៈ​ពីរ​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា​ជា​កសិករ ។  បងឈ្មោះ មហា​កាឡ និង​ប្អូន​ឈ្មោះ ចុ​ល្ល​កាឡ មាន​ស្រែ​ស្រូវ​សាឡី​ជាច្រើន ។​
          ថ្ងៃមួយ ចុ​ល្ល​កាឡ ដែលជា​អ្នក​មាន​សទ្ធា​ក្នុង​ព្រះពុទ្ធសាសនា បាន​ដើរ​ទៅ​មើល ថែរទាំ​ស្រូវ​ក្នុង​ស្រែ បាន​ហែក​បង្ហើប​ស្រូវ​សាឡី​មក​ទំពារ​មាន​រស​ឆ្ងាញ់ ក៏​កើត​បុព្វ​ចេតនា​ចង់​ឱ្យ​ទាន​ចំពោះ​ព្រះសង្ឃ មាន​ព្រះពុទ្ធជា​ប្រធាន ទើប​ចូល​ទៅ​និយាយប្រាប់​មហា​កាឡជា​បង​ថា យើង​គិត​ហែក​បង្ហើប​ស្រូវ​សាឡី​កិន​ចម្អិន​លាយ ទឹកដោះ​ថ្វាយ​ព្រះ​សម្ពុទ្ធ ប្រហែលជា​បាន​បុណ្យ​ច្រើនណាស់ ។ មហា​កាឡ តប​ថា ម៉េច​ឯង​និយាយ​ចង្រៃ​យ៉ាងហ្នឹង! គេ​មិន​ដែល​ធ្វើ​ស្រូវ​កំពុង​ជិត​ចេញ​ផ្លែ​ឱ្យ​វិនាស​ដូច្នេះ​ទេ ។ ចុ​ល្ល​កាឡ ចេះ​តែ​អង្វ​របង​ជាច្រើន​ដង បងមិន​ព្រម​សោះ បែរ​ជា​ត្រឡប់​និយាយ​តប​ប្អូន​វិញ​ថា បើ​ឯង​នៅតែ​ចចេស​បំផ្លាញ​ស្រូវ​ដូច្នេះ ត្រូវ​ចែក​ស្រែ​គ្នា​ចុះ ស្រែ​ណា​ជា​ចំណែក​អញ​ឯង​កុំ​ពាល់ ចំណែក​ស្រែ​របស់​ឯង ឯង​ចង់​ធ្វើ​យ៉ាងណា​ក៏​តាម​តែ​ចិត្ត​របស់​ឯង​ចុះ ។
         ចុ​ល្ល​កាឡ​មាន​សេចក្តីត្រេកអរ​ណាស់​ក៏​ប្រាប់​បង​ថា ស្រួល​ហើយ​ចែក​ឱ្យ​ខ្ញុំ​ចុះ ដើម្បី​ខ្ញុំ​បាន​ធ្វើ​ទាន​ក្នុងពេលឆាប់ៗ​នេះ កុំ​ឱ្យ​ស្រូវ​ចេញ​ផ្លែ​ទាន់ ។ លុះ​បង​ចែក​ស្រែ​ឱ្យ​ហើយ ចុ​ល្ល​កាឡ ក៏​នាំ​មិត្ត​ជាច្រើន​ទៅ​ជួយ​ហែកបង្ហើប​ស្រូវ​យកមក​កិន​ចម្អិន​លាយ​ទឹកដោះ ស្រស់​ផ្សំ​ដោយ​សប្បិ ​ទឹកឃ្មុំ ស្ករ​ក្រាម យក​ទៅ​ថ្វាយ​ភិក្ខុសង្ឃ​ដែលមាន​ព្រះពុទ្ធ​វិបស្សី​ជា​ប្រធាន ហើយ​ប្រាថ្នា​ថា ទាន​របស់ខ្ញុំ​ព្រះអង្គ​នេះ​ជា​ទាន​កើត​អំពី​ស្រូវ​ដំបូង​បំផុត ជា​ទានប្រសើរ ខ្ញុំ​សូម​ឱ្យ​បាន​ត្រាស់ដឹងនូវ​ធម៌​ប្រសើរ​មុនគេ​ក្នុង​អនាគត​កុំ​ខាន ។ ព្រះពុទ្ធ​វិបស្សី ក៏​អនុមោទនា​ថា សូម​អ្នក​បាន​សម្រេច​ដូច​សេចក្តីប្រាថ្នា​ចុះ ។ លុះ​បាន​ទទួល​ពរ​នេះហើយ ក៏​ថ្វាយបង្គំ​លា​ត្រឡប់ទៅផ្ទះ​វិញ បានចូលទៅ​មើល​ស្រែ​ម្តងទៀត ស្រាប់តែ​ឃើញ​ដើម​ស្រូវ​ដែល​បាន​ហែក​ហើយ​នោះ​បញ្ចេញ​ផ្លែ​គ្រប់​ដើម​ដូចជា​ គេចង​កណ្តឹង បីតិ​ទាំង​៥​ក៏​កើតមាន​គំនិតឡើង​គិតថា បុណ្យ​ឱ្យ​ផល​អញ​ជាក់ស្តែង​ណាស់​តើ ដូច្នេះ​អញ​ត្រូវ​លៃ​ធ្វើ​ទានក្នុង​រដូវ​ធ្វើស្រែ​នេះ​ឱ្យបាន​៩​ដង​ក្នុង​ មួយ​រដូវ ។
         លុះ​ដល់​ស្រូវ​នោះ​ល្មម​ធ្វើ​អំបុក ចុ​ល្ល​កាឡ ធ្វើ​ទាន​ម្តងទៀត​ជា​លើក​ទី​២ ស្រូវ​ក្នុង​ស្រែ​ដុះ​វិញ​ដូច​ដើម  ដល់​ពេល​ច្រូតកាត់​ធ្វើ​ទាន​ម្តងទៀត​ជា​លើក​ទី​៣ ដល់​ពេល​ហាល​ដៃ​ធ្វើ​ទាន​ម្តងទៀត​ជា​លើក​ទី​៤ ដល់​ពេល​ចងកណ្តាប់​ធ្វើ​ទាន​ម្តងទៀត​ជា​លើក​ទី​៥ ដល់ពេល​ជញ្ជូន​កណ្តាប់​ដាក់​លាន​ធ្វើ​ទាន​ម្តងទៀត​ជា​លើក​ទី​៦ ដល់ពេលបែន​បោក​ធ្វើ​ទាន​ម្តងទៀត​ជា​លើក​ទី​៧ ដល់​ពេល​រោយស្រូវ​ចាក់​ធារ​ធ្វើ​ទាន​ម្តងទៀត​ជា​លើក​ទី​៨ និង​ដល់ពេល​ដឹក​ស្រូវ​ចាក់​ជង្រុក​ធ្វើ​ទាន​ម្តងទៀត​ជា​លើក​ទី​៩ ។ ចុ​ល្ល​កាឡ បាន​ធ្វើ​ភត្ត​ទាន​អស់​វារៈ​៩​ដង ក្នុង​មួយ​រដូវ ធ្វើស្រែ ដូច្នេះ​ស្រូវ​សាឡី​ចេះ​តែ​ចម្រើន​ឡើង​ឥតមាន​ខូចខាត​ឡើយ ។
          ដល់​ពេល​ធ្វើ​មរណកាល​ទៅ កសិករ​ចុ​ល្ល​កាឡ បាន​ទៅ​សោយ​សេចក្តីសុខ​ក្នុង​ទេវ​លោក និង​មនុស្សលោក​ជា​យូរអង្វែង លុះ​មក​ខាងចុង​នៃ​កប្ប​មួយ រាប់​អំពី​ភទ្ទកប្ប​នេះ​ទៅ​ចំនួន​មួយ​សែន​កប្ប គាត់​បាន​កើតក្នុង​ត្រកូល​អ្នក​មានទ្រព្យ​ម្នាក់ បាន​ធ្វើ​មហាទាន​អស់​៧​ថ្ងៃ​ទៀត ក្នុង​សាសនា​ព្រះ​សម្ពុទ្ធ​ព្រះនាម​បទុមុ​ត្ថ​រៈ ក្នុងនគរ​ហង្សាវ​តី្ថ លុះ​ថ្វាយ​មហាទាន​ហើយ គាត់​ចូល​ទៅ​ក្រាប​ថ្វាយ​ព្រះ​បាទា​នៃ​ព្រះពុទ្ធ​អង្គ​នោះ សូម​ប្រាថ្នា​ឱ្យ បាន​ត្រាស់ដឹង​អគ្គ​ធម៌​មុនគេ​ទៀត ។ លុះ​មកដល់​ភទ្ទកប្ប​នេះ គាត់​បាន​មក​កើត​ក្នុង​ត្រកូល​ព្រាហ្មណ៍ មហាសាល​ក្នុងស្រុក​ទោណ​វត្ថុ ជិត​ក្រុង​កបិល​ព​ស្តុ មានឈ្មោះ​ថា កោណ្ឌ​ញ្ញៈ កើតមុន​ព្រះ​សម្ពុទ្ធបរមគ្រូ​ចាប់ បដិសន្ធិ​ជា​ច្រើន​ឆ្នាំ ។ កាល​មាន​វ័យ​ធំ​ហើយ មាតាបិតា​បានឱ្យ​សិក្សា​រៀនសូត្រ​រហូត​ដល់​ចេះ​ចប់​គម្ពីរ​ត្រៃវេទ និង​តម្រា​ទាយ​មហាបុរិសលក្ខណៈ ។​
         ទីបំផុត​ធម៌​ទេសនា​ក្រោយបានស្តាប់ធម្មទេសនារបស់ព្ឬះពុទ្ធ កោណ្ឌ​ញ្ញ​ភិ​ក្ខុ បាន សម្រេច​​សោ​តាប​ត្តិ​ផល​មុនគេ​ក្នុង​លោក ទើប​ព្រះ​សម្ពុទ្ធទ្រង់​បន្លឺ​ឧទាន​ថា “​អញ្ញា​សិ វត កោ កោណ្ឌ​ញ្ញោ អញ្ញា​សិ វ​ព កោ កោណ្ឌ​ញ្ញ​” ប្រែ​ថា កោណ្ឌ​ញ្ញៈ បានដឹង​ធម៌​ហើយ​ហ្ន! ៗ ។​
        អាស្រ័យ​ព្រះ​ឧទាន​នេះ ទើប​មាន​ពាក្យ​ថា ធ​ញ្ញកោណ្ឌ​ញ្ញ ជាប់​ជា​នាម​របស់​លោក​ត​មក​ក្នុង​ប្រវត្តិ ពុទ្ធ​សាសនា ។​
        ដោយ​បាន​យល់​នូវ​សាច់​រឿង (​អានិសង្ស​នៃ​ការ​ធ្វើ​ទាន​ក្នុង​រដូវ​ធ្វើស្រែ​)​រួចមក ទើប​កសិករ​ខ្មែរ​ចាប់ផ្តើម​រៀបចំ​ពិធី​បុណ្យដារលាន​នេះ​ឡើង ។​
 រឿង​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ជង្រុក​ស្រូវ
និទានកថា​របស់​ព្រះគ្រូ សោម សាម៉ន
​         តាម​ប្រវត្តិរឿងព្រេង​ទាក់ទង​ពិធី​បុណ្យដារលាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ ​ខេត្ត​ សៀមរាប ជា​ពិសេស​តាម​សង្ឃដីកា​របស់​ព្រះគ្រូ សោម សាម៉ន អនុគណ​ស្រុក​អង្គរ​ជុំ និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ចារ​ឈូក រង្សី បាន​និទាន​ថា ពិធី​បុណ្យដារលាន មាន​តាំងពី​មុន​សម័យ​ពុទ្ធកាល​មកម្ល៉េះ ដែល​តាម​ការនិទាន​តៗ​គ្នា​មកថា ទង្វើ​នេះ​កាលណា​ធ្វើ​ហើយ តែងតែ​ទទួលបាន​ផល​ល្អ​ហើយ និង​មាន​ជំនឿ​ថា បើ​បាន​ធ្វើ​បុណ្យដារលានហើយ ឆ្នាំក្រោយ​នឹង​កើត​ភោគផល​កាន់តែ​ច្រើន​ជាង​ឆ្នាំ​នេះ​ទៅទៀត ។​
        រឿងនិទាន​តែង​ដំណាល​ថា នៅ​សម័យ​មុន​ពុទ្ធ​កាលនោះ ស្រូវ​ដែល​បាន​យក​ទៅ​សាបព្រោះ​លើ​ព្រះធរណី​ហើយ តែងតែ​ដុះ​លូតលាស់​និង​ផ្តល់​ផល​ផ្កា​ផ្លែ​ដោយ​ឯកឯង​រហូតដល់​ពេល​ប្រមូល​ផល មិនបាច់​ទៅ​ច្រូត កាត់​បោក​បែន និង​ដឹកជញ្ជូន​មក​ផ្ទះ​ទេ គឺ​ម្ចាស់​ស្រែ​គ្រាន់តែ​យក​សំណែន​ដែល​មាន​បង្អែម​​ចង្អាប​ផ្សេងៗ​ទៅ សែនព្រេន​នៅ​ឯ​វាលស្រែ ហើយ​គ្រាន់តែ​ឧទ្ទិស​ប្រាប់​ព្រលឹង​ស្រូវ​ថា “​ជង្រុក​ស្រូវ​បាន​រៀបចំ​នៅ​ឯ​ផ្ទះ​រួចហើយ សូម​ផល​ស្រូវ​ហោះ​ដើរ​ទៅ​ចូល​ជង្រុក​នោះ​ចុះ​” ជា​ការ​ស្រេច ។  ផល​ស្រូវ​តែងតែ​ហោះហើរ​ចូល​ជង្រុក​ដោយខ្លួនឯង​(​មានជំនឿថា កាល​នោះ​គ្រាប់ស្រូវ​មាន​ស្លាប​) ។  ប៉ុន្តែ​មាន​សម័យ​យប់​មួយ​ក្នុង​គ្រួសារ​មួយ ដែលមានកូនក្រមុំ​ព្រហ្មចារីនី​ម្នាក់​បាន​ណាត់​ជាមួយ​សង្សារ​របស់​ខ្លួន​ចូល ​ទៅ​សាសង ស្នេហា​ក្នុង​ជង្រុក​ស្រូវ ចំ​ពេល​ដែលផល​ស្រូវ​កំពុង​ហោះហើរ​ចូល​ក្នុង​ជង្រុក​រំខាន​ដល់​ការ​សាសង​របស់ ​គូសង្សារ ធ្វើឱ្យ​ក្រមុំកំលោះ​ទាំងពីរ​ខឹងស​ម្បា ហើយ​ក៏​ជេរ​ប្រទេចផ្តាសារ​ផល​ស្រូវ​ដែល​កំពុង​ហោះហើរ​ចូល​ជង្រុក​នោះ ។  ផល​ស្រូវ​បាន​ឮ​ពាក្យ​ជេរប្រទេច​យ៉ាង​ដូច្នេះ ក៏​ខឹង​មួរម៉ៅ​យ៉ាងខ្លាំង​ឥតឧបមា ហើយក៏​ស្រែក​តប​ត​មក​ថា “​ចាប់ពី​ពេលនេះ​ទៅ បើ​មិនយក​វត្ថុ​អ្វី​ទាក់​ក​អញ​ទេ អញ​មិន​ហោះហើរ​ចូលក្នុង​ជង្រុក​ទៀតឡើយ​” ហើយ​ចាប់ពីពេលនោះ​មក ពេល​ស្រូវទុំ​ល្មម​នឹង​ប្រមូល​ផល យើង​ទាំងអស់​ត្រូវ​ទៅ​ច្រូត​ដោយ​យក​កណ្តៀវ​កាត់ ហើយ​ចង​ជា​កណ្តាប់ និង​បោក​បែន ដឹកជញ្ជូន​ចូល​ជង្រុក​ទើប​មាន​ផល​ស្រូវ​ក្នុង​ជង្រុក​បាន ។​
         ​ទោះបី​យ៉ាងនេះ​ក៏ដោយ ដើម្បី​ឱ្យ​ផល​ស្រូវ​បាន​គង់វង្សនិង​កើនឡើង​ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​នោះ ប្រជាកសិករ​តែង​ប្រារឰធ្វើ​ពិធី​បុណ្យដារលាន​អន្ទង​ព្រលឹង​ស្រូវ​ឱ្យ​ សណ្ឋិតក្នុង​ជង្រុក​ក្រោយពេល​ប្រមូល​ផល និង​ដឹកជញ្ជូន​ស្រូវ​ចូលក្នុង​ជង្រុក​រួចរាល់​ជា​រៀង​រហូត​មក​ទល់​ពេល​ បច្ចុប្បន្នកាល​នេះ ។​
​ពិធី​ហៅ​ព្រលឹង​ស្រូវ​
​           ពិធី​ហៅ​ព្រលឹង​ស្រូវ​មាន​គោលបំណង​សុំ​ខមាទោស​ស្រូវ ដែល​គូសង្សារ​បាន​ជេរ​ប្រទេចផ្តាសារ ។ ពិធីនេះ​ ត្រូវ​រៀប​ចំរ​ក​ស្រី​ក្រមុំ​ព្រហ្មចារីនី​ចំនួន​៦​នាក់ និង​កំលោះ​ព្រហ្មចារី​ចំនួន​៦​នាក់ (​ជំនឿ​នេះ​តាម​ព្រហ្ម​ញ្ញសាសនា​)​ កាន់​កញ្ជើ​ដាក់​កណ្តាប់​ស្រូវ ។ ត្រូវមាន​យាយ​ម្នាក់​កាន់​កញ្ជើ​ស្រូវ​នាង​គង់ជញ្ជាត់​ហៅ​ព្រលឹង​ស្រូវ ហើយ​ស្រែក​ថា ១-២-៣-៤-៥-៦-៧-៨-៩ រហូតដល់​១៩ សព្វគ្រប់​បរិបូណ៌​ឱ្យ​ព្រលឹង​ស្រូវ​មក​សណ្ឋិត​ឱ្យបាន​ភោគផល​សម្បូរ​រុងរឿង​ នៅ​ឆ្នាំក្រោយ ។ មាន​លោក​អាចារ្យ​ម្នាក់​ទៀត យក​ដើម​ឫស្សី​រែង​ធ្វើ​ជា​ត្រក​ដាក់នំ​ចំណី​ដែល​ធ្វើ​ពី​ស្រូវ​ដោត​ដាក់​ កណ្តាល​ស្រែ​រួច​និយាយថា សត្វ​ស្រមោច សង្អា​រ បក្សា បក្សី​ទាំងឡាយ​អើយ មក​ទទួលយក​ទៅ​សេពសោយ​ចុះ​នូវ​សំណែន​ទាំងអស់នេះ ពី​ព្រោះ​មនុស្ស​មិន​បាន​យក​ស្រូវ​មក​ដាក់​ក្នុង​ជង្រុកអស់​ទេ សូម​អ្នក​ទទួលយក​សំណែន​ទាំងនេះ​ទៅ​បរិភោគ ហើយ​ឱ្យ​សព្វ​សាធុការពរ​ដល់​ប្រជា​កសិករ​ដែល​ជា​ម្ចាស់​ភោគផល​បាន​សុខ​ សប្បាយ គង់​ទ្រព្យ គង់​សម្បត្តិ គង់​យស គង់​សក្តិ គង់​ប្រាក់ គង់​មាស ជានិច្ច​និរន្តរ៍រៀង​ទៅ ។​
 ​ង​-​ ពេលវេលា​និង​កិច្ចដំណើរការ​ពិធីបុណ្យ
​           ការកំណត់​រៀបចំ​ពិធីបុណ្យ​នេះ យោង​តាម​ការ​សន្មត​ក្នុងភូមិនិង​តំបន់​នី​មួយៗ ក្រោយ​ពេល​គេ ប្រមូល​ភោគផល​ស្រូវ​បាន​ចប់​គ្រប់គ្នា​អស់ហើយ ។ ប៉ុន្តែ​មាន​ស្រុក​ខ្លះ​គេ​ធ្វើ​នៅ​ពេល​ស្រូវ​ចេញ ដើម្បី​អបអរ សាទរ​ចំពោះ​ផល​ស្រូវ​ដែល​បាន​ចេញ​ជា​ផ្លែផ្កា ។​
              ជា​​ទូទៅ​នៅ​តំបន់​ដាំ​ដុះ​ស្រូវ​រដូវវស្សា​ដោយ​ពឹងផ្អែក​ទឹកភ្លៀង គេ​ច្រើន​ប្រារឰ​ពិធី​នេះ​នៅក្នុង​ខែ​ធ្នូ ឬ ខែ​មករា (​មិគសិ​រ​-​បុស្ស​) បន្ទាប់​ពី​ប្រមូល​ផល​រួចរាល់ ។ ដោយឡែក​នៅ​តំបន់​តាម​ដង​ទន្លេ ដែល​មាន​ផ្ទៃដី ដាំ​ដុះ​ដំណាំ​ស្រូវ​តែ​រដូវប្រាំង​វិញ​នោះ គេ​ច្រើន​ប្រារឰ​ពិធី​បុណ្យដារលាន​នៅក្នុង​ខែ​ឧសភា​-​មិថុនា​(​ពិសាខ​-​ជេ​ ស្ឋ​) បន្ទាប់ពី​បាន​ប្រមូល​ផល​ស្រូវ​រួចរាល់ ។​
              ចំពោះ​កាលបរិច្ឆេទ​ជាក់លាក់​នៃ​ពិធីបុណ្យ កាលពី​សម័យ​ដើម​ជនជាតិ​ខ្មែរ​និយម​ធ្វើ​បុណ្យដារលាន ដោយ​កំណត់​ថ្ងៃ​ប្រារឰ​ពិធីបុណ្យ​ពី​សម្នាក់​ព្រះសង្ឃ ប៉ុន្តែ​នា​សម័យ​បច្ចុប្បន្ន កាលបរិច្ឆេទ​នៃ​ពិធីបុណ្យ ត្រូវបាន​កំណត់​ដោយ​ចាស់ទុំ​ក្នុង​ភូមិ​ជា​អ្នកសម្រេច ក្រោយពេល​ពិគ្រោះ​យោបល់​គ្នា ដើម្បី​លៃលក​ឱ្យចំ​ពេលទំនេររបស់​អ្នកភូមិ ជាពិសេស​ឱ្យចំ​ថ្ងៃ​សៅរ៍ ឬ​អាទិត្យ ដើម្បី​ទុក​លទ្ធភាព​ឱ្យ​កូនចៅ ដែល​ធ្វើការ​នៅ​ឆ្ងាយមានឱកាស​បាន​ចូលរួម​ក្នុង​ពិធី​នេះ ។​
              ​មុន​នឹង​ដំណើរការ​ពិធី គេ​ត្រូវ​រៀបចំ​ទីតាំង​នៅ​លើ​ដី​វាលស្រែ​ណាមួយ​សិន ដោយ​ត្រូវ​ជម្រះ​គល់ ជញ្ជ្រាំង​ស្រូវ​ឱ្យ​ដី​រាបស្មើ​រួច​យក​លាមក​គោ​ស្រស់​លាយ​ទឹក ហើយ​លាយ​ដីដំបូក​ឱ្យ​ជ្រាយ​ល្មម ចាក់​ពង្រាយ លើ​បរិវេណ​ដី​ដែល​បាន​ជម្រះ​ស្អាត​ហើយ​នោះ ។ បន្ទាប់មក​គេ​យក​រនាស់ដៃ​រុញឱ្យ​ស្មើ​រហូត​ដល់​ស្ងួត​ចែស ដែល​គេ​ហៅថា “​ឡើង​លាន​” ។​
              ​កម្មវិធី​នៃ​ពិធី​ដារ​លាន មិន​មាន​ភាពស្មុគស្មាញ​អ្វី​ច្រើន​ទេ តែ​មាន​ភាព​អ៊ឹកធឹក ដោយសារ​មានវង់​តន្ត្រី​ពិណពាទ្យ​កំដរ និង​អ្នកស្រុក​ក្នុងភូមិ​ទាំងអស់​ឯកភាពគ្នា​ជួបជុំ​ច្រើ​កុះករ ។ នៅ​ពេល​ព្រឹក អ្នកស្រុក​រួម ភូមិ​មកជួបជុំ​គ្នា​ដើម្បី​រៀបចំ​រណ្តាប់​ផ្សេងៗ​សម្រាប់​ថ្វាយ​ដល់​ គុណព្រះរតនត្រៃ​ព្រះ​ភូមិ ។ ជាមួយគ្នានេះដែរ គេ​បាន​យក​ម្ហូបអាហារ​រៀងៗ​ខ្លួន​សម្រាប់​ប្រគេន​ព្រះសង្ឃ និង​សម្រាប់​ហូបចុក​ជួបជុំគ្នា​ក្នុងការ​រឹតចំណងសាមគ្គីភាព ។​
             កម្មវិធី​ជា​បន្ត គឺ​ព្រះសង្ឃ​និមន្ត​មក​សូត្រមន្ត​ប្រោះព្រំ​ប្រសិទ្ធពរ​ជ័យ​ដល់​ភូមិ​និង​ អ្នកភូមិ បន្ទាប់មក​គេវេរ​ភត្តាហារ​ប្រគេន​ព្រះសង្ឃ​ឆាន់ ។ ជាមួយគ្នានេះដែរ គេ​ក៏​ត្រូវ​រៀបចំ​សែនព្រេន​ដល់​ព្រះ​ភូមិ​ដែល​ជា​ម្ចាស់ទឹក ម្ចាស់​ដី និង​ដល់​វត្ថុ​សក្តិសិទ្ធិ សូមមេត្តា​ជួយ​ឱ្យ​គេ​បាន​សេចក្តីសុខ ជួយ​ឱ្យ​បាន​ភោគផល​ស្រូវ​ទៅ​ថ្ងៃមុខ ច្រើន​បរិបូណ៌ ដោយ​កុំឱ្យ​មាន​សត្វល្អិត សត្វ​កណ្តុរ ឬ​ចាប សេក ស៊ី​បំផ្លាញ​ស្រូវ​ឱ្យសោះ ។ គេ​ក៏​មិនអាច បំភ្លេច​បាន​ដែរ​នូវ​ការ​បន់ស្រន់​សុំ​ខមាទោស​ពី​ព្រះ​មេ សូមមេត្តា​អនុគ្រោះ​ចំពោះ​អំពើ​ឆាំឆ្គ​ង ដែល​តែងតែកើតមាន​ជាយថាហេតុ​ណាមួយ ។ ពិធី​ជា​បន្ត គឺជា​ការ​ដារ​ឆ្លងបុណ្យ និង​ប្រោះព្រំ​ទឹកមន្ត​ដល់​អ្នក​ដែល​បាន​ចូលរួម ។  ដើម្បី​ជា​កិច្ចបញ្ចប់​កម្មវិធី គឺ​ការលៀង​ភោជនាហារ ។​
​            ពិធី​ជា​ផ្លូវការ​នៃ​ការ​ដារ​លាន​បានបញ្ចប់​មែន តែ​ការ​កំដរ​ជីវិត​ក្រោយពេល​បំពេញការងារ​យ៉ាង​ផ្តូរ ផ្តាច់​អស់​មួយ​រដូវ​កន្លងមក ទ្រាំទ្រ​ក្រោម​កម្តៅថ្ងៃ ឬ​តំណក់ទឹកភ្លៀង​នោះ បានធ្វើឱ្យ​គេ​មាន​ការនឿយហត់​យ៉ាងខ្លាំង ។  ដូច្នេះ​ឱកាស​នេះ គេ​ត្រូវការ​សម្រាក​កម្សាន្ត​ខ្លះ​ដែរ ។ ការ​សម្រាក​កម្សាន្ត​នៃ​អ្នក​រស់នៅ​ជនបទ គឺ​គេ ប្រមូល​គ្នា​ដោយ​ណាត់​ទី​មក​កន្លែង​ដារ​លាន​នេះ​ក្នុងពេល​ព្រលប់​ ត្រជាក់ដើម្បី​រាំ​កម្សាន្ត ។ គេ​ក៏​អាច​ណាត់គ្នា នៅ​ទីធ្លា​កណ្តាល​ភូមិ ឬ​នៅ​មុខ​ផ្ទះ​នរណា​ម្នាក់​ដែល​មាន​ធ្លា​ធំ​អាច​ដំណើរការ​បាន​ស្រួល​ដែរ ។​
            ​ពិធី​ដារ​លាន និង​ការ​រាំ​កម្សាន្ត​ក្រោយពេល​បំពេញការងារ ដែល​យើង​បាន​រៀបរាប់​មកនេះ វា​គ្រាន់ តែ​ជា​ការ​តំណាង​ឱ្យ​ពិធី​ដទៃ​ផ្សេង​ទៀត ដែល​ខ្មែរ​យើង​តែង​និយម​រៀបចំ ក្រោយ​បំពេញភារកិច្ច ដោយ​មិន សូវ​អាក់ខាន​ឡើយ ។ កិច្ច​ប្រារឰ​ពិធី​ទាំង អស់នេះ គឺ​ជា​ប្រពៃណី ជា​ទម្លាប់ ឬ​ជា​សីលធម៌ ដែល​ខ្មែរ​តែង​រៀបចំ ដើម្បី​ដឹងគុណ​ចំពោះ​អ្នក​ដែល​មាន​គុណ​ទាំងឡាយ និង​ដើម្បី​សម្រាក​កម្សាន្ត​សប្បាយ ឬ​ដើម្បី​ភ្ជាប់​មនោសញ្ចោ​ត​នា​សាមគ្គីភាព​រវាង​ញាតិមិត្ត​ជិត​ឆ្ងាយ​ ទាំងអស់ ។ ម្យ៉ាងទៀត ការរៀបចំ​ពិធី​នី​មួយៗ​នោះ មិនមានអ្នក​ជំហរ​ចេញ​ប្រាក់កាស​ទេ តែ​កើត​ដោយ​ចិត្ត​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន ដែល​គេ​មាន​ជំនឿ​ក្នុង​ការកសាងកុសល ដោយ​មិន​មើលបំណាំ​ថា អ្នកណា​ចេញ​ច្រីន អ្នកណា​ចេញ​តិច​ឡើយ ។  គេ​តែង​អនុគ្រោះ​ឱ្យ​គ្នា​ទៅវិញទៅមកតាម​លទ្ធភាព​ក្នុង​គ្រួសារ​ម្នាក់ៗ ហើយ​ប្រមូលផ្តុំ​ម្ហូបអាហារ​ចែកចាយ​គ្នា​ហូប​ជា​វង់​ព័ទ្ធ ជុំវិញ​ម្ហូបអាហារដ៏​ពោរពាស ​ចំពោះ​សិល្បៈ​សម្រាប់​ការកម្សាន្ត​ពេល​រាត្រីក៏​កើតមាន​ឡើង​ដោយ​ ការស្រុះស្រួល​គ្នា គឺ​គេ​ចាត់ចែង​យ៉ាងណា​ឱ្យ​មាន​ដោយ​ខានមិនបាន ព្រោះ​ប្រជារាស្ត្រ​ខ្មែរ​ច្រើនតែ​ជា​អ្នក​មាន​និស្ស័យ​សិល្បៈ ។​
             សរុបសេចក្តី​មក ពិធី​បុណ្យដារលាន​បាន​បង្កើត​ឱ្យ​មាន​បរិយាកាស​រីករាយ​ក្រៃលែង បន្ទាប់​ពី​ការ នឿយហត់​ក្នុង​រដូវ​បង្កបង្កើន​ផល​កន្លងមក ដោយ​អ្នក​ភូមិ​បាននាំគ្នា​រាំ ច្រៀង និង​លេងល្បែង​កម្សាន្ត​ជាច្រើនប្រភេទ​ដូចជា រត់ប្រណាំង រុញ​អង្រែ វាយ​ក្អម និង​ល្បែង​ប្រជាប្រិយ​ផ្សេងៗ​ទៀត ឯ​របៀបរបប​រាំ​កម្សាន្ត​ក៏មាន​ទម្រង់​មិន​ខុស​ពី​ការ​រាំវង់​ដូច​ក្នុង​ពិធី ​ចូលឆ្នាំថ្មី​ដែរ ៕៚
ប្រភព = http://pathleadtonoble.blogspot.ca/2014/08/blog-post_5.html

0 comments:

Post a Comment

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់
សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
កូរ៉េខាងត្បូង
ជម៉ុន
និងប្រទេសជាច្រើនទៀត

Cheap Women's Clothes 6000+ Style low to $93000+ unlocked Cell Phone. Low Price $29 up+ Free Shipping6000+ Gadgets at Bargain Price @everbuying.com

Buddhist Books

Popular Posts

Cambodian Temple

Total Pageviews