ធម្មបទ Dhammapada
DHAMMA TALKS
បុណ្យប្រពៃណីខ្មែរ
Powered by Blogger.
អត្តបទ ARTICLES
គាថាផ្សេងៗ VERSES
រឿង STORIES
PALI CHANTINGS
Monday, August 18, 2014
ពិធីបុណ្យកឋិនខុសប្លែកពីបុណ្យដ៏ទៃ ដោយហេតុអ្វីខ្លះ?
ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាជនខ្មែរយើងទូទាំងប្រទេស
ដែលតែងតែគោរពបូជា ប្រតិបត្ដិយ៉ាងយកចិត្ដទុក
នេះក៏ដោយសារតែប្រជាពលរដ្ឋខ្មែរយើង មានជំនឿទៅលើផលបុណ្យ ផលបាប ដែលជា
ទង្វើដែលខ្លួនបានធ្វើ គឺធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ។
ជាមួយគ្នានេះផងដែរ ព្រះពុទ្ធសាសនា បានដើរតួ
យ៉ាងសំខាន់នៅក្នុងការអប់រំមនុស្សដែលរស់នៅក្នុងសង្គមទាំងផ្លូវកាយ
ទាំងផ្លូវត្ដ ដើម្បីឱ្យមនុស្សទទួលបាននូវសេចក្ដីសុខ ។ លើសពីនេះ
អ្វីដែលគួរឱ្យកត់សម្គាល់នោះ នៅក្នុងព្រះពុទ្ធសាសនាមានពិធីបុណ្យធំៗ
ជាច្រើនដែលប្រជាពលរដ្ឋខ្មែរយើងតែងតែ ប្រារឰធ្វើឡើង ជារៀងរាល់ឆ្នាំ
និងរដូវកាលដែលបានកំណត់ ។
ដើម្បីរួមចំណែកចូលរួមអភិរក្សអក្សរសាស្ដ្រជាតិ
ក្នុងមានយើងខ្ញុំជាគណៈកម្មការនិពន្ធនៃ គេហទំព័រ veticar.com
នឹងសង្ខេបអត្ថន័យខ្លះៗ ដែលពាក់ព័ន្ធទៅនិងពិធីបុណ្យកឋិន ជាបុណ្យប្រពៃណី
ខ្មែរយើង តែងតែប្រារឰធ្វើឡើង ជារៀងរាល់ឆ្នាំ ។ តើបុណ្យកឋិនមានភាព
ខុសពីបុណ្យដទៃ ? តើបុណ្យកឋិន មានភាពខុសពីបុណ្យដទៃ?
តើគេច្រើនប្រារឰឡើងនៅរដូវណា? ហើយមានរយៈពេលប៉ុន្មានថ្ងៃ ? ចាប់ពីថ្ងៃណា
ដល់ថ្ងៃណា?
តាមការបង្ហាញពីសៀវភៅបុណ្យទំនៀមទម្លាប់ខ្មែរ ទាំង១២ ខែបានបង្ហាញថា ៖
បុណ្យ កឋិនទាន គឺជាបុណ្យមួយ ដែលប្រជាជនខ្មែរប្រារឰធ្វើឡើយក្នុងពេលកំណត់មួយ
គឺមានចំនួន ២៩ ថ្ងៃ ចាប់ពីថ្ងៃ ១ រោច ខែ អសុជ្ស រហូតដល់ថ្ងៃទី ១៥
កើតពេញបូរមី ខែ កត្ដិក ។ ហើយបុណ្យ កឋិនមានលក្ខណៈ ខុសប្លែក ៥
យ៉ាងអំពីបុណ្យដទៃផ្សេងៗ និងក្លាយជាបុណ្យដ៏មានសារៈ
សំខាន់នៅក្នុងវត្ដពុទ្ធសាសនា និងនៅក្នុង ចំណោមពុទ្ធបរិស័ទទូទៅ ។
លក្ខណៈប្លែក ៥ យ៉ាងគឺ ៖
១-ប្លែកដោយកាល
ព្រះពុទ្ធ ទ្រង់អនុញ្ញាតកឋិនកាល មានតែចំនួន ២៩ ថ្ងៃ គឺ ៖ ១៤
ថ្ងៃក្នុងខែអស្សុជ (កំណត់ពីថ្ងៃ១ រោច រហូតដល់ថ្ងៃ ១៤ រោច ឬខែដាច់) និង១៥
ថ្ងៃក្នុងខែកត្ដិក (កំណត់ពីថ្ងៃ១ កើត ដល់ថ្ងៃ ១៥ កើត ពេញបូរមី)។ រយៈពេលនេះ
ហៅតាមពាក្យសាមញ្ញថា “ រដូវកឋិន ” ។ បុណ្យកឋិនធ្វើបានតែម្ដងគត់
ក្នុងមួយឆ្នាំ សម្រាប់វត្ដ មួយ និងត្រូវធ្វើតាមពេលកំណត់មិនមានមុន
និងមិនមានក្រោយ ។ ភិក្ខុអាចទទួលសំពត់កឋិនបាន តែមួយដងគត់ ក្នុងមួយរដូវកឋិន ។
២-ប្លែកដោយវត្ថុ
សំពត់ ដែលជាអង្គកឋិន នោះមាន ៖ ស្បង់ចីវរ និងសង្ឃាដី
ដែលបានធ្វើត្រឹមត្រូវតាមពុទ្ធាបញ្ញត្តិ ។ យោង តាមវិន័យបញ្ញត្តិ ទោះបីជាទាយក
ឬទាយកា នាំសំពត់មួយត្រៃមកប្រគេនភិក្ខុសង្ឃ ក៏ភិក្ខុសង្ឃអ្នកក្រាលគ្រង
លោករើសយកតែមួយមុខ មកធ្វើជាអង្គកឋិន ។ តាមធម្មតា
ភិក្ខុច្រើនតែរើសយកសង្ឃាដីធ្វើជាអង្គកឋិន ពីព្រោះ
សង្ឃាដីជាសំពត់ធំជាងគេបង្អស់ក្នុងត្រៃចីវរ ហើយអាចប្រើសម្រាប់ដណ្ដប់ដូចជាភួយ
នៅពេលរងាក៏បាន ។
៣-ប្លែកដោយអំពើ
តាម ទំនៀមទម្លាប់ ពុទ្ធបរិស័ទតែងតែមានជំនឿថា
ការធ្វើបុណ្យចំពោះភិក្ខុមួយអង្គ ៗ ពុំសូវមានអានិសង្ឃច្រើន ដូចជាធ្វើនឹង
សង្ឃ ទេ (សង្ឃ សំដៅយកភិក្ខុចំនួនពី៤ អង្គឡើងទៅ)។ យោងតាមវិន័យបញ្ញត្តិអង្គ
កឋិនអាចវេរប្រគេនចំពោះសង្ឃ យ៉ាងហោចណាស់ ក៏មានវត្ដមានភិក្ខុ៥ អង្គដែរ
ដើម្បីឱ្យកើតជាកឋិនពេញ លក្ខណៈបាន ។
៤-ប្លែកដោយបដិគ្បដិការគាហកៈ (ដោយអ្នកទទួល)
មានតែ ភិក្ខុទេ ដែលអាចទទួលសំពត់កឋិនបាន (រីឯ សាមណេរ
និងអ្នកដ៏ទៃទទួលពុំបាន)។ ភិក្ខុនោះត្រូវ តែគង់ចាំវស្សាគម្រប់ ៣ ខែ
ក្នុងវត្ដ ឬអាវាសណាមួយ ។ ភិក្ខុមិនបានគង់ចាំវស្សាគ្មានសិទ្ធទទួលអង្គកឋិនទេ ។
៥-ប្លែកដោយអនិសង្ឃ
នៅក្នុង ការធ្វើបុណ្យកឋិន ទាយក និងទាយកា តែងទទួលបានអនិសង្ឃច្រើន ។
យោងតាមវិន័យបិដក ភាគ៨ ត្រង់កឋិនក្ខន្ធកៈ ភិក្ខុសង្ឃដែលជាអ្នកអនុមោទនា
និងក្រាលគ្រងកឋិន ត្រូវបានទទួលអនិសង្ឃ ៥ យ៉ាង ក្នុងរយៈពេល ៥ ខែ ។
អានិសង្ឃទាំង ៥ យ៉ាងនោះគឺ ៖
(១)-អនាមន្ដចារោ ៖ ភិក្ខុត្រាច់ទៅកាន់ទីដទៃ ដោយមិនបាច់លាភិក្ខុផងគ្នាបាន និងមិនមានទោស (ត្រូវអាបត្តិ) ឡើយ ។
(២)-អសមានទានចារោ ៖ ភិក្ខុត្រាច់ទៅដោយមិនបាច់យកសំពត់ណាមួយ ឬត្រៃចីវរគ្រប់ប្រដាប់ ជាប់ជាមួយបាន ។
(៣)-គណភោជនំ ៖ ភិក្ខុអាចឆាន់គណភោជនំបាន ។
(៤)-យាវនត្ថចីវរំ ៖ ភិក្ខុអាចទុក អតិរេកចីវរ (ចីវរដែលលើសអំពីសេចក្ដីត្រូវការ)ចំនួនប៉ុន្មាន ក៏បាន ។
(៥)-យោ ច តត្ថ ចីវរុប្បានោ សោ នេសំ ភវិស្សិតិ ៖ ចីវរណាកើតឡើងក្នុងអាវាស នោះ ចីវរនោះនឹងមានដល់ភិក្ខុនោះ។
វិន័យ បិដក ភាគ៨ កឋិនក្ខន្ធកៈ បានចែកអំពីប្រភពនៃបុណ្យកឋិនថា ៖ “
នៅក្នុងសម័យពុទ្ធកាល ព្រះ សម្ពុទ្ធជាម្ចាស់ ទ្រង់ពុទ្ធានុញ្ញាត
ឱ្យភិក្ខុប្រើប្រាស់តែបង្សុកូលចីវរ ទ្រង់ពុំទាន់បានអនុញ្ញាត
ឱ្យប្រើគហបតីចីវរនៅ ឡើយ ។
សម័យកាលនោះ នៅក្នុងរវាងមជ្ឈិមពោធិកាល ព្រះពុទ្ធកំពុងគង់ចាំព្រះវស្សា
ក្នុងវត្ដជេតពន ដែលជា អារាមរបស់អនាថបណ្ឌិកសេដ្ឋីសាងថ្វាយ នៅទៀបក្រុងសាវត្ថី
។ ត្រានោះ មានភិក្ខុ ៣០រូប ឈ្មោះថា ភទ្ទវគ្គិត្ថេរ ក្នុងដែនបាថេយ្យ
ជាអ្នកប្រព្រឹត្តធម៌នៅក្នុងព្រៃ ។ ល។ បាននាំគ្នានិមន្តចេញអំពីទីនោះ
មកកាន់ក្រុង សាវត្ថី ដើម្បីចូលគាល់បម្រើព្រះដ៏មានព្រះភាគ ។
ប៉ុន្តែភក្ខុទាំងអស់ បានមកដល់តែត្រឹមសាកេត (ភូមិ មួយជាប់
នឹងទីក្រុងសាវត្ថី) ស្រាប់តែថ្ងៃចូលវស្សាក៏មកដល់នឹងស្រូតមកទៀតមិនទាន់
ក៏នាំគ្នាផ្អាកធ្វើដំណើរ ស្វែងរកទី សេនាសនៈនៅចាំវស្សា ៣ ខែ
នាពាក់កណ្តាលផ្លូវនោះតែម្ដងទៅ។ ភិក្ខុសង្ឃទាំង ៣០ រូបមានសេចក្ដីអផ្សុក កើត
ទុក្ខតូចព្រះទ័យជាខ្លាំង ដោយគិតឃើញថា ព្រះភាគទ្រង់គង់នៅទីនោះ
ចម្ងាយតែ៦យោជន៍ទៀតសោះ មិនសម យើងទាំងឡាយស្កុនដំណើរ
មិនបានគាល់បម្រើព្រះអង្គដូចបំណងសោះ ។
លុះដល់ ថ្ងៃចេញវស្សា បវារណាស្រេចហើយ
ភិក្ខុទាំងអស់ក៏នាំគ្នាប្រញាប់ចូលទៅកាន់ក្រុងសាវត្ថី ។ នៅ
ទីនោះភិក្ខុសង្ឃទាំងអស់បានចូលធ្វើសាវនាការជាមួយនឹងព្រះពុទ្ធ
ដោយមានស្បង់ចីវរទទឹកជោក ។ ព្រះមានព្រះ
ភាគទ្រង់មានបន្ទូលរាក់ទាក់ទៅកាន់ភិក្ខុទាំងនោះថា ៖ “ ម្នាលភិក្ខុទាំងឡាយ
សរីយន្ដរបស់អ្នកទាំងឡាយលម្ម អត់សង្កត់បាន ឬទេ ? ល្មមប្រព្រឹត្ដទៅបានឬទេ?
តើអ្នកទាំងឡាយមានសេចក្ដីព្រមព្រៀងស្មោះស្មើ ឥតមានវិវាទ ទាស់ទែងគ្នា ទេឬ?
អ្នកទាំងឡាយនៅចាំវស្សាសោត ស្រួលបួលមិនលំបាកដោយអាហារបិណ្ឌបាត ទេឬ?
ភិក្ខុទាំងឡាយនោះ ក៏ក្រាបបង្គំទូល នូវសេចក្ដីលំបាករបស់ខ្លួន ដែលមានមកតាមផ្លូវដោយសព្វគ្រប់ តាមដំណើរ ។
លំដាប់ នោះ ព្រះដ៏មានព្រះភាគទ្រង់សម្ដែងធម្មឹកកថា
ប្រារឰអំពីសង្សារវដ្ដមិនមានទីបំផុត ប្រោសប្រទាន ដល់ភិក្ខុទាំងនោះ ។
លុះចប់ធម៌ហើយ ភិក្ខុទាំងអស់នោះ បានជាព្រះអរហន្តទាំងអស់អង្គ រួចហើយក៏នាំគ្នា
ក្រាប ថ្វាយបង្គំលាព្រះសម្ពុទ្ធ វិលទៅកាន់លំនៅរបស់ខ្លួនវិញ ។
បន្ទាប់អំពីនោះមក ព្រះមានព្រះភាគទ្រង់តម្រិះថា
បើប្រសិនជាតថាគតបានតែងតាំងកឋិនត្ថារកិច្ច ទុក មកពីគ្រាមុន
ម្លេះសមភិក្ខុទាំងឡាយនោះបានលះចីវរមួយទុកនៅកន្លែងជាប់មកតែ ស្បង់ចីវរប៉ុណ្ណោះ
មានអត្ថភាព ស្រាលមិនលំបាកយ៉ាងនេះសោះឡើយ ។ ហើយកឋិនត្ថារ
កិច្ចនេះព្រះពុទ្ធរាល់ព្រះអង្គ ក៏តែងអនុញ្ញាតទុកដល់ សាវកពុំដែលលះបង់ផង ។
ព្រះដ៏មានព្រះភាគទ្រង់ព្រះ ដូច្នេះហើយ ទើបទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក
រួចហើយក៏ទ្រង់អនុញ្ញាតកឋិនត្ថារកិច្ច ដោយព្រះពុទ្ធដីកាថា ៖
អនុជា នាមិ វេ វស្សំ វុដ្ឋានំ ភិក្ខុនំ កឋិនំ។ អត្ថរិតុំ អត្ថតំ កឋិនទានំ
វោ ក្ខវេ បញ្ច ស្សន្ដិ ។ “ ប្រែថា ”
ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឱ្យភិក្ខុទាំងឡាយ ដែលបាន
នៅចាំវស្សារួចហើយទទួលក្រាលគ្រងកឋិន ។ ម្នាលភិក្ខុទាំងឡាយ !
កាលបើភិក្ខុទាំងឡាយបានក្រាលគ្រងកឋិន ហើយ នឹងបានសម្រេចអានិសង្ស ៥ ប្រការ ” ។
បន្ទាប់មកព្រះសម្មាសម្ពុទ្ធ ទ្រង់អនុញ្ញាត ឱ្យភិក្ខុទទួលស្បង់អំពី
ពុទ្ធបរិស័ទ និងគហបតីទាំងឡាយ ក្នុងពេលមួយខែ កំណត់ពីថ្ងៃ ១ រោច ខែអស្សុជ
រហូតដល់ថ្ងៃទី ១៥ កើតពេញ បូរមី ខែកត្ដិក (រវាង ពាក់កណ្ដាលខែតុលា
រហូតដល់ពាក់កណ្ដាលខែវិច្ឆិកា)។ ព្រះដ៏មានព្រះភាគទ្រង់ព្រះមេត្ដា
ប្រោសអនុញ្ញាត ភិក្ខុសង្ឃដែលអនុមោទនា និងក្រាលគ្រង កឋិននោះ បានទទួលអានិសង្ស
៥ ប្រការ។ ជនមាន សទ្ធា ដែលបានធ្វើកឋិនទាន មានឈ្មោះថា
ជាអ្នកបានគោរពនូវព្រះពុទ្ធដីកា ដែលទ្រង់បានអនុញ្ញាតឱ្យភិក្ខុសង្ឃ
បានទទួលអានិសង្ឃ ៥ ប្រការផង ជាអ្នកមានចិត្តអាណិតអាសូរចំពោះភិក្ខុសង្ឃ
ដែលគង់ចាំវស្សាអស់មួយត្រៃ មាសនោះផង
និងជាអ្នកតអាយុព្រះពុទ្ធសាសនាអស់កាលជាយូរអង្វែងទៅផង ។
ព្រះ សម្ពុទ្ធទ្រង់សំដែងថា “ សុខស្ស ទាតា មេធាវី សុខំ សោ អធិគច្ឆតិ ។ “
ប្រែថា ”ជន ដ៏មានប្រាជ្ញណាមួយ បានធ្វើនូវសេចក្ដីសុខស្រួល (ដល់អ្នកដ៏ទៃ)
ជននោះឯង រមែងបានជួបប្រទៈនឹងសេចក្ដីសុខ ស្រួលជាពិតប្រាកដពុំខានឡើយ ។ ”
សេចក្ដីអធិប្បាយយ៉ាងនេះថា ជនណាបានធ្វើកឋិនទាន ដែលនាំឱ្យព្រះភិក្ខុ សង្ឃ
បានអនិសង្ឃ ៥ យ៉ាងក្នុងរវាង៥ ខែ បានឈ្មោះថា
ជាអ្នកឱ្យសេចក្ដីសុខស្រួលដល់អ្នកដ៏ទៃ នៅក្នុងបច្ចុប្បន្ន ជាតិ
ជននោះឯងតែងតែបានសុខ ក្នុងមនុស្សលោកនិងទេវលោក ក្នុងពេលអនាគត។
ដោយអំណាចផល្លានិសង្ឃនៃ កឋិនទាននោះ ក្នុងអនាគតកាល ជននោះ នឹងបានជាឯហិភិក្ខុនី
ដែលមានត្រៃចីវរកើតឡើងឯកឯង ដោយឬទ្ធិ នៅ ពេលបុព្វជ្ជា
ជាបុព្វជិតក្នុងសាសនាព្រះពុទ្ធអង្គណាមួយ ហើយក៏នឹងបានសម្រេចមគ្គផល
និព្វានក្នុងពេលបុព្វជ្ជានោះ ជាពិតប្រាកដពុំខានឡើយ ។
តាំងពីពេលនោះមក បុណ្យកឋិនបានក្លាយជាបុណ្យទំនៀមទម្លាប់របស់ពុទ្ធបរិស័ទ ដើម្បីបំពេញនូវសេចក្ដី ត្រូវការស្បង់ចីវរដ៏វិសេសនេះ ។
វេលា រាត្រីមុនថ្ងៃបុណ្យកឋិន ទាយក ទាយកា ម្ចាស់ដើមបុណ្យ និងញាតិមិត្រ
នាំគ្នាយកត្រៃចីវរ និង គ្រឿងបរិក្ខារផ្សេងៗ ទៅកាន់វត្ដអារាម
ដែលគេបានទាក់ទងស្និទ្ធស្នាល រួចមកហើយ និងធ្វើកុសលខ្លះៗ ដូចជា
ថ្វាយបង្ថ្វាយបង្គំគុំព្រះរតនត្រ័យ អារាធនាព្រះសង្ឃចម្រើនព្រះបរិត្ដ
និងស្ដាប់ព្រះសង្ឃសម្ដែងធម្មទេសនា (ស្ដីអំពីអានិ សង្ឃកឋិន)។
លុះ ព្រឹកស្អែកឡើង ទាយក ទាយកា និងពុទ្ធបរិស័ទ
ម្ចាស់ដើមបុណ្យនាំគ្នាតៅកាន់វត្ដម្ដងទៀត ។ គេ
ប្រារឰពិធីថ្វាយបង្គំព្រះរតនត្រ័យ សមាទានសីល ៥ ឬសីល ៨ ដាក់បាត្រ បង្សុ័កូល
និងវេរភត្ដប្រគេនព្រះសង្ឃ។
បន្ទាប់ពីថ្ងៃត្រង់ ទាយក និងទាយកា ម្ចាស់ដើមបុណ្យ ព្រមទាងញាតិមិត្រ
នាំគ្នាទូលពានត្រៃចីវរ និងកាន់ ទ្រនូវគ្រឿងបរិក្ខារជាបរិវារកឋិន ផ្សេងៗ
ដើរប្រទក្សិណព័ទ្ធជុំវិញរោងឧបោសថ ( ឬព្រះវិហារ ) ចំនួន៣ ជុំ។
អ្នកទាំងអស់ត្រូវបាននាំមុខដោយក្រុមភ្លេងឆៃយ៉ាំ និងភិក្ខុសូត្រធម៌
ព្រមទាំងមានពុទ្ធបរិស័ទទាំងហ្វូងដង្ហែតាម ពីក្រោយ។
បន្ទាប់មក ត្រៃចីវរ និងគ្រឿងបរិក្ខារជាបរិវារកឋិន
ត្រូវបានវេរប្រគេនចំពោះភិក្ខុសង្ឃ ដោយអនុលោម តាមក្បួន
និងទម្រង់ការដែលបានបញ្ញត្តិទុកមក ។
ពេលពិធីវេរអង្គកឋិន បានចប់សព្វគ្រប់ហើយ គឺជានាទីរបស់សង្ឃ
ដើម្បីជួបជុំគ្នាជាថ្មីឡើងវិញ នៅក្នុង រោងឧបោសថ ឬព្រះវិហារ
និងដើម្បីប្រារឰពិធីឆ្លងកឋិនទាន (សម្ពោធកឋិន) ទៅតាមវិន័យបញ្ញត្តិ ។
តាម ធម្មតា គ្រូចៅអធិការ ឬថេរភិក្ខុ
នៅក្នុងវត្ដត្រូវធ្វើសំណូមពរឱ្យមានភិក្ខុមួយរូប ជាតំណាងសង្ឃ ដើម្បីអនុមោទនា
និងក្រាលគ្រងអង្គកឋិន ។ ជាយថាហេតុ ភិិក្ខុអង្គណាដែលមានស្បង់ចីវររហែកដាច់
នឹងត្រូវ ជ្រើសឡើង ។ រោងឧបោសថ ឬព្រះវិហារ
គឺជាកន្លែងសម្រាប់ធ្វើសង្ឃកម្មពិសេស (សម្ពោធកឋិន)នេះ ។ ពិធីនេះ
ដោយឡែកសម្រាប់តែសង្ឃ ពួកគ្រហស្ថមិនអាចចូលរួមជាមួយបានឡើយ ។
ពុទ្ធបរិស័ទមានជំនឿថា ការធ្វើបុណ្យកឋិន នៅវត្ដដែលមានព្រះវិហារបញ្ចុះសីមារួចហើយ ទើបបានអនិ សង្ឃច្រើន ។
នៅប្រទេសខ្មែរ បុណ្យកឋិន គឺជាបុណ្យសប្បាយអឹកធឹក មានពណ៌ចម្រុះឆើតឆាយ មានទិដ្ឋភាពជាបុណ្យ ពុទ្ធសាសនាយ៉ាងមហោឡារិក ។
ជាការពិតណាស់ បុណ្យកឋិន គឺជាឱកាសមួយ សម្រាប់បណ្តុះបណ្តាលអំពើល្អ និងគុណធម៌ នៅក្នុងដួងចិត្ត យើងគ្រប់ៗ គ្នា ។
Labels:បុណ្យប្រពៃណីខ្មែរ
Subscribe to:
Post Comments
(Atom)
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់
សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ
បារាំង
កូរ៉េខាងត្បូង
ជម៉ុន
Buddhist Books
Popular Posts
-
បទសរភញ្ញ អរហន្តតថាគត ជ្រាបគ្រប់បទស្វែងគុណធំ ទ្រង់ជាលោកុត្តម ច្...
-
នមោមេ សព្វពុទ្ធានំ ឧប្បន្នានំ មហេសីនំ តណ្ហង្គរោ មហាវីរោ មេធង្គរោ មហាយសោ សរណង្ករោ លោកហិតោ ទីបង្ករោ ជុតិន្ធរោ កោណ្ឌញ្ញោ ជនបាមោក្ខោ ម...
-
មង្គល ៣៨ ប្រការ ១ ការមិនសេពគប់បុគ្គលពាល កុំគប់មិត្ត ដែលពាល សណ្តានជួ នឹងនាំតួ ស្អុយខូច ហិនអន្តរាយ ទោះត្រឹមគិត សោគ្រោក ចិត្តខ្វល់...
-
ឥតិបិ ទាន បារមី សម្បន្នោ សោ ភគវា ឥតិបិ ទាន ឧបបារមី សម្បន្នោ សោ ភគវា ឥតិបិ ទាន បរមត្ថបារមី សម្បន្នោ សោ ភគវា ។
-
ទស្សនៈអប់រំសីលធម៌របស់ ព្រះពុទ្ធសាសនា មនុស្សលោកទូទៅ ដែលកំពុងរស់នៅលើពិភពលោក មានជាតិសាសន៍ ពណ៌សម្បុរប្រពៃណី វប្បធម៌ ភាសា សាសនា ជំនឿផ្...
-
កម្ម បទចែកចេញជាកម្មមាន៣យ៉ាង គឺ កាយកម្ម១, វចីកម្ម១ និងមនោកម្ម១។ ចែកប្រភេទមានពីរយ៉ាងគឺ អកុសលកម្មបទ១ កុសល...
-
បុណ្យមាឃបូជា មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធ សាសនាដែលរួមមាន : មាឃបូជា ពិសាខបូជា អាសាឍបូ...
-
នំ (ន.) ចំណីដែលគេធ្វើដោយអង្ករឬដោយម្សៅជាដើម ចម្អិនឲ្យនៅស្រស់មានទឹកឬគោកក៏មាន ឲ្យក្រៀមក៏...
-
ពិធីបុណ្យកឋិនខុសប្លែកពីបុណ្យដ៏ទៃ ដោយហេតុអ្វីខ្លះ? ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាជនខ្មែរយើងទូទាំងប្រទេស ដែលតែងតែគោរពបូជា ប្រតិប...
-
កម្រងឯកសារស្តីពីបុណ្យដារលាន ចងក្រងដោយក្រសួងកសិកម្ម ក- សេចក្តីផ្តើម សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលភាគច្រើនជ...
0 comments:
Post a Comment