Powered by Blogger.

គាថាផ្សេងៗ​​ ​ VERSES

នត្តិ សន្តិ បរំ សុខំ ពុំមានសេចក្តីសុខណា ស្មើសេចក្តីស្ងាប់ឡើយ!.. សូមអោយសព្វសត្វទាំងអស់ បាននូវសេចក្តីសុខ!May all beings be well and happy!..

Sunday, August 10, 2014
បុណ្យ​ភ្ជុំបិណ្ឌ
IMG_1 
បុណ្យ ​ភ្ជុំបិណ្ឌ​ ជាបុណ្យ​ប្រពៃណី​ចម្បង​មួយក្នុង​ចំណោម​បុណ្យ​ប្រពៃណី​ផ្សេង​ៗ​ ​របស់​ប្រជាជន​កម្ពុជា​។  បុណ្យ​នេះមាន​លក្ខណៈ​ជា​បុណ្យ​គោរព​វិញ្ញាណក្ខន្ធ​របស់​បុព្វបុរស ញាតិ​សន្តាន ដែល​បាន​ធ្វើ​មរណកាល​ទៅ​ហើយ​។
- របៀប​ភ្ជុំបិណ្ឌ​របស់​ខ្មែរ
ប្រជាជន ​កម្ពុជាប្រារព្ធ​ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ​ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ រៀងរាល់​ឆ្នាំ​។ ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៤​រោច ហៅ​ថា ថ្ងៃ​កាន់​បិណ្ឌ ហើយ​ថ្ងៃ​១៥​រោច ហៅ​ថា ថ្ងៃ​ភ្ជុំបិណ្ឌ​។
ក្នុង​ឱកាស​កាន់​បិណ្ឌ​នេះចាស់​ព្រឹទ្ធាចារ្យ យាយ​តា ដែល​មាន​សទ្ធា​មុតមាំ​ក្នុង​ព្រះ​ពុទ្ធសាសនា បាន​លះបង់​ផ្ទះ​សំបែង កូន​ចៅ ទៅ​នៅ​វត្ត សមាទាន​សីល​៥ សីល​៨ ឬ​អតិរេក​សីល ចម្រើន​មេត្តា​ភាវនា បម្រើ​ព្រះ​សង្ឃ និង​សំអាត​ទី​អារាម​ជាដើម​។ ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​នីមួយ​ៗ បាន​បែងចែក​គ្នា​ជា​វេន​ចំនួន​១៤​ថ្ងៃ ឬ ១៤​បិណ្ឌ​។ ក្នុង​បិណ្ឌ​នីមួយ​ៗ នៅ​ពេល​យប់ គេ​ជួបជុំ​គ្នា​ប្រគេន–ជូន​ភេសជ្ជៈ​ចំពោះ​ព្រះ​សង្ឃ និង​ចាស់​ព្រឹទ្ធាចារ្យ នមស្ការ​ព្រះ​រតនត្រ័យ សមាទាន​សីល និមន្ត​ព្រះ​សង្ឃ​ចម្រើន​ព្រះ​បរិត្ត និង​សម្ដែង​ធម៌​ទេសនា​។ ព្រឹក​ឡើង ប្រគេន​យាគូ ភត្តាហារ ដើម្បី​ឧទ្ទិស​កុសល​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​ក្រុម​គ្រួសារ ញាតិ​មិត្ត​របស់​គេ ដែល​បាន​ធ្វើ​មរណកាល​ហើយ​នោះ​។ នៅ​យប់​ថ្ងៃ​១៤​រោច គេ​ប្រារព្ធ​ធ្វើ​ពិធី​ដូច​យប់​ថ្ងៃ​កាន់​បិណ្ឌ​ពី​មុន​មក​ដែរ  ប៉ុន្តែ​មាន​លក្ខណៈ​ឱឡារិក​ជាង​។ រី​ឯ​ប្រជាជន និយម​ធ្វើ​នំ​ផ្សេង​ៗ មាន​នំ​អន្សម នំ​គម​ជាដើម សម្រាប់​ប្រគេន​ព្រះ​សង្ឃ សែន​ព្រេន និង​ជូន​ឪពុក​ម្ដាយ ចាស់​ទុំ ញាតិ​មិត្ត​របស់​គេ ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​។ ព្រឹក​ឡើង​ថ្ងៃ​១៥​រោច ដែល​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ​នេះ ពុទ្ធបរិស័ទ​វេន​បិណ្ឌ អញ្ជើញ​មក​ចូល​រួម​យ៉ាង​កុះករ ប្រគេន​ចង្ហាន់​ព្រះ​សង្ឃ និង​បង្សុកូល ដូច​ថ្ងៃ​កាន់​បិណ្ឌ​ដែរ ប៉ុន្តែ​ថ្ងៃ​នេះ​មាន​លក្ខណៈ​អធិក​អធម​ជាង​ថ្ងៃ​កាន់​បិណ្ឌ​កន្លង​មក​។ នៅ​តំបន់​ខ្លះ ពេល​ល្ងាច​ថ្ងៃ​១៥​រោច គ្រួសារ​នីមួយ​ៗ រៀបចំ​ពិធី​សែនព្រេន​ជូន​ជីដូន​ជីតា​តាម​ទម្លាប់​។ លុះ​ព្រលឹម​ស្រាង​ៗ ថ្ងៃ​១​កើត ខែ​អស្សុជ គេ​រៀបចំ​នំ ចំណី ផ្លែ​ឈើ….. ដុត​ទៀន ធូប ដាក់​ក្នុង​ទូក​ដែល​ធ្វើ​ពី​ស្រទប​ចេក​បណ្ដែត​តាម​ទឹក ដើម្បី​ជា​កិច្ច​ជូន​ដំណើរ​ដូនតា​ត្រឡប់​ទៅ​វិញ​។     

- ប្រភព​នៃ​ការ​កាន់​បិណ្ឌ
-គម្ពីរ​ធម្មបទដ្ឋកថា
មាន​សេចក្ដី​ថា ៖មុន​ភទ្ទកប្ប​នេះ ព្រះ​ពុទ្ធ​ព្រះ​នាម ផុស្សៈ បាន​ត្រាស់​ដឹង​ក្នុង​លោក, ពេល ​នោះ មាន​ព្រះ​រាជបុត្រ​៣​ព្រះ​អង្គ របស់​ស្ដេច​មហិន្ទរាជ ទ្រង់​មាន​ព្រះ​ទ័យ​ចង់​ដាក់​ទាន​។ ព្រះ​រាជបុត្រ​នោះ បាន​ស្នើ​សុំ​ព្រះ​រាជទ្រព្យ​ពី​ព្រះ​បិតា​។ ព្រះ​បាទ​មហិន្ទរាជ ពុំ​អនុញ្ញាត​តាម​សំណូមពរ របស់​ព្រះ​រាជបុត្រ​ឡើយ​។ សម័យ​នោះ មាន​ពួក​សត្រូវ​បង្ក​អសន្តិសុខ​នៅ​ស្រុក​ជាយ​ដែន​។ ព្រះ​បិតា​បាន​បញ្ជូន​បុត្រ​ទាំង​៣​អង្គ ឲ្យ​ចេញ​ទៅ​បង្ក្រាប​។ លុះ​បាន​ជ័យជំនះ ព្រះ​រាជបុត្រ​ទាំង​នោះ ក៏​ត្រឡប់​មក​កាន់​ព្រះ​រាជវាំង​វិញ​។ ព្រះ​បិតា ទ្រង់​មាន​ព្រះ​ទ័យ​សោមនស្ស​ក្រៃលែង ហើយ​ត្រាស់​សួរ​ថា ម្នាល​បុត្រ, តើ​អ្នក​ត្រូវ​ការ​អ្វី​?ព្រះ​រាជបុត្រ​ក្រាប​ទូល​ថា បពិត្រ​ព្រះ​បិតា, ខ្ញុំ​ព្រះ​អង្គ​មាន​បំណង​តែ​មួយ​គត់ គឺ​សុំ​ព្រះ​រាជទ្រព្យ ដើម្បី​ដាក់​ទាន“​។  ដំបូង ព្រះ​រាជបុត្រ​សុំ​ដាក់​ទាន​ជានិច្ចកាល ប៉ុន្តែ​ព្រះ​បិតា​មិន​យល់​ព្រម​។ ត​មក ព្រះ​រាជបុត្រ ក៏​សុំ​ត្រឹម​តែ ៧​ឆ្នាំ ៦​ឆ្នាំ ៥​ឆ្នាំ ៤​ឆ្នាំ ៣​ឆ្នាំ ២​ឆ្នាំ ១​ឆ្នាំ, ៧ ​ខែ ៦​ខែ ៥​ខែ ៤​ខែ ក៏​នៅ​តែ​ព្រះ​បិតា ពុំ​ព្រម​។ លុះ​ដល់​ទី​បំផុត ព្រះ​រាជបុត្រ​ស្នើ​សុំ​ត្រឹម ៣​ខែ គឺ​ម្នាក់​ៗ ១​ខែ​។ បន្ទាប់​ពី​បាន​ទទួល​ព្រះ​រាជានុញ្ញាត​ហើយ ព្រះ​រាជបុត្រ​ទាំង​៣​អង្គ ក៏​ទ្រង់​ប្រគល់​ភារកិច្ច​នេះ ទៅ​ឲ្យ​នាយ​ស្មៀន និង​នាយ​ឃ្លាំង ដើម្បី​ចាត់ចែង​ទាន​។ ព្រះ​រាជបុត្រ​ទាំង​៣​អង្គ ព្រម​ទាំង​បរិវារ ក៏​ចូល​បួស​នៅ​ជា​មួយ​ព្រះ​ពុទ្ធ​ព្រះ​នាម ផុស្សៈ នោះ​ទៅ​។  ចំណែក ​ពួក​កម្មករ ដែល​នាយ​ស្មៀន​បាន​ចាត់តាំង​ឲ្យ​ធ្វើ​ចង្ហាន់​ថ្វាយ​ព្រះ​ពុទ្ធ និង​ភិក្ខុ​សង្ឃ តាម​លំដាប់​វេន​របស់​ព្រះ​រាជបុត្រ​នោះ កើត​មាន​សេចក្ដី​ប្រមាទ​ក្នុង​ទាន ដោយ​បរិភោគ​ចង្ហាន់​មុន​ព្រះ​សង្ឃ និង​បរិភោគ​ចង្ហាន់​ណា ដែល​មាន​រសជាតិ​ឆ្ងាញ់​ពិសា​មុន​ព្រះ​សង្ឃ ជា​រៀង​រាល់​ថ្ងៃ​។ ដោយ​សេចក្ដី​ប្រមាទ​នេះ ពួក​កម្មករ​ទាំង​នោះ លុះ​ធ្វើ​មរណកាល​ទៅ ក៏​បាន​ទៅ​បដិសន្ធិ​ក្នុង​ឋាន​ប្រេត សោយ​ទុក្ខ​វេទនា​លំបាក​ស្រេក​ឃ្លាន​ក្រៃលែង​។ ពេល​ផែនដី​ដុះ​បាន​កម្រាស់​មួយ​យោជន៍ មាន​ព្រះ​ពុទ្ធ​មួយ​ព្រះ​អង្គ ព្រះ​នាម​កក្កុសន្ធៈ​បាន​ត្រាស់​ដឹង​ឡើង​ក្នុង​លោក​។ ពួក​ប្រេត​ទាំង​នោះ ក៏​នាំ​គ្នា​ចូល​ទៅ​ទូល​សួរ​ថា ពេល​ណា ខ្ញុំ​ព្រះ​អង្គ​បាន​អាហារ​បរិភោគ​? ព្រះ​ពុទ្ធ​អង្គ​នេះ​ត្រាស់​ថា ចាំ​សួរ​ព្រះ​ពុទ្ធ​កោនាគមនៈ​ចុះ“​។ លុះ​ដល់​ព្រះ​ពុទ្ធ​កោនាគមនៈ​បាន​ត្រាស់​ដឹង, ពួក​ប្រេត​ទាំង​នោះ ក៏​បាន​ចូល​សួរ​ដូច​មុន​ទៀត​។ ព្រះ​ពុទ្ធ​កោនាគមនៈ​ប្រាប់​ថា ចាំ​សួរ​ព្រះ​ពុទ្ធ​កស្សបៈ​ចុះ“​។ លុះ​ដល់​ព្រះ​ពុទ្ធ​កស្សបៈ​បាន​ត្រាស់​ដឹង ពួក​ឯង​នឹង​បាន​អាហារ​បរិភោគ ក្នុង​សាសនា​ព្រះ​ពុទ្ធ​សមណគោតម ព្រោះ​ញាតិ​របស់​ឯង​ព្រះ​នាម​ពិម្ពិសារ នឹង​ថ្វាយ​ទាន​ចំពោះ​ព្រះ​ពុទ្ធ និង​ភិក្ខុ​សង្ឃ​។លុះ ​ដល់​ព្រះ​ពុទ្ធ​សមណ​គោតម​ត្រាស់​ដឹង​ក្នុង​លោក នាយ​ស្មៀន ដែល​ជា​ញាតិ​របស់​ប្រេត​នោះ ក៏​បាន​កើត​ជា​ព្រះ​បាទ​ពិម្ពិសារ សោយរាជ្យ​នៅ​នគរ​រាជគ្រឹះ​ដែរ​។ ក្នុង​មួយ​ថ្ងៃ ព្រះ​បាទ​ពិម្ពិសារ​ថ្វាយ​ទាន​ចំពោះ​ព្រះ​ពុទ្ធ ព្រម​ទាំង​ភិក្ខុ​សង្ឃ, ពួក ​ប្រេត​ទាំងអស់ បាន​ទៅ​រង់ចាំ​ទទួល​ផល​ទាន ប៉ុន្តែ ពុំ​បាន​ចំណែក​ទាន​សោះ ហើយ​ក៏​នាំ​គ្នា​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ព្រះ​បាទ​ពិម្ពិសារ​ឃើញ ព្រម​ទាំង​បញ្ចេញ​នូវ​សម្រែក​ដ៏​ខ្លាំង​លាន់​ខ្ទរខ្ទារ​ពេញ​ផ្ទៃ​ព្រះ​ រាជវាំង ក្នុង​ពេល​រាត្រី​។ ព្រឹក​ឡើង ព្រះ​បាទ​ពិម្ពិសារ ក៏​យាង​ទៅ​ទូល​សួរ​ព្រះ​ពុទ្ធ​ព្រះ​សមណ​គោតម​អំពី​ព្រឹត្តិការណ៍​ដ៏​ចម្លែក​ នេះ​។ ព្រះ​ពុទ្ធ​ត្រាស់​ថា សម្រែក​ពី​យប់​មិញ​នោះ ជា​សម្រេក​របស់​ពួក​ប្រេត​ដែល​ជា​ញាតិ របស់​ព្រះ​អង្គ ព្រោះ​ពួក​គេ ពុំ​បាន​អាហារ​បរិភោគ អស់​រយៈ​ពេល​ព្រះ​ពុទ្ធ​៤​អង្គ មក​ហើយ​។ រី​ឯ​ទាន​ដែល​ព្រះ​អង្គ​បាន​ថ្វាយ​ហើយ ចំពោះ​តថាគត និង​ភិក្ខុ​សង្ឃ​ក្នុង​ថ្ងៃ​ម្សិលមិញ​នោះ ពួក​ប្រេត​មិន​បាន​ទទួល​ផល​ទេ ព្រោះ​ព្រះ​អង្គ ពុំ​បាន​ឧទ្ទិស​ទៅ​ឲ្យ​។ ព្រះ​រាជា​ទូល​តទៅ​ទៀត​ថា តើ​ធ្វើ​ដូចម្ដេច ទើប​ពួក​ប្រេត​ទាំង​នោះ​បាន​អាហារ​បរិភោគ​?”​។ ព្រះ​ពុទ្ធ​ត្រាស់​ថា ស្អែក​ឡើង មហារាជ​ត្រូវ​ថ្វាយ​ទាន​ចំពោះ​ភិក្ខុ​សង្ឃ មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន ហើយ​ឧទ្ទិស​ថា ភន្តេ ឥតោ តេសំ បេតានំ ទិព្វន្នបានំ សម្បជ្ជតុ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ដោយ​អំណាច​ផល​ទាន​នេះ សូម​បាយ និង​ទឹក​ដ៏​ជា​ទិព្វ​នេះ សម្រេច​ដល់​ប្រេត​ទាំងឡាយ​នោះ​ចុះ“​។ ព្រឹក​ឡើង ព្រះ​រាជា​ទ្រង់​ធ្វើ​តាម​ព្រះ​ពុទ្ធដីកា​នេះ​។ ពួក​ប្រេត​ទាំង​នោះ ក៏​បាន​អាហារ​ទិព្វ​បរិភោគ​ស្កប់ស្កល់​ភ្លាម លែង​រង​ទុក្ខ​វេទនា ដូច​ពេល​មុន​ៗ​ទៀត​។  បន្ទាប់ ​មក ពួក​ប្រេត​ទាំង​នោះ ក៏​បង្ហាញ​កាយ​អាក្រាត​ននល ឲ្យ​ព្រះ​រាជា​ទត​ឃើញ​។ ព្រះ​ពិម្ពិសារ ទ្រង់​មាន​ចម្ងល់​យ៉ាង​ខ្លាំង ក៏​យាង​ទៅ​ទូល​សួរ​ព្រះ​ពុទ្ធ​ទៀត​ថា ក្នុង​ថ្ងៃ​នេះ ប្រេត​ទាំង​នោះ បាន​ទៅ​បង្ហាញ​កាយ​អាក្រាត​ឲ្យ​ទូល​ព្រះ​បង្គំ​ឃើញ“​។ ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ថា មហារាជ ពី​ម្សិលមិញ​ទ្រង់​បាន​ធ្វើ​ទាន​តែ​ចង្ហាន់​ប៉ុណ្ណោះ ហើយ​មិន​បាន​ធ្វើ​ទាន​សំពត់​ទេ, ដូច្នេះ ​បាន​ជា ពួក​ប្រេត​គ្មាន​សំពត់​ស្លៀក អាក្រាត​កាយ​យ៉ាង​នេះ​។ លុះ​ថ្ងៃ​ស្អែក​ឡើង ព្រះ​បាទ​ពិម្ពិសារ ក៏​បាន​ធ្វើ​ចីវរ​ថ្វាយ​ចំពោះ​ព្រះ​សង្ឃ មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន ហើយ​ឧទ្ទិស​ផល​ទាន​ឲ្យ​ទៅ​ប្រេត​ទាំង​នោះ​ថា ឥតោ តេសំ ទិព្វវត្ថានិ ហោន្តុ សូម ​សំពត់​ទិព្វ​ទាំងឡាយ​កើត​មាន​ដល់​ប្រេត​ទាំងឡាយ​នោះ ដោយ​ផល​ទាន​នេះ​ចុះ“​។ គ្រាន់​តែ​ឧទ្ទិស​ចប់ សំពត់​ទិព្វ ក៏​កើត​មាន​ដល់​ពួក​ប្រេត​ទាំង​នោះ​ភ្លាម មិន​តែ​ប៉ុណ្ណោះ​ប្រេត​ទាំង​នោះ ក៏​បាន​ក្លាយ​ខ្លួន​ពី​អត្តភាព​ជា​ប្រេត ទៅ​ជា​អត្តភាព​ទិព្វ ក្នុង​ខណៈ​នោះ​ឯង​។ ព្រះ​សាស្ដា​ទ្រង់​ធ្វើ​អនុមោទនា​នៅ​ពេល​នោះ ដោយ​តិរោកុឌ្ឌសូត្រ មាន​បទ​ថា តិរោកុឌ្ឌេសុ តិដ្ឋន្តិ ពួក​ប្រេត​ទាំងឡាយ​ស្ថិត​នៅ​ក្រៅ​ជញ្ជាំង​ទាំងឡាយ​ជាដើម​។ ដូច្នេះ​ហើយ​បាន​ជា ព្រះ​សង្ឃ​យើង និយម​សូត្រ​តិរោកុឌ្ឌសូត្រ​នេះ​នៅ​ក្នុង​ពិធី​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ ឬ​ក្នុង​ពិធី​ទក្ខិណានុប្បទាន​ផ្សេង​ៗ រហូត​មក​ដល់​សព្វ​ថ្ងៃ​។

-គម្ពីរ​បេតវត្ថុ
មាន​សេចក្ដី​ថា ក្នុង ​កាល​កន្លង​ទៅ​ហើយ មាន​ព្រាន​ម្នាក់​នៅ​ក្នុង​ពារាណសី តែង​ទៅ​បាញ់​សត្វ​ក្នុង​ព្រៃ​ចិញ្ចឹម​ជីវិត​រាល់​ថ្ងៃ​។ វេលា​ត្រឡប់​មក​ផ្ទះ​វិញ ពួក​ក្មេង​ៗ តែង​ចោមរោម​សុំ​សាច់​រាល់​ដង​។ ថ្ងៃ​មួយ ព្រាន​នោះ ទៅ​បាញ់​មិន​បាន​សត្វ ក៏​បេះ​ផ្កា​ត្របែក​ព្រៃ​ប្រដាប់​ខ្លួន និង​រែក​យក​មក​ផ្ទះ​ជា​ច្រើន​។ លុះ​ដល់​ទ្វារ​ភូមិ ពួក​ក្មេង​ៗ មក​សុំ​សាច់​ដូច​សព្វ​ដង​ទៀត, ព្រាន​ក៏​ចែក​ផ្កា​ត្របែក​ព្រៃ​ឲ្យ​ម្នាក់​មួយ​ស្នែង​ៗ​។លុះ ​ព្រាន​នោះ​ស្លាប់​ទៅ បាន​កើត​ជា​ប្រេត​អាក្រាត​កាយ មាន​ផ្កា​ត្របែក​ព្រៃ​ប្រដាប់​ក្បាល​ដើរ​ទៅ​ក្នុង​ទឹក សំដៅ​ទៅ​ផ្ទះ​ញាតិ​របស់​ខ្លួន​ដើម្បី​រក​អាហារ​បរិភោគ​។ វេលា​នោះ កោលិយ​អាមាត្យ ជា​អាមាត្យ​ព្រះ​បាទ​ពិម្ពិសារ ជិះ​ទូក​ទៅ​បង្ក្រាប​ការ​បះបោរ​នៅ​ស្រុក​បច្ចន្តគ្រាម ហើយ​បាន​សួរ​ប្រេត​នោះ​ដឹង​សព្វ​គ្រប់​ប្រការ ក៏​មាន​ចិត្ត​អាណិត ទើប​និយាយ​ថា សដូវ​របស់​យើង​មាន ធ្វើ​ម្ដេច​អ្នក​នឹង​បរិភោគ​បាន​?”​។ ប្រេត​ឆ្លើយ​ថា ក្នុង ​ទូក​នេះ បើ​មាន​ឧបាសក​អ្នក​តម្កល់​ខ្លួន​នៅ​ក្នុង​ត្រៃសរណគមន៍ សូម​លោក​ឲ្យ​សដូវ​ដល់​ឧបាសក​នោះ ហើយ​ឧទ្ទិស​ចំណែក​កុសល​ឲ្យ​ខ្ញុំ​ចុះ“​។ កោលិយ​អាមាត្យ​ក៏​ធ្វើ​តាម ហើយ​ប្រេត​នោះ ក៏​បាន​ទទួល​អនុមោទនា បាន​សុខសាន្ត ឆ្អែត​ស្កប់ស្កល់ លែង​រក​ទុក្ខ​លំបាក​ដោយ​ការ​ស្រេក​ឃ្លាន​ទៀត ទើប​ផ្ដាំ​ថា សូម​លោក​មេត្តា​ផ្ដល់​ប្រេត​ឯ​ទៀត​ៗ​ផង បើ​លោក​ធ្វើ​កុសល​ឯណា​នីមួយ​ហើយ សូម​ឧទ្ទិស​ចំណែក​កុសល​នោះ​ឱ្យ​ដល់​ប្រេត​ខ្លះ​ផង“​

-សាស្ត្រា​អានិសង្ស​បិណ្ឌ
មាន​សេចក្ដី​ថា ព្រះ​ដ៏​មាន​បុណ្យ​ទ្រង់​ត្រាស់​ចំពោះ​អនាថបិណ្ឌិក​សេដ្ឋី​ថា អស់ ​ម្ដាយ​ឪពុក ញាតិកា វង្សា បង​ប្អូន កូនចៅ​របស់​ជន​ទាំងឡាយ ដែល​ស្លាប់​ទៅ​អំពី​ពេល​មុន​ៗ​នោះ ទោះ​ទៅ​កើត​ទី​កន្លែង​ណា​ៗ​ក្ដី តែ​ដល់​រនោច ខែ​ភទ្របទ ដែល​គេ​រៀប​កាន់​បិណ្ឌ តែង​តែ​មក​ជួប​ជុំ​នៅ​ពេល​នោះ​។ ហេតុ​តែ​តេជះ​អានិសង្ស​នៃ​បុណ្យ ដែល​អស់​ញាតិ​សន្តាន​បាន​ធ្វើ​បាយ​បិណ្ឌ បាយ​បិត្តបូរ (បិត្បូរ) នា​ខែ​ភទ្របទ ហើយ​ឧទ្ទិស​ផល​ជូន​ទៅ​នោះ ក៏​បាន​រំដោះ​រួច​ចេញ​អំពី​នរក​ប្រេត នោះ​ហោង“​។​ រីឯ​សត្វ​​នរក​ប្រេត​ផង​ទាំងឡាយ ដែល​មក​កាន់​មនុស្ស​លោក ក្នុង​ខែ​ភទ្របទ​នេះ ប្រេត​ខ្លះ​មក​កើត​ជា​កណ្ដូប​ខ្មោច​ទំ​យំ​នៅ​ដំបូល​ផ្ទះ  ខ្លះ​ទំ​យំ​នៅ​ចុង​កាត់​ផ្ទះ ធ្នឹម​ផ្ទះ មាត់​ទ្វារ​ផ្ទះ ជើង​ជណ្ដើរ​ផ្ទះ ដើម​ឈើ​ក្បែរ​ផ្ទះ ប្រេត​ខ្លះ​មក​ដល់​ពាក់​កណ្ដាល​ផ្លូវ ខ្លះ​មក​ចំអើត​មើល​ទៅ​មក ខ្លះ​បាំង​ដៃ​មើល​មក​ពី​ចម្ងាយ ហើយ​គិត​អាណិត​អនិច្ចា​ខ្លួន​ថា ឱ​រូប​អញ​អើយ ! អភ័ព្វ​អ្វី​ម្ល៉េះ មក​កើត​ជា​ប្រេត​នរក រង​ទុក្ខ​វេទនា ទុរា​ទុរន់​ប្រមាណ​យូរ​ឆ្នាំ​ហើយ មាន​ការ​ស្រេក​ឃ្លាន​ក្រៃ​ពេក“​។ សត្វ​នរក​ប្រេត​ទាំង​នោះ កាល​ដល់​ខែ​ភទ្របទ​ហើយ តែង​តែ​បាន​រួច​រដោះ​ចាក​ទុក​ដោយ​ជន​ជា​ញាតិ​សន្តាន បាន​រៀបចំ​រណ្ដាប់​បាយ​បិណ្ឌ បាយ​បិត្តបូរ ឧទ្ទិស​ផលានិសង្ស​បញ្ជូន​ទៅ​នោះ​។ ព្រះ​ដ៏​មាន​បុណ្យ​ទ្រង់​ត្រាស់​ថា ហៃ​អនាថបិណ្ឌិក, នៅ ​ថ្ងៃ​ភ្ជុំបិណ្ឌ​នោះ ត្រូវ​ចង​រំយោល ចង​ទង់ ពិតាន​ដាស​ពាស​នូវ​រនាំង វាំងនន ជាដើម ហើយ​រៀបចំ​រណ្ដាប់​គ្រឿង​បណ្ណាការ គឺ​ទៀន ធូប ផ្កា​ភ្ញី ស្លា ម្លូ និង​គ្រឿង​គន្ធពិដោរ ព្រម​ទាំង​ផ្លែ​ឈើ​តូច​ធំ នំ ចំណី ភោជនាហារ ជន​ទាំងឡាយ​បូជា​ព្រះ​សង្ឃ, ផលានិសង្ស ​នៃ​បុណ្យ​នោះ ក៏​ជូន​ទៅ​ដល់​ជីដូន​ជីតា ម្ដាយ​ឪពុក បង​ប្អូន កូន​ចៅ ញាតិ​ផៅ​ទាំង​៧​សន្តាន​ដែល​ស្លាប់​ទៅ​កើត​ជា​ប្រេត​នរក រង​ទុក្ខ​វេទនា​នោះ ឲ្យ​បាន​សម្បត្តិ​សួគ៌ សម្បត្តិ​និព្វាន ជា​ស្ថាន​បរមសុខ​ប្រសើរ​ហោង“​ហៃ​អនាថបិណ្ឌិក, បុរស បុគ្គល​ប្រុស​ស្រី​ឯណា​នីមួយ​ៗ បើ​នឹង​រៀប​កាន់​បិណ្ឌ​នោះ ត្រូវ​អញ្ជើញ​អស់​មេបា ចាស់​ទុំ​ផង​ទាំងឡាយ​មក​អង្គុយ​វិញ ហើយ​ទុក​លង្វែក​ចន្លោះ​កណ្ដាល​ប្រមាណ​មួយ​ហត្ថ យក​ត្រី សាច់ និង​ផ្លែ​ឈើ​តូច​ធំ អន្សម នំ​គម ចេក អំពៅ ត្រាវ ដំឡូង ដូង ត្នោត ព្រម​ទាំង​គ្រឿង​បណ្ណាការ​ផង គឺ​យក​ទៀន ធូប ផ្កា​ភ្ញី ស្លា​ម្លូ ប្រេង ម្សៅ មក​បូជា​ព្រះ​រតនត្រ័យ ហើយ​សុំ​ស្មារលា​ទោស​អំពី​មេបា ចាស់​ទុំ ដ្បិត​ប្រេត​នោះ​ផ្ដាំ​មក​ថា ឲ្យ​អស់​ញាតិកា មេបា ចាស់​ទុំ ជីដូន​ជីតា ម្ដាយ​ឪពុក បង​ប្អូន កូន​ចៅ ស្មារលា​ទោស​ឲ្យ​ផង កុំ​ឲ្យ​មាន​វេរា​កម្ម​តាម​ទៅ​ឡើយ​។បើ​ក្នុង​ខែ​ភទ្របទ​នោះ មិន​មាន​អ្នក​ណា​រៀប​រណ្ដាប់​បាយ​បិណ្ឌ បាយ​បិត្តបូរ​បូជា​ព្រះ​រតនត្រ័យ បញ្ជូន​ផល​ទៅ​ទេ, អស់​ប្រេត​នរក​អម្បាល​នោះ ក៏​អត់​បាយ អត់​ទឹក ស្រេក​ឃ្លាន រង​ទុក្ខ​វេទនា​ក្រៃពេក, ម៉្លោះ ​ហើយ ប្រេត​ទាំង​នោះ ក៏​ជេរ​ប្រទេច​ផ្ដាសា មក​ញាតិកា​ទាំងឡាយ ឲ្យ​ហិនហោច​ទ្រព្យ​សម្បត្តិ ព្រាត់​ប្រាស​ឪពុក ប្ដី​ប្រពន្ធ កូន ចៅ ញាតិ​ផៅ​ទាំង​៧​សន្តាន ជាដើម“​

-សាស្ត្រា​វិជ្ជាធរ
មាន​សេចក្ដី​ថា៖មាន ​ព្រះ​មហា​ថេរ​មួយ​អង្គ ឈ្មោះ​ព្រះ​ឧបគុត្តត្ថេរ បាន​ហោះ​ជ្រែក​ក្រឡាប្រឹថពី​ទៅ​កាន់​ស្ថាន​នរក​។ ដោយ​អំណាច​ឫទ្ធិ​របស់​លោក មាន​ផ្កា​ឈូក​មាស​ប៉ុន​កង់​រាជរថ​ផុស​ឡើង​ទទួល​ព្រះ​បាទ​លោក​។ លោក​ក៏​គង់​ពែន​លើ​ផ្កា​ឈូក​នោះ​អណ្ដែត​លើ​ពពួក​នរក​។ ហេតុ​តែ​អានុភាព​ព្រះ​ថេរៈ ពួក​សត្វ​នរក​បាន​ដក​ដង្ហើម​ចេញ​ចូល​ស្រួល​ពេក​នោះ ទើប​នាំ​គ្នា​សំពះ​ព្រះ​ថេរៈ​។ ព្រះ​ថេរៈ​មាន​ព្រះ​ទ័យ​ករុណា ក៏​សម្ដែង​ធម៌​ឲ្យ​ពួក​នរក​នោះ​ស្ដាប់​។ លុះ​បាន​ស្ដាប់​ធម៌​ហើយ ក៏​បាន​ផ្ដាំ​នឹង​ព្រះ​ថេរៈ​ថា បពិត្រ​ព្រះ​មហា​ថេរ ! បើ ​ព្រះ​ករុណា និមន្ត​ត្រឡប់​ទៅ​កាន់​មនុស្ស​លោក​វិញ សូម​មេត្តា​ប្រាប់​ឪពុក​ម្ដាយ បង​ប្អូន កូន​ចៅ ញាតិ​ផៅ​សន្តាន​របស់​យើង​ខ្ញុំ មាន​ឈ្មោះ​ដូច្នេះ​ៗ នៅ​ស្រុក​ឈ្មោះ​នេះ​ៗ សូម​ឲ្យ​អាសូរ​ករុណា​ដល់​យើង​ខ្ញុំ ធ្វើ​បុណ្យ ឲ្យ​ទាន ឧទ្ទិស​ផល​ទៅ​ឲ្យ​យើង​ខ្ញុំ​ផង“​
កាល ​ព្រះ​ឧបគុត្តត្ថេរ ទទួល​បណ្ដាំ​ពី​ពួក​នរក​ហើយ ក៏​ហោះ​មក​កាន់​មនុស្ស​លោក​វិញ ហើយ​បាយ​ចូល​ទៅ​ថ្វាយ​ព្រះ​ពរ​ព្រះ​មហា​ក្សត្រ​មួយ​អង្គ​។ ព្រះ​មហា​ក្សត្រ ទ្រង់​នាំ​នាម៉ឺន​សព្វ​មុខ​មន្ត្រី សេដ្ឋី គហបតី និង​អ្នក​នគរ​ជា​ច្រើន​នាក់ ចូល​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​ពុទ្ធ​ដ៏​មាន​បុណ្យ​ថា បពិត្រ ​ព្រះ​ដ៏​មាន​បុណ្យ​ប្រសើរ​អើយ បើ​គ្រូ​បាធ្យាយ ម្ដាយ​ឪពុក បង​ប្អូន កូន​ចៅ ញាតិ​មិត្ត របស់​យើង​ខ្ញុំ អ្នក​ខ្លះ​មិន​បាន​ធ្វើ​បុណ្យ​ឲ្យ​ទាន រក្សា​សីល​ឡើយ, ធ្វើ​តែ​អំពើ​បាប, លុះ​អស់​អាយុ ទៅ​កើត​ក្នុង​នរក រង​ទុក្ខ​វេទនា, អស់ ​យើង​ខ្ញុំ​ជា​បង​ប្អូន កូន​ចៅ នៅ​ឯ​ក្រោយ តើ​នឹង​ត្រូវ​ធ្វើ​អំពើ​បុណ្យ​ដូចម្ដេច ទើប​ឧទ្ទិស​ផល​ជូន​ទៅ​សត្វ​នរក​ទាំង​នោះ ឲ្យ​រំដោះ​ចាក​ទុក្ខ​បាន“​
ព្រះ ​ដ៏​មាន​បុណ្យ​ទ្រង់​ត្រាស់​តប​ថា បើ​មហារាជ​ចង់​ធ្វើ​អំពើ​បុណ្យ កុសល​ឧទ្ទិស​ផល​ជូន​ទៅ​សត្វ​នរក​ទាំង​នោះ​ឲ្យ​រំដោះ​រួច​មក ត្រូវ​ធ្វើ​ដូច្នេះ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​១​រោច ខែ​ភទ្របទ​ទៅ ត្រូវ​ធ្វើ​បាយ​បិណ្ឌ បាយ​បិត្តបូរ​រាល់​ថ្ងៃ ហើយ​ត្រូវ​ធ្វើ​អង្គ​ព្រះ​ពុទ្ធរូប​១​អង្គ ១​ថ្ងៃ ដរាប​ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ​នោះ​ឯង ត្រូវ​ចង​ពិតាន ពាស​រនាំង វាំងនន ក្រាល​កម្រាល ត្រូវ​សមាទាន​សីល ឲ្យ​បរិសុទ្ធ​ប្រាកដ ត្រូវ​បោស​សំអាត​វត្ត​អារាម ព្រះ​វិហារ ត្រូវ​រៀប​រណ្ដាប់​គ្រឿង​បណ្ណាការ មាន​ផ្កា ភ្ញី គន្ធពិដោរ ជាដើម ហើយ​និមន្ត​ព្រះ​គម្ដែង​សង្ឃ​ដ៏​ទ្រង់​សីល​បរិសុទ្ធ សូត្រ​ធម៌​មហា​សម័យ ត្រូវ​ប្រកាស​បួងសួង​អញ្ជើញ​គ្រូ​បាធ្យាយ ម្ដាយ​ឪពុក បង​ប្អូន ញាតិកា ដែល​ចែក​ស្ថាន​ទៅ​ហើយ​ទាំង​ប៉ុន្មាន មួយ​អន្លើ​ដោយ​ទេវតា ហើយ​ត្រូវ​និមន្ត​លោក​ទេសនា​សាស្ត្រា​វិជ្ជាធរ​ជាតក ក្នុង​យប់​នោះ​។
លុះ ​ព្រឹក​ឡើង ត្រូវ​ធ្វើ​បាយ​បិណ្ឌ បាយ​បិត្តបូរ មាន​ទាំង​ចង្ហាន់ ផ្លែ​ឈើ និង​សរពើ​ភោជនាហារ​ផង ផ្គូផ្គង​រណ្ដាប់ អង្គាស​ដាក់​បាត្រ​ព្រះ ឧទ្ទិស​ផល​ជូន​ទៅ​ដល់​ពួក​អស់​សព្វ​សត្វ​ប្រេត​នរក​ទាំង​នោះ“​
ដោយ ​អានុភាព​នៃ​អំពើ​កុសល​ផល​បុណ្យ​នោះ សត្វ​នរក​ផង​ទាំងឡាយ នឹង​បាន​រដោះ​ចេញ​ពី​ទុក្ខ​ភ័យ ឰដ៏​កាល​នោះ បាន​ទៅ​កើត​ឰដ៏​ស្ថាន​សួគ៌​ទេវលោក​នាយ ហើយ​សឹង​ឲ្យ​ពរ​សព្ទសាធុការ​មក​ញាតិ​សន្តាន ដែល​បាន​ធ្វើ​បុណ្យ​ឲ្យ​ទាន ឧទ្ទិស​ស្មោះ​ចំពោះ​ជូន​ទៅ​នោះ អើយ​កើត​សុខ​សួស្ដី ទីឃាយុ​យឺនយូរ ទីទៃ​ៗ ឰដ៏​កាល​នោះ​ហោង“​

សេចក្ដី​សង្កេត
គម្ពីរ ​ធម្មបទ និង​គម្ពីរ​បេតវត្ថុ ពុំ​បាន​បញ្ជាក់​កាល​បរិច្ឆេទ​នៃ​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​ខ្មែរ​ទេ​។ រី​ឯ​សាស្ត្រា​អានិសង្ស​បិណ្ឌ និង​សាស្ត្រា​វិជ្ជាធរ បាន​កំណត់​កាល​បរិច្ឆេទ​ច្បាស់លាស់ គឺ​ពី​ថ្ងៃ​១​រោច ខែ​ភទ្របទ ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ​។

គម្ពីរ​មិលិន្ទប្បញ្ហា បញ្ជាក់​ថា៖ប្រេត​មាន ៤​ពួក​គឺ
-ឧតូបជីវី ពួក​ប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយ​ខ្ទុះ​ឈាម,
-ខុប្បបាសិក ពួក​ប្រេត​ដែល​ស្គាល់​តែ​ទុក្ខ​វេទនា​ដោយ​ការ​ស្រេក​ឃ្លាន​ជានិច្ច,
-និជ្ឈាមតណ្ហិក ពួក​ប្រេត​ដែល​ភ្លើង​ឆេះ​ជានិច្ច,
-បរទត្តូបជីវី ពួក​ប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយ​ផល​ទាន ដែល​គេ​ឧទ្ទិស​ឲ្យ​។
បណ្ដា ​ពួក​ប្រេត​ទាំង​៤​ពួក​នេះ មាន​តែ​ពួក​ប្រេត​ទី​៤​ទេ ដែល​គេ​ឧទ្ទិស​ជូន​ទៅ​ហើយ​ទទួល​យក​បាន ដូចជា​ពួក​ប្រេត​ជា​ញាតិ របស់​ព្រះ​បាទ​ពិម្ពិសារ​នោះ​ជាដើម​។ គម្ពីរ​ធម្មបទ ជា​អដ្ឋកថា ភាសា​បាលី សរសេរ​ឡើង​ដោយ​ព្រះ​ធម្មបាល​។ សាស្ត្រា​វិជ្ជាធរ និង​សាស្ត្រា​អានិសង្ស​បិណ្ឌ គ្មាន​ឈ្មោះ​អ្នក​និពន្ធ ហើយ​មិន​ដឹង​ជា​សរសេរ​ក្នុង​ពុទ្ធ​សតវត្ស​ទី​ប៉ុន្មាន​ឡើយ​។ការ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ ក៏​ពុំ​ដឹង​ជា​គេ​ផ្ដើម​ឡើង​ក្នុង​រជ្ជកាល​ស្ដេច​អង្គ​ណា​? ក្នុង​ពុទ្ធ​សករាជ ឬ​គ្រិស្តសករាជ​ប៉ុន្មាន​ដែរ ប៉ុន្តែ​ក្នុង​ព្រះ​រាជ​ពង្សាវតារ​ក្រុង​កម្ពុជា រជ្ជកាល​ព្រះ​បាទ​អង្គដួង.ស ១៨៤៨–១៨៥៩ មាន​បញ្ជាក់​សេចក្ដី​បន្តិច​ថា ថ្ងៃ​១​រោច ខែ​ភទ្របទ កាន់​បិណ្ឌ​ក្នុង​ព្រះ​បរម​រាជវាំង ថ្ងៃ​១៤​រោច ខែ​ភទ្របទ ព្រះ​រាជា​ចេញ​ថ្វាយ​ព្រះ​បិតរ, ថ្ងៃ​១៥​រោច ខែ​ភទ្របទ ទេសនា​គាថា​ពាន់​ប៉ុណ្ណោះ​។
អ្នក ​ប្រាជ្ញ​ពុទ្ធសាសនា​ខ្លះ យល់​ថា​បុណ្យ​កាន់​បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ របស់​ខ្មែរ​នេះ មាន​ប្រភព​ចេញ​ពី​គម្ពីរ​ព្រះ​ពុទ្ធសាសនា មាន​គម្ពីរ​ធម្មបទដ្ឋកថា និង​គម្ពីរ​បេតវត្ថុ​នេះ​ជាដើម​។ រី​សាស្ត្រា​វិជ្ជាធរ​ក្ដី សាស្ត្រា​អានិសង្ស​បិណ្ឌ​ក្ដី ក៏​មាន​ប្រភព​ចេញ​ពី​គម្ពីរ​ពុទ្ធសាសនា​ដែរ គ្រាន់​តែ​អ្នក​ប្រាជ្ញ​ខ្មែរ​យើង​យក​មក​ច្នៃ​ប្រឌិត សម្របសម្រួល​ទៅ​តាម​លក្ខណៈ​ពិសេស​របស់​ទឹកដី និង​ប្រជាជន​ខ្មែរ​ប៉ុណ្ណោះ​។  ទោះបី​យ៉ាង​ណា​ក៏​ដោយ ក៏​គម្ពីរ សាស្ត្រា ដែល​លើក​យក​មក​បង្ហាញ​ខាង​លើ​នេះ មាន​គោល​បំណង​ដូច​គ្នា
-បង្ហាញ​ពី​ទស្សនៈ​ពុទ្ធសាសនា ស្ដីពី​ទក្ខិណានុប្បទាន​ដែល​ធ្វើ​ឡើង សម្រាប់​អ្នក​ស្លាប់​ទៅ​ហើយ​។
-
ដើម្បី ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ព្រះ​សង្ឃ ក្នុង​ការ​ស្វែង​រក​បិណ្ឌបាត ព្រោះ​រយៈ​ពេល​នេះ អាកាសធាតុ​អាប់អួ ផ្ទៃ​មេឃ​ក្រាស់​ដោយ​ពពក ភ្លៀង​ធ្លាក់​រលឹម​ជាប់​។
-
បង្ហាញ ​ពី​មនោសញ្ចេតនា​របស់​គ្រួសារ​ខ្មែរ ដែល​តែង​តែ​មាន​ផ្នត់​សម្ពន្ធភាព​យ៉ាង​ស្អិត​ល្មួត​រវាង​គ្នា​និង​គ្នា ទោះបី​ជា​អ្នក​មួយ​ក្នុង​គ្រួសារ ត្រូវ​បាត់បង់​ជីវិត​ទៅ​ហើយ​ក៏​ដោយ ក៏​ពុំ​អាច​រលុប ភ្លេច​បាន​ដែរ​។
រៀបចំ​ដោយ វិទ្យាស្ថានពុទសាសនបណ្ឌិត្យ
-
ម៉ែន ប្រាង
-
អាំ ឆន

0 comments:

Post a Comment

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់
សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
កូរ៉េខាងត្បូង
ជម៉ុន
និងប្រទេសជាច្រើនទៀត

Cheap Women's Clothes 6000+ Style low to $93000+ unlocked Cell Phone. Low Price $29 up+ Free Shipping6000+ Gadgets at Bargain Price @everbuying.com

Buddhist Books

Popular Posts

Cambodian Temple

Total Pageviews